ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​គប្បី​យល់​ពី​បញ្ហា​សុក​ពាំង​មាត់ស្បូន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដកស្រង់​ប្រសាសន៍​កញ្ញា​វេជ្ជបណ្ឌិត លី ឈី​អៀង ឯកទេស​សម្ព​ព​រោគ​ស្ត្រី និង​អេកូ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ធ្វើការ​កត់​សម្គាល់ថា ជា​ទូទៅ​ទីតាំង​របស់​សុក​តាម​ធម្មតា

រាជធានី​ភ្នំពេញ ៖ ដកស្រង់​ប្រសាសន៍​កញ្ញា​វេជ្ជបណ្ឌិត លី ឈី​អៀង ឯកទេស​សម្ព​ព​រោគ​ស្ត្រី និង​អេកូ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ធ្វើការ​កត់​សម្គាល់ថា ជា​ទូទៅ​ទីតាំង​របស់​សុក​តាម​ធម្មតា គឺ​ស្ថិត​នៅ​កំពូល​នៃ​ស្បូន ឬ​មុខ​ចំហៀង​នៃ​ស្បូន និង​ឆ្ងាយ​ពី​មាត់ស្បូន ។ សុក​ពាំង​មាត់ស្បូន គឺជា​ការ​តាំងនៅ​របស់​សុក​នៅ​នឹង​មាត់ស្បូន ឬ​ក្បែរ​មាត់ស្បូន ។ អត្រា​នៃ​សុក​ពាំង​មាត់ស្បូន​មាន​ពី​0,9​ទៅ​2,6% នៃ​ផ្ទៃពោះ និង​ការ​បង្ហាញ​ក្នុង​ទម្រង់​ធ្លាក់ឈាម​ពេល​មាន​ផ្ទៃពោះ (Forme hémorragique) មាន​ពី 0,28 ទៅ 0,50 % ។

ក​-​តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​នេះ? គេ​ពុំ​រក​ឃើញ​មូលហេតុ​ពិតប្រាកដ​ណាមួយ ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​នេះ​ទេ ប៉ុន្តែ​មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ឱ្យ​សុក​នៅ​ទីតាំង​ខុស​ប្រក្រតី ។

កត្តា​នោះ​មាន​ដូច​ជា​៖
-​ប្រវត្តិ​សុក​ពាំង​មាត់ស្បូន Antécédents de placenta praevia
– ម្តាយ​មានកូន​ច្រើន (Multiparité)
– ម្តាយ​មាន​អាយុ​ច្រើន (Age maternel avancé)
-​ប្រវត្តិ​វះកាត់​កូន​លើក​មុន (Antécédents de césarienne)
-​ប្រវត្តិ​បូម​សំអាត​កូន Antécédents d’aspiration endo-utérine (​ការ​រលូត ឬ​ការ​រំលូតកូន​)
-​ប្រវត្តិ​រលាក​ភ្នាស​ក្នុង​នៃ​ស្បូន (Antécendents d’endométrites)
-​កូនភ្លោះ​ពីរ​ឬ​ច្រើន (Grossesses multiples)
-​ដុំ​ស្បូន (Fibrome sous-muqueux) ភាព​មិន​ប្រក្រតី​នៃ​ស្បូន (Maformation utérine)
-​បារី (Tabac)

ខ​-​តើ​មាន​រោគ​សញ្ញា​គ្លីនិក និង​អម​គ្លីនិក អ្វីខ្លះ ដែល​អាច​បញ្ជាក់​ថា ស្ត្រី​មាន​សុក​ពាំង​មាត់ស្បូន? ពេល​ខ្លះ​ស្ត្រី​អាច​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ និង​រក​ឃើញ​ដោយ​ចៃដន្យ​ពេល​ធ្វើ​អេកូ​ផ្ទៃពោះ ។

ករណី​ខ្លះ​អាច​ស្តែង​ចេញ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ខាងក្រោម​៖
-​ការ​ធ្លាក់ឈាម​ភ្លាម​ៗ ពណ៌​ក្រហម​ស្រស់ និង​ជា​ទូទៅ​កើត​មាន​ច្រើន​ដង​ពេល​ពពោះ (Hémorragie récidivante) ហើយ​ពុំ​មានការ​ឈឺពោះ (Indolores) ។
-​អាច​ឱ្យ​ស្ត្រី មាន​ភាពស្លេកស្លាំង ជីពចរ​ដើរ​ញាប់ សំពាធ​ឈាម​ទាប ក្នុង​ករណី​មានការ​ធ្លាក់ឈាម​ច្រើន ។
-​អាច​មានការ​កន្ត្រាក់ ឬ​ចំកោង​ស្បូន​ចុក​រោយ​ចង្កេះ
-​ស្ត្រី​ពុំ​មាន​ប្រវត្តិ​លើសឈាម​ពេល​ពពោះ
-​អេកូ​ផ្ទៃពោះ អាច​បញ្ជាក់​ច្បាស់​ពី​ទីតាំង​របស់​សុក ទម្រង់​កូន សុខភាព​កូន
-​ការ​តាមដាន​ចង្វាក់បេះដូង​កូន (Monitoring foetal) ដើម្បី​ដឹង​ពី​ស្ថានភាព​របស់​កូន ។

គ​-​តើ​មានការ​ព្យាបាល​ដូច​ម្តេច​ខ្លះ?
១-​ក្នុង​ករណី​ពុំ​មានការ​ធ្លាក់ឈាម​ក្នុង​ពេល​អំឡុង​ពពោះ
-​ស្ត្រី​ត្រូវ​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ឱ្យ​បាន​ទៀងទាត់ និង​ពិនិត្យ​អេកូ​ផ្ទៃពោះ តាម​ការ​ណាត់ជួប​របស់​វេជ្ជបណ្ឌិត
-​ស្ត្រី​ត្រូវ​សម្រាក​ឱ្យ​បាន​ច្រើន ជៀសវាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ
-​ស្ត្រី​ត្រូវ​ត្រៀមខ្លួន​ក្នុង​ការ​វះកាត់​យក​កូន​ពេល​ផ្ទៃពោះ​គ្រប់​ខែ ប្រសិនបើ​សុក​ពាំង​ចំ​មាត់ស្បូន​ឬ​ចំ​ផ្នែក​ខ្លះ​នៃ​មាត់ស្បូន​។
-​ស្ត្រី​ត្រូវ​មក​មន្ទីរពេទ្យ​ជា​បន្ទាន់​ប្រសិនបើ​មានការ​ធ្លាក់ឈាម​ឬ​មានការ​កន្ត្រាក់​នៃ​ស្បួ​ន​។

២-​ក្នុង​ករណី​មានការ​ធ្លាក់ឈាម
-​ស្ត្រី​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ (Hospitalisation)
-​ជៀសវាង​ការ​ធ្វើ​ចលនា (Repos strict au lit)
-​តាមដាន​សម្ពាធ​ឈាម ជីពចរ និង​ការ​ធ្លាក់ឈាម​របស់​ម្តាយ
-​តាមដាន​ចង្វាក់បេះដូង​កូន​និង​ការ​កន្ត្រាក់​របស់​ស្បូន (monitoring fœtal)
-​ប្រើ​ថ្នាំ​បញ្ឈប់​ការ​កន្ត្រាក់​របស់​ស្បូន និង​ប្រើ​ថ្នាំ​បន្ទុំ​សួត​កូន ក្នុង​ករណី​ផ្ទៃពោះ​អាយុ​តិច​ជាង​៣៤​ស​ប្តា​ហ៍
-​ត្រៀម​វះកាត់​យក​កូន (Césarienne programmée) ពេល​ផ្ទៃពោះ​គ្រប់​ខែ
-​ប្រសិនបើ​ស្ត្រី​ធ្លាក់ឈាម​ខ្លាំង ឬ​កូន​ខ្សោយ ត្រូវ​ធ្វើការ​វះកាត់​យក​កូន​ជា​បន្ទាន់ (Césarienne en urgence) ។

ឃ​-​អនុសាសន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​សុក​ពាំង​មាត់ស្បូន គឺជា​ជំងឺ​មួយ​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ម្តាយ​និង​កូន ដោយ​ស្ត្រី​អាច​ប្រឈម​នឹង​ការ​ធ្លាក់ឈាម​ធ្ងន់ធ្ងរ​ភ្លាម​ៗ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត ឬ​បង្ក​ឱ្យ​មាន​ភាពស្លេកស្លាំង​ខ្លាំង និង​មានការ​បង្ក​រោគ ព្រមទាំង​សម្រាល​បុត្រ​មិន​គ្រប់​ខែ ។

ក្នុង​ករណី​ស្ត្រី​មាន​រោគ​សញ្ញា​ណាមួយ​ដូច​រៀបរាប់​ខាងលើ ស្ត្រី​ត្រូវ​តែ​រួសរាន់​មក​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល​ឱ្យទាន់​ពេលវេលា​តាម​បច្ចេកទេស ជា​ពិសេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​មាន​ទាំង​គ្រូពេទ្យ​ជំនាញ និង​ឧបករណ៍​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​សង្គ្រោះ​ម្តាយ និង​ទារក ៕