ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ ខ្សែបម្រើ និង​ខ្សែប្រយុទ្ធ​ឆ្នើម ឃី​ម បូ​រី មិន​ស្ដាយ ក្រោយ​ប្រកាស​បញ្ចប់​អាជីព

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ខណៈ​ដែល​មានការ​រំពឹង​ថា កីឡាករ​ជើង​ចាស់ គឺ ឃី​ម បូ​រី ដែល​អាច​លេង​បាន​ទាំង​តំណែង​ខ្សែ

​រាជធានីភ្នំពេញ ៖ ខណៈ​ដែល​មានការ​រំពឹង​ថា កីឡាករ​ជើង​ចាស់ គឺ ឃី​ម បូ​រី ដែល​អាច​លេង​បាន​ទាំង​តំណែង​ខ្សែ ការពារ​បម្រើ និង​ប្រយុទ្ធ នឹង​អាច​ត្រលប់​មក​វិញ ក្រោយ​ប្រកាស​លាឈប់ ព្រោះតែ​អារម្មណ៍​សោកស្ដាយ​នោះ កីឡាករ រូប​នេះ បែរជា​អះអាង​ថា មិន​ត្រឡ​ប់​មក​វិញ​នោះ​ទេ ហើយ​ក៏​មិន​ស្ដាយក្រោយ​ការ​សម្រេចចិត្ត​នេះ​ដែរ​ ។​ អតីត​កីឡាករ ដែល​បាន​មក​កាន់​តួនាទី​ជា​គ្រូបង្វឹក​របស់​ក្លិប​ណា​ហ្គា​វើ​ល​ដ៍​ជា​ជំនួស​វិញ​រូប​នេះ លោក​ថា​ខ្លួន​ចាស់​ហើយ ហើយ​ក៏​ចង់​ទុក​ពេល​អោយ​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ ទើប​លោក​សម្រេចចិត្ត​ឈប់​លេង ហើយ​សុខ​ចិត្ត​ដើរ​ជា​អ្នក​បង្វឹក​វិញ បើ​ទោះជា​នៅ​តែ​មានការ​លើកទឹកចិត្ត​អោយ​លោក​បន្ត​ចូល​តារាង​បាល់​។

លោក ឃី​ម បូ​រី បាន​អះអាង​ថា អ្នកលេង​បាល់ទាត់ គឺ​តែងតែ​នឹក​ចង់​ចូល​តារាង​បាល់ និង ចង់​បញ្ចេញ​សមត្ថភាព​ជាក់ស្ដែង ប៉ុន្តែ​លោក​គិត​ថា បើ​ទោះ​វ័យ​នៅ​លេង​បាន ក៏​លោក​ឆ្អែតឆ្អន់​នឹង​អាជីព​ជា​កីឡាករ​ដែរ គឺ​លោក​សុំ​ដើរតួ​ជា​គ្រូបង្វឹក​ដូច​សព្វថ្ងៃ​សប្បាយចិត្ត​ជាង​។ លោក​បាន​ក្លាយជា​គ្រូបង្វឹក​របស់​ក្លិប​ណា​ហ្គា​វើ​ល​ដ៍ ដែល​មាន​ន័យ​ថា ឃី​ម បូ​រី បាន​ព្យួរ​ស្បែកជើង​មាស​របស់​ខ្លួន ក្នុង​នាម​ជា​កីឡាករ​ល្អ ដើម្បី​មក​កាន់​​តួនាទី​ជា​គ្រូ​បង្គោល​ក្រុម​ធំ​ណា​ហ្គា​វើ​ល​ដ៍​វិញ​ម្តង​។

ឃី​ម បូ​រី នឹង​រ៉ាប់រង​ទៅ​លើ​ការ​បង្វឹក និង​ការ​រៀបចំ​ក្រុម​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ដោយ​ផ្ទាល់​តែ​ម្តង បន្ទាប់​ពី​ទទួល​តំណែង​ថ្មី​នេះ​។ ទោះបីជា​យ៉ាងណា ដោយ​សារ ឃី​ម បូ​រី មិន​ទាន់​មាន​អាជ្ញាប័ណ្ណ (License) ស្រប​ទៅ​តាម លក្ខន្តិកៈ​បាន​កំណត់​នៃ​លី​គ​កំពូល​កម្ពុជា ដោយ​កំណត់​ឱ្យ​គ្រូ​បង្គោល​ទាប​បំផុត ត្រូវ​មាន​អាជ្ញាប័ណ្ណ A-License នោះ​គឺ​ក្លិប​ណា​ហ្គា​វើ​ល​ដ៍បា​ន​ចាត់តាំង លោក Jose Alves Borges ដែល​ជា​នាយក​បច្ចេក​ទេស​ឱ្យធ្វើ​ជា​គ្រូ​បង្គោល តំណាង​ក្លិប​សិន ។

ឃី​ម បូ​រី បន្ត​ថា លោក​មិន​ស្ដាយ​សម្រាប់​ការ​បោះបង់​ទេ ហើយ​លោក​រំពឹង​ថា តួនាទី​ថ្មី ដែល​លោក​បាន​ទទួល នឹង​អាច​ជួយ​វិស័យ​បាល់ទាត់ ជា​ពិសេស​គឺ​ក្មេង​ៗ​ជំនាន់​ក្រោយ​ក្នុង​ក្រុម​នោះ​ផង​។ អតីត​កីឡាករ​ធ្លាប់​លេង​ឱ្យ​ក្រុម ក្រសួងការពារជាតិ​ភ្នំពេញ​ក្រោ​ន និង​ណា​ហ្គា​វើ​ល​ដ៍​រូប​នេះ​ក៏​ធ្លាប់​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ថៃ​បាន​ម្តង ដោយ​លេង ឱ្យ​ក្លិប Sisaket FC ផង​ដែរ មុន​ពេល​សម្រេចចិត្ត​ឈប់​ធ្វើ​កីឡាករ​។

លោក​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ៖ « រយៈពេល​១៧​ឆ្នាំ ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់ ឥឡូវ​ដល់ ពេល​ដែល​ត្រូវ​ព្យួរ​ស្បែក​ហើយ ។ នេះ​ជា​ពេលវេលា​មួយ​ដែល​ត្រូវ​ចាប់ផ្តើម ធ្វើ​ដំណើរ​ផ្លូវ​មួយ​ដ៏​សែន​លំបាក​ពី​ចំណុចសូន្យ ឡើង​ទៅ ដែល​ត្រូវការ​ពេលវេលា​មនុស្ស​ជុំវិញ​ខ្លួន​ជួយ​ជ្រោមជ្រែង និង​ផ្តល់​យោបល់ ពីព្រោះ​បាល់ទាត់ យើងមិន​អាច​ធ្វើ​ម្នាក់ឯង​បាន​ដោយ​ជោគជ័យ​នោះ​ទេ » ។

ជាមួយ​គ្នា​នេះ ក្លិប​ណា​ហ្គា​វើ​ល​ដ៍ បាន​ដាក់​គោលដៅ​ចង់​ឈ្នះ​គ្រប់ការ​ប្រកួត ដើម្បី​ដណ្តើម​យក​តំណែង​ជើងឯក ដើម្បី​អាច​​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​តំណាង​ឱ្យ​កម្ពុជា ប៉ុន្តែ​ណា​ហ្គា​នៅ​តែ​បន្ត​ប្រើ​កីឡាករ បរទេស​ត្រឹម​៤​នាក់​ដដែល ដោយ​ក្នុង​នោះ​មាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Cristian Roque, DA CRUZ GUARDLANO ELIEL កីឡាករ​ជប៉ុន Fumiya Kogure និង​ខ្សែការពារ​របស់​អេ​ស្ប៉ា ញ Manuel Herrera Lopez ។

លោក​រ៉ៃ វិក​ទ័​រ អ្នកតំណាង​ក្រុម បាន​និយាយ​ថា នៅ​ក្នុងការ​បង្ហាញ​ឡូ​ហ្គោ​ថ្មី​នៃ​លី​គ​កំពូល​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ថា ៖ « ការ​ត្រៀមខ្លួន​របស់​យើង​តែងតែ​ចង់​ទទួល​បាន​លទ្ធផល​ល្អ ហើយ​គោលបំណង​ធំ​បំផុត គឺ​ចង់​ទទួល​បាន​ឱកាស​ទៅ​លេង​នៅ​ក្រៅ​ប្រទេស និង​ចង់​ឈ្នះ​ការ​ប្រកួត ហើយ​សម្រាប់​ឆ្នាំ​នេះ យើង​សង្ឃឹមថា កីឡដ្ឋាន​ថ្មី​របស់ យើង​នៅ​ខេត្តកំពង់ស្ពឺ នឹង​អាច​បើក​ជា​ផ្លូវការ ដើម្បី​ទទួល​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា​បាន​លេង​កាន់​តែ​មាន​ភាព ទាក់ទាញ​ជាង​មុន ជាមួយ​អ្វី​ដែល​យើង​បាន​រៀបចំ​ក្នុង​ក្រុម​របស់​យើង » ។ ដោយសារ​ចង់​ឃើញ​ក្រុម​កាន់តែ​មាន​លទ្ធផល​នេះ​ហើយ ទើប​ក្រុម​សម្រេចចិត្ត​តំឡើង​កីឡាករ​ល្អ​ម្នាក់ អោយ​ក្លាយជា​គ្រូបង្វឹក​វិញ​។

អ្នកចាត់ការ ទូទៅ លោក​រ៉ៃ វិក​ទ័​រ បាន​និយាយ​បន្ថែម​ថា ៖ «សម្រាប់​ទិស​ដៅ​ប្រជែង​យក​តំណែង​ជើងឯក នៅ​រដូវ កាល​នេះ យើង​ទុក​ឱ្យ​ការ​ប្រកួត​ជា​អ្នក​សម្រេច ប៉ុន្តែ​ក្រុម​របស់​យើង​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ហើយ យើងសូម​ប្រាប់ ទៅ​ក្រុម​៧​ផ្សេង​ទៀត​ថា យើង​បាន​រៀបចំ​ខ្លួន ដោយ​យើង​នឹង​មិន​ឱ្យ​ក្រុម​ណា​មួយ​ឈ្នះ​យើង ឬ​មានការ​ប្រកួត ជាមួយ​យើង ដោយ​ងាយស្រួល​នោះ​ទេ »​។ ការ​ប្រកាស​នេះ​ក៏​ធ្វើ​អោយ​ហ្វេ​ន​ៗ​អស់ចិត្ត​ផង​ដែរ ព្រោះ​អាច​ដឹង​ថា ឃី​ម បូ​រី នឹង​មិន​ត្រឡ​ប់​មក​ធ្វើ​កីឡាករ​វិញ​ទេ ហើយ​លោក​ក៏​គ្មាន​ការ​ស្ដាយក្រោយ​ដែរ ក្រោយ​ពេល​ក្លាយជា​គ្រូបង្វឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ