ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN​ប្ដូរ​រូបមន្ត​ប្រកួត​ខ្សែក្រវាត់​គោ​ជល់​ដោយ​អត់​មាន​កីឡាករ​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN បាន​កែប្រែ​រូបមន្ត​ប្រកួត​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៨ សីហា ស​ប្ដា​ហ៍​នេះ​តទៅ ដោយ​មាន​តែ​កីឡាករ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN បាន​កែប្រែ​រូបមន្ត​ប្រកួត​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៨ សីហា ស​ប្ដា​ហ៍​នេះ​តទៅ ដោយ​មាន​តែ​កីឡាករ​កម្ពុជា​ប៉ុណ្ណោះ​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​មិន​មាន​វត្តមានកីឡាករ​ថៃ​ដូច​ការ​ប្រកាស​នៅ​ថ្ងៃ​បើក​ឆាកប្រកួត​នោះ​ទេ ។

កាលពី​ថ្ងៃ​បើក​ឆាក​ដំបូង គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ឱ្យ​ដឹង​ពី​រូបមន្ត​ប្រកួត​គឺ​ចម្រាញ់​យក​កីឡាករ​កម្ពុជា​១​រូប និង​ថៃ​១​រូប​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែ​ដោយសារ​កីឡាករ​ថៃ​ស្ទើរតែ​ទាំងអស់​មាន​របួស​បោះបង់​ចោលការ​ប្រកួត ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្លាស់​ប្ដូរ​រូបមន្ត​ប្រកួត​ភ្លាម​ៗ ដោយ​មាន​តែ​កីឡា​កម្ពុជា និង​កម្ពុជា​ប៉ុណ្ណោះ​ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។

នៅ​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ​កីឡាករ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​ទាំង​ពីរ​រូប​នេះ កាលពី​ប្រកួត​នៅ​ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ជាមួយ​កីឡាករ​ថៃ​ចំនួន​៣​លើក គឺ​សុទ្ធតែ​ឈ្នះ​ដូច​គ្នា ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ គឺ​ត្រូវ​ចម្រាញ់​យក​អ្នក​ឈ្នះ​ដើម្បី​ឡើង​ទៅ​ឈរ​ចាំ​អ្នក​ឈ្នះ​ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍​ក្រោយ​ជា​បន្ត​ទៀត ។ បើ​តាម​ការ​ឱ្យ​ដឹង​នៅ​ស​ប្ដា​ហ៍​បន្ទាប់​គឺ​មាន​កីឡាករ​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។

ឡេះ តើក ជួ​បឡុង សុវណ្ណ​ឌឿ​ន លើក​នេះ​សង្ឃឹម​ឈ្នះ​តិច​ណាស់ ព្រោះ​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​នៅ​អន់ ជា​ពិសេស​ស្នៀត​កែង​និង​ជង្គង់​ពេល​វាយ​ចេញ​ម្ដង​ៗ​ហាក់ដូចជា​គាំង​ៗ​មិនរ​ដាស់​សោះ ល្អ​បាន​តែ​ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង​ប៉ុណ្ណោះ ។ រីឯ ឡុ​ង សុវណ្ណ​ឌឿ​ន ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ប្រើ​ការ​បាន​យ៉ាង​ល្អ ឯ​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​ពេល​វាយ​និង​ទាត់​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ ទោះបីជា​យ៉ាងណា ឡុ​ង សុវណ្ណ​ឌឿ​ន ក៏​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ ព្រោះ​អី ឡេះ តើក មាន​កណ្ដាប់ដៃ​ធ្ងន់​បើ​ហ៊ាន​តែ​ប្រហែស​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​មួយគូ​នេះ​ទៅ នៅ​មាន​គូប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ចំនួន​២​គូ​ទៀត ។ កីឡាករ ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Holyfield Sitsampiyak​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Looyod Sitsapiyak ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។

ចំណែក​ការ​ប្រកួត​ម៉ា​រ៉ា​តុ​ន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឈាន រស្មី មក​ពី​ក្លិប​ខេត្ត​រតនៈគីរី និង​កីឡាករ កុយ ចាន់​តូ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ណា​ម ម៉ូ​រ៉ា​ក់ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ៕