រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាកម្មករលក់គ្រឿងសំណង់មួយកន្លែង មានចិត្តមិនស្មោះត្រង់ជាមួយថៅកែ ដោយគំនិតជាចោរ បានធ្វើសកម្មភាពលួចយកសម្ភារសំណង់ពីក្នុងឃ្លាំងទៅលក់ជាបន្តបន្ទាប់រាប់ដងមិនអស់ ដែលថៅកែមិនបានដឹងនោះ
ឡើយ។
ប៉ុន្តែលើកចុងក្រោយនេះ ថៅកែមានការងឿងឆ្ងល់ ព្រោះរកស៊ីចេះតែខាត ហើយរបស់នៅក្នុងឃ្លាំងចេះ តែហោចទៅៗ ទើបតាមដានដាក់កាមេរ៉ាសុវត្ថិភាពភ្ជាប់ជាមួយទូរស័ព្ទដៃ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ យកក្រដាសឡាំងទៅបិទបាំងមុខកាមេរ៉ានោះជិតធ្វើសកម្មភាពលួចទៀត ហើយត្រូវថៅកែចាប់បាន និងហៅកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅនាំខ្លួនទៅកាន់ប៉ុស្ដិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿង។
ហេតុការណ៍បែកធ្លាយ កើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ សីហា ២០១៦ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ១-ឈ្មោះប៉ុម គា អាយុ២២ឆ្នាំ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធ រស់នៅក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង២-ឈ្មោះអាត លីម អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ពួកគេគឺជាកម្មករលក់គ្រឿងសំណង់ នៅកន្លែងកើតហេតុខាងលើ ។
ចំណែកថៅកែសំណង់ ឈ្មោះឃូ រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៣១២ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណិតនៅក្នុងភូមិជប់គីរី ឃុំជប់គីរី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបាត់បង់សម្ភារអស់តម្លៃរាប់ពាន់ដុល្លារ។
បុរសជាថៅកែបានប្រាប់ថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវគាត់យកមកធ្វើជាកម្មករលក់គ្រឿងសំណង់រយៈពេលប្រហែល៦ខែមកហើយ ។ ដោយគាត់បានទុកចិត្តពួកគេដូចជាសមាជិកគ្រួសារដែរ ហើយប្រគល់សោរទ្វារឃ្លាំងទៅឲ្យពួកគេជាអ្នកកាន់កាប់។
គាត់មិននឹកស្មានថា ពួកគេស៊ីបាយបោកឆ្នាំងនោះឡើយ ។ កម្មករ២នាក់នេះ បានលួចសម្ភារសំណង់ចេញពីក្នុងឃ្លាំង យកទៅលក់ជាបន្តបន្ទាប់ ហើយនៅទីនោះ មានបំពាក់កាមេរ៉ាសុវត្ថិភាព សម្រាប់តាមដានដែរ ប៉ុន្តែនៅពេលធ្វើសកម្មភាព ពួកគេបាននាំគ្នាយកក្រដាស់ឡាំងទៅបិទមុខកាមេរ៉ាជិត ដែលជហេតុមិនអាចថតជាប់សកម្មភាពរបស់ពួកគេឡើយ។
ប្រភពដដែលបន្តថា គាត់មានការសង្ស័យយូរមកហើយ ចំពោះបញ្ហាដែលមាននៅលើកាមេរ៉ា ប៉ុន្តែគាត់ស្មានតែ មានក្រដាស ឬថង់ហើរទៅគ្របលើកាមេរ៉ា ទើបមិនបានចាប់អារម្មណ៍ ប៉ុន្តែមានការងឿងឆ្ងល់ ចំពោះអីវាន់ដែលនៅក្នុងឃ្លាំង លក់មិនសូវដាច់ បានលុយតិច ប៉ុន្តែអីវាន់ចេះតែហោចទៅៗ ។
លុះដល់វេលាល្ងាចថ្ងៃទី២៣ ខែសីហា គាត់បានតាមដានកាមេរ៉ា តាមរយៈទូរស័ព្ទដៃ ទើបបានឃើញពីសកម្មភាពជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពលួចសម្ភារសំណង់ ហើយគាត់មិនបាន ធ្វើឱ្យពួកគេដឹងខ្លួនទេ រហូតដល់ព្រឹកឡើងថ្ងៃទី២៤ សីហា ទើបគាត់សួរនាំ ប៉ុន្តែពួកគេមិនព្រមឆ្លើយនោះឡើយ និងបានបដិសេធថា មិនបានលួចនិងបង្ខំឱ្យគាត់ឆែកមើលកាមេរ៉ា ដែលគាត់បានឆែកមើលរួចហើយនោះទៀត ។
ដោយសារតែបែបនេះ ទើបគាត់ហៅកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនទាំងពីរនាក់នោះដិ៍តែម្ដង ។
ចែករំលែកព័តមាននេះ