ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់ត្រូវអ្នកភូមិប្រទះឃើញដេកលើសួនកុមារតែម្នាក់ឯង ដោយមានសម្លៀកបំពាក់មួយចង្កេះ លុះសួរនាំ រូបគេប្រាប់ថា អត់មានឪពុកម្តាយ ឬសាច់ញាតិបងប្អូនឡើយ ដោយស្នាក់នៅលើសួនកុមារនេះ អស់រយៈពេលជាយូរមកហើយ ។
ហេតុការណ៍ប្រទះឃើញក្មេងប្រុសអនាថានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ សីហា ២០១៦ ស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសអនាថារូបនេះ មានឈ្មោះសាល អាយុ១២ឆ្នាំ មានទីលំនៅមិនពិត ប្រាកដ ដោយស្នាក់នៅលើសួនកុមារអស់រយៈពេលជាយូរមកហើយ ។ ក្រោយមក បានកូនម្ចាស់ផ្ទះឈ្មោះសៅ ខឿន ភេទប្រុស អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះសួង ធា អាយុ៤៥ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ឃើញក៏នាំយកទៅស្នាក់នៅក្នុងផ្ទះរបស់ខ្លួនជាបណ្តោះអាសន្ន និងរាយការណ៍ជូនអាជ្ញាធរភូមិ និងសង្កាត់ឱ្យដឹងឮ ។
បើតាមក្មេងប្រុសរូបនោះឱ្យដឹងថា រូបគេមានបងប្អូន៣នាក់ ប្រុស២ និងស្រី១ ដោយរូបគេជាកូនពៅ ហើយកាលពីមុន រូបគេត្រូវបានម្តាយមានប្តីចុងម្នាក់ទៀត យកទៅរស់នៅក្នុងផ្ទះមួយកន្លែងនៅក្រុងប៉ៃលិន មិនចាំភូមិ ដោយក្រោយមក បានលក់ផ្ទះឱ្យគេអស់ហើយ ក៏រៀបចំបង្វិចនាំតែកូនបងពីរនាក់ទៅជាមួយប៉ុណ្ណោះ ។ ចំណែករូបគេភ្ញាក់ពីដេកឡើង រកម្តាយអត់ឃើញ ដោយកាលនោះ មានអាយុទើបតែ៧ ទៅ៨ឆ្នាំប៉ុណ្ណោះ ។
ប្រភពបន្តទៀតថា ពេលថ្ងៃរូបគេដើរសុំបាយអ្នកទៅដើរលេងសួនកុមារហូប និងសុំទឹកគេផឹក លុះដល់ពេលយប់ទៅ សម្រាកនៅលើសួនម្នាក់ឯង នៅពេលមានភ្លៀងផ្គរពេលយប់ រូបគេរត់ទៅជ្រកនៅក្បែរសំយ៉ាបផ្ទះអ្នកជិតខាង ។ តែកាលពីយប់មិញនេះ ដោយសារតែមានក្មេងប្រុសម្នាក់ ដេញវាយធ្វើបាបរូបគេ ទើបប្រាប់អ្នកទៅលេងលើសួនឱ្យយកទៅស្នាក់នៅផ្ទះគេបណ្តោះអាសន្ន ដើម្បីជួយរកមណ្ឌលកុមារកំព្រាស្នាក់នៅបានរៀនសូត្រនឹងគេ ។
ចំណែកអ្នកភូមិមួយចំនួនបានឱ្យដឹងថា ក្មេងប្រុសខាងលើនេះ គេធ្លាប់ឃើញដើរសុំទានតាមភូមិពីផ្ទះមួយ ទៅផ្ទះមួយដែរ លុះពេលសួរនាំរូបគេអត់មាននិយាយអ្វីនោះឡើយ គ្រាន់តែលើកដៃសំពះ ហើយក៏ស្រក់ទឹកភ្នែកដើរចេញបាត់ទៅ ។ ពេលខ្លះ គេឃើញក្មេងប្រុសខាងលើអង្គុយម្នាក់ឯងនៅលើសួនកុមារ តែមិនបានចាប់អារម្មណ៍សួរនាំរកឪពុកម្តាយ ឬផ្ទះសម្បែងនោះទេ ។ តែពេលនេះ ទើបដឹងថា ក្មេងប្រុសខាងលើ អត់មានសាច់ញាតិ ឬឪពុកម្តាយរបស់គេបោះបង់ចោល ។
ខណៈអ្នកសារព័ត៌មានចុះទៅសួរនាំ កាលពីព្រឹកថ្ងៃទី២២ សីហា នេះ ក្មេងប្រុសខាងលើ ហាក់បីដូចជាលាក់លៀម មិនព្រមនិយាយឱ្យអស់នោះទេ ដោយសង្ស័យថា ជាក្មេងម្នាក់ដែលគ្មានភាពកក់ក្តៅ ហើយគ្មានការរៀនសូត្រ ត្រូវម្តាយឪពុកសាច់ញាតិបោះបង់ចោលមែន ដោយមានសតិដឹងខុសដឹងត្រូវ ស្ថិតនៅក្នុងភាពភ័យខ្លាចបន្តិច ។
ម្យ៉ាងវិញទៀត ពេលសួរនាំច្រើនលើកច្រើនសារ ក្មេងប្រុសរូបនោះបានស្រក់ទឹកភ្នែកដោយប្រាប់ថា ម្តាយរបស់គេ បាននាំកូនពីរនាក់ទៀត រត់ទៅប្រទេសថៃបាត់ហើយ រួចក៏ឈប់និយាយបន្តទៀត ។
ទោះបីយ៉ាងណាក៏ដោយ ក្រោយមកខាងអាជ្ញាធរសង្កាត់ប៉ៃលិន បានចុះទៅត្រួតពិនិត្យ ដើម្បីរាយការណ៍ទៅមន្ទី្ទរកិច្ចការនារី ហើយត្រៀមយកក្មេងប្រុសខាងលើ ទៅដាក់នៅមណ្ឌលកុមារកំព្រានៅក្នុងក្រុងប៉ៃលិន បើសិនជាគ្មានឪពុកម្តាយពិតប្រាកដមែន ។
ចែករំលែកព័តមាននេះ