អង្គការសុខភាពពិភពលោកបង្ហាញថា បុរសមានអត្រាក្នុងការសម្លាប់ខ្លួនខ្ពស់ជាងស្រ្តី បើទោះបីជាស្រ្តីមានបញ្ហាធ្លាក់ទឹកចិត្តច្រើនជាងបុរសក៏ដោយ។ តើមកពីហេតុអ្វីទៅ បានជាបុរសងាយនឹងសម្លាប់ខ្លួនទៅវិញ?
១. បុរសងាយនឹងធ្វើអ្វីដែលមិនល្អនៅពេលពិបាកចិត្ត
ការធ្លាក់ខ្លួនក្នុងការញៀន គ្រឿងស្រវឹង និងគ្រឿងញៀន ច្រើនកើតលើបុរសជាងស្ត្រី។ នៅពេលដែលយើងប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន វានឹងធ្វើឱ្យបញ្ហាណាមួយដែលយើងមាន កាន់តែធ្ងន់ធ្ងរឡើង ហើយអាចនាំឱ្យមានអាកប្បកិរិយាប្រថុយប្រថានជាងអ្វីដែលយើងរំពឹងទុក។ នេះគឺធ្វើឱ្យអារម្មណ៍ចង់សម្លាប់ខ្លួនកាន់តែខ្លាំងជាងធម្មតា។

២. បុរសមិនបើកចំហរអំពីអារម្មណ៍របស់ពួកគេ
ស្ត្រីទំនងជាបើកចំហរអារម្មណ៍របស់ខ្លួន ចំពោះមិត្តភក្តិ ឬក្រុមគ្រួសារ អំពីការឈឺចាប់ផ្លូវចិត្ត និងផ្លូវកាយ ជាងបុរស។ ម្យ៉ាងទៀត វិធីមួយទៀតដើម្បីបើកចិត្តឱ្យទូលាយ គឺដោយការយំ ឬបង្ហាញពីអារម្មណ៍ ហើយបុរសទំនងជាមិនសូវធ្វើបែបនេះទេ ដោយគេគិតថា ការធ្វើបែបនេះគឺមិនខ្លាំង។
៣. បុរសច្រើនគិតថាខ្លួនឯងអន់ ពេលសេដ្ឋកិច្ចផ្ទាល់ខ្លួនធ្លាក់ចុះ
បុរសភាគច្រើន ដើរតួជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ដែលធ្វើឱ្យពួកគេមានសម្ពាធជាខ្លាំងនៅពេលដែលមានបញ្ហាបាត់បង់ប្រាក់ចំណូល។ ភាគច្រើនគឺពួកគេមិនបានទៅនិយាយត្រង់ៗជាមួយនឹងគ្រួសារនោះទេ ហើយច្រើនតែដាក់សម្ពាធលើខ្លួនឯងស្ងាត់ៗទៅវិញ។ ការធ្វើបែបនេះ ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់បុរសកាន់តែមានបញ្ហាធ្ងន់ធ្ងរឡើងៗ និង ឈានដល់ការចង់សម្លាប់ខ្លួន៕
ចែករំលែកព័តមាននេះ