ជាតិ » បរិស្ថាន

បាក់​ច្រាំង​ទន្លេមេគង្គ​នៅ​ឃុំ​ឫស្សីស្រុក គំរាមកំហែង​លំនៅ​ស្ថាន​ពលរដ្ឋ

ដោយ ៖ យ៉ាន់ ចាន់ថេត   

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ ម៉ោង ២០:២៧   (18-08-2016 20:27)

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​ក្នុង​រដូវវស្សា​នេះ បាន​ចាប់ផ្តើម​ឡើង​នោះ ដែល​បណ្ដាល​ឲ្យ​ច្រាំង​ទន្លេ​ត្រង់​ចំណុច​ភូមិ​ឫស្សីស្រុក ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ បាន​បាក់​ធ្លាក់​រាល​ចូល​មក​ក្នុងភូមិ​តាំងពី​មុន​រហូត​មក​ដល់​ពេល​នេះ  ជម្រៅ​រាប់រយ​ម៉ែត្រ និង​បណ្តោយ​ច្រើន​ពាន់​ម៉ែត្រ កំពុង​ធ្វើ​ឲ្យ​លំនៅ​ស្ថាន​របស់​ពលរដ្ឋ ត្រូវ​បាន​រុះរើ​ទៅ​រក​កន្លែង​សុវត្ថិភាព និង​កំពុង​តែ​ប្រឈម​ការ​រុះរើ​ថែម​ទៀត​ផង​ដែរ​។

លោក ម៉​ន ប៊ុ​ន​ណា នាយក​សាលា​បឋម​សិក្សា​ឫស្សី​ស្រុកលើ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦​ថា ចាប់តាំងពី​ពេល​ដែល​ច្រាំង​ទន្លេមេគង្គ​បាន​បាក់​រាល់​ឆ្នាំ​ក្នុង​រដូវវស្សា គឺ​នៅ​សល់​ចម្ងាយ​ប្រហែល​ជាង​២០០​ម៉ែត្រ​ទៀត​នឹង​បាក់​មក​ដល់​សាលារៀន ដែល​បង្ក​ឲ្យ​មាន​ក្តី​កង្វល់ ព្រោះថា​កន្លង​មកនេះ​មាន​សប្បុរសជន​មាន​បំណង​សាងសង់​អគារសិក្សា​១​ខ្នង  តែ​មិន​អាច​សង់​បាន​នោះ​ទេ​ដោយសារ​តែ​ស្ថានភាព​គ្រោះ​ធម្មជាតិ​ច្រាំង​ទន្លេ​ចេះ​តែ​បាក់​រំកិល​ចូល​មក​។

ជាមួយ​នោះ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​ចុះ​មក​ពិនិត្យ​មើល និង​រិះរក​វិធានការ​បែប​ណា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​បន្ត​ទៀត ស្រួល​មិន​ស្រួល​សាលា​បឋម​សិក្សា ឫស្សីស្រុក និង​វិទ្យាល័យ ហេង សំ​រិ​ន ឫស្សីស្រុក  ថ្ងៃក្រោយ​នឹង​បាក់​ទៅ​តាម​ទឹកទន្លេ​។ លោក ជា ស៊ុន​លី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ឫស្សីស្រុក ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​របស់​គាត់​នៅ​តាម​ជួរ​មាត់​ទន្លេមេគង្គ​មក​ដល់​ឆ្នាំ​២០១១ ច្រាំង​ទន្លេ​ចាប់ផ្តើម​បាក់​ដោយសារ​តែ គេ​បូម​ខ្សាច់​ផ្ទះ​ត្រូវ​រុះរើ​មក​នៅ​កណ្តាល​ភូមិ ។

មក​ដល់​ឆ្នាំ​២០១៦​នេះ​ទៀត​ច្រាំង​ទន្លេ​ចេះ​តែ​បាក់​បន្ត​ចូល​រាល​មក​ក្នុងភូមិ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ហើយ និង​នៅ​សល់​ចម្ងាយ​៥០​ម៉ែត្រ​ទៀត  ដល់​ផ្ទះ​គាត់​មិនដឹង​ជា​មាន​លុយ​ឯណា​សម្រាប់​ទៅ​ទិញ​ដី​គេ​នៅទេ ។ លោកយាយ​ឈ្មោះ ជា នាង អាយុ​៧០​ឆ្នាំ នៅ​ភូមិ​ឫស្សីស្រុក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​របស់​គាត់​ទំហំ​៨​គុណ​៩​ម៉ែត្រ​ប្រក់​ក្បឿង តែ​ដោយសារ​ច្រាំង​ទន្លេ​បាក់​មក​ជិត​ដល់​ក្នុង​ឆ្នាំ​២០១៣  បាន​ពឹង​ឲ្យ​អ្នក​ភូមិ​រាប់​សិប​នាក់​នាំ​គ្នា​ជួយ​រុះរើ  ដើម្បី​សុវត្ថិភាព​កុំ​ឲ្យ​បាក់​ចូល​ទឹកទន្លេ​មេគង្គ នៅ​ចម្ងាយ​១០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​ប៉ុណ្ណោះ គាត់​មិន​បាន​ចាកចេញ​ទៅ​ណា​ទេ គឺ​បាន​ធ្វើ​ខ្ទម​តូច​នៅ​ជា​បណ្តោះអាសន្ន​ជាមួយ​កូន​ៗ និង​ប្តី​ហើយ​ថវិកា​ក៏​មិន​មាន​ដែរ ចេះ​តែ​រស់នៅ​ទំ​រាំ​ដល់​ពេល​ត្រូវ​ស្លាប់​។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦​នេះ​ថា សម្រាប់​ក្នុង​វស្សា​នេះ​រូប​លោក​បាន​បែងចែក​កម្លាំង សមត្ថកិច្ច​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១០ ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​មួយ​មាន​កម្លាំង​ចំនួន​៣០​នាក់  និង​កម្លាំង​នៅ​ខេត្ត​ចំនួន​២០០​នាក់​ទៀត  សម្រាប់​ចេញ​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ នៅ​តាម​ដង​ទន្លេមេគង្គ​បើសិនជា​ទឹកជំនន់​ទន្លេមេគង្គ រង​ការ​គំរាមកំហែង​នោះ ៕