ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកឥដ្ឋ បុកពីក្រោយឡានព្រូស ហើយរុញទៅ​បុក​ឡានដឹកដី ដែលបើកបញ្ច្រាសផ្លូវ ចូលការដ្ឋាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រថយន្ត​ដឹកឥដ្ឋមួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តម៉ាក​ព្រូសមួយគ្រឿង ពីក្រោយពេញទំហឹង រួចរុញទៅបុកផ្ទប់ ជាមួយរថយន្តដឹកដីមួយគ្រឿងទៀត។ រថយន្ត ទាំង…

រាជធានីភ្នំពេញ៖ រថយន្ត​ដឹកឥដ្ឋមួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តម៉ាក​ព្រូសមួយគ្រឿង ពីក្រោយពេញទំហឹង រួចរុញទៅបុកផ្ទប់ ជាមួយរថយន្តដឹកដីមួយគ្រឿងទៀត។ រថយន្ត ទាំង ៣គ្រឿង បានរងការខូចខាត ហើយខូចខ្លាំងគេ រថយន្តព្រូស​។ ទោះបីជាយ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាល​អោយមានអ្នក​រងរបួសឡើយ។

គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៤ និង ២០នាទី រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ នៅមុខមណ្ឌលកម្សាន្តភ្នំពេញសាហ្វារី តាមមហាវិថីឈ្នះឈ្នះ ក្នុងតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុង​ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តដឹកឥដ្ឋ ដែលបង្កគ្រោះថ្នាក់ ត្រូវបាននគរបាល អោយដឹងថា ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាក​លេខ ភ្នំពេញ 3A-9473។ ចំណែករថយន្ត ដែលរងគ្រោះ​ម៉ាក​ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BJ-8649 ជិះគ្នា ៣នាក់ (ប្តីប្រពន្ធ និងកូន) និងរថយន្តដឹកដីមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0162។

សាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ​រថយន្ត​ដឹកឥដ្ឋ បានធ្វើដំណើរពីក្រោយ ស្របជាមួយ​រថយន្តព្រូស ក្នុងទិសដៅពីកើត ទៅលិច គឺពីផ្លូវជាតិលេខ៦A ឆ្ពោះទៅស្ពានព្រែកព្នៅ តាមបណ្តោយ​មហាវីថីឈ្នះឈ្នះ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើត រថយន្តព្រូសក៏បានបង្អង់ល្បឿនឈប់ ដើម្បីអោយរថយន្តដឹកដីមួយគ្រឿង ឆ្លងកាត់។ ខណៈនោះ ស្រាប់តែរថយន្តដឹកឥដ្ឋ ដែលបើកពីក្រោយ បុករថយន្តព្រូស​ពេញទំហឹង ហើយរុញរថយន្តព្រូសនោះ ទៅបុកផ្ទុបជាមួយរថយន្តដឹកដី ដែលកំពុង​តែ​បត់​ឆ្វេង​ ឆ្លងផ្លូវ។

នៅក្នុងគ្រោះថ្នាក់នោះ បណ្តាលអោយរថយន្តព្រូស រងការខូចខាតទាំងមុខ និងទាំងក្រោយយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តដឹកដឹកឥដ្ឋ ខ្ទេចមុខ។ ចំណែករថយន្តដឹកដី បានរងការខូចខាតតិចតួចនោះទេ។

បន្ទាប់ពីគ្រោះថ្នាក់នោះ រថយន្តដឹកឥដ្ឋ ក៏បានសម្របសម្រួល ជួយចេញថ្លៃជួសជុលរថយន្តព្រូស ដើម្បីបញ្ចប់រឿង។ ដោយឡែក រថយន្តដឹកដី ខូចខាតតិចតូច ក៏បានសុំរួចខ្លួន។

ជាការកត់សម្គាល់ នៅចំណុចកើតហេតុនេះ ជាការដ្ឋាន​របស់​ក្រុមហ៊ុនឯកជន រៀបចំ​ដាក់លូតាមបណ្តោយផ្លូវ​វិមានឈ្នះឈ្នះ ពីផ្លូវជាតិលេខ៦A ទៅកាន់ពហុកីឡដ្ឋាន​មរតកតេជោ។ ការដ្ឋាននោះ បានរួចរាល់ កាលពីចុងឆ្នាំ២០២១។ តែស្រាប់តែនៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ២០២២ នេះ ស្រាប់តែក្រុមហ៊ុនដដែលនោះ បានបើកការដ្ឋាន កាយគាស់ ដាក់លូ​ បំពង់ឡើងវិញ ក៏ត្រូវបិទចរាចរណ៍ផ្លូវម្ខាង និងបើកផ្លូវម្ខាង។

នៅចំណុចកើតហេតុនោះ គឺផ្លូវទិសដៅពីផ្លូវជាតិលេខ៦A ទៅកាន់​ស្ពានព្រែកព្នៅ ចាប់ពីអតីតបញ្ឈរបង់លុយ ដល់មុខមណ្ឌលកម្សាន្ត សួនសត្វ ភ្នំពេញសាហ្វារី។ ដូច្នេះចរាចរណ៍ ត្រូវចែក​ផ្លូវម្ខាងទៀត ជាពីរគន្លង គឺ១គន្លងទៅ ១គន្លងមក។

នៅមុខមណ្ឌលកម្សាន្ត សួនសត្វ ភ្នំពេញសាហ្វារី នោះ ​គឺជាចំណុចផុតការដ្ឋានដាក់លូ ដែល​អ្នកធ្វើដំណើរ​ពីផ្លូវជាតិលេខ៦A​ ត្រូវបើកចូលគន្លងខាងស្តាំដៃ​របស់ខ្លួនវិញ។ ប៉ុន្តែនៅចំណុចនោះ ក៏ជាផ្លូវរបស់ឡានធំៗ ដែលដឹកដីពីស្ពានព្រែកព្នៅ​ ត្រូវបត់ឆ្វេង ហើយបើកបញ្ច្រាសផ្លូវ ដើម្បីចូល​ការដ្ឋានចាក់ដី នៅដីអភិវឌ្ឍន៍​​។ រាល់​ពេល ឡានដឹកដីទាំងនោះ ត្រូវបើកបញ្ច្រាសទិសដៅ ដោយសារតែមានទ្រូងផ្លូវ ហើយ​ឡានដឹកដី​ មិនបើកវាង​ឡើយ គឺបើកផ្លូវកាត់​​។ ដោយសារតែមិនមានអ្នកសម្រួលចរាចរណ៍ផង ហើយឡានបើកលឿនៗផង ក៏បង្កជា​គ្រោះ​ថ្នាក់បុកត​គ្នាដូច្នេះ​តែម្តង៕ ម៉េង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ