ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចេញ​បញ្ជា​ឱ្យ​ទប់​ស្កាត់​ការ​ពុះ​ដី​ឡូត៏​លក់​អនាធិបតេយ្យ និង​សំណង់​អត់​ច្បាប់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ឯកឧត្តម ថង សា​វុន អភិ​បាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយ​កម្ម​ខេត្ត បាន​ចេញ​លិខិត​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់​ទូ​ទាំង​ខេត្ត ស្តី​ពី​ការ​ចុះ​ទប់ស្កាត់​និង​បញ្ឈប់​រាល់​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​អនាធិបតេយ្យ និង​ការ​សាងសង់

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សា​វុន អភិ​បាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយ​កម្ម​ខេត្ត បាន​ចេញ​លិខិត​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក មេឃុំ​-​ចៅសង្កាត់​ទូ​ទាំង​ខេត្ត ស្តី​ពី​ការ​ចុះ​ទប់ស្កាត់​និង​បញ្ឈប់​រាល់​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​អនាធិបតេយ្យ និង​ការ​សាងសង់​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ខេត្ត​មណ្ឌល​គិរី​កំពុង​មានការ​អភិវឌ្ឍ​និង​រីក​ចម្រើន​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច ជា​ពិសេស​លើ​វិស័យ​ដីធ្លី​និង​សំណ​ង់ ។ ជាមួយ​គ្នា​នឹង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​យ៉ាង​ល្អ​នេះ ក៏​មាន​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​លើ​ដីធ្លី​ពុះ​ឡូត៍​លក់ ឬ​សាង​សង់​សំណង់​ដែល​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដូច​ជា ពុះ​ដី​ឡូត៍​ដោយ​មិន​បាន​ផ្ទេរសិទ្ធិ និង​មិន​បាន​ធ្វើ​ប្លង់​បំបែក​ក្បាលដី​ជូន​អ្នក​ទិញ​ឲ្យ​បាន​ស្របច្បាប់ ។

ពុះ​ដី​ឡូត៍​លក់ ដោយ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ខ្លួនឯង​ត្រឹមត្រូវ និង​លក់​ដី​ឡូត៍​ដែល​មិន​ស្របច្បាប់​ទៅ​ឲ្យ​អ្នកទិញ ។ ពុះ​ដី​ឡូត៍​លក់ ឬ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​ត្រឹមត្រូវ ។ ពុះ​ដី​ឡូត៍​លក់ ឬ​សាង​ស​ង់​ដោយ​អនាធិបតេយ្យ ដែល​មិន​គោរព​ច្បាប់​ប្លង់​គោល​ផែនការ​ប្រើប្រាស់​ដី​និង​បទ​ប្ប​ញ្ញត្តិ​នគរូបនីយកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ។

ខ្លឹមសារ​លិខិត​បន្ត​ថា ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​ប្រើប្រាស់​ដី ការ​គ្រប់គ្រង​ដីធ្លី និង​សំណង់ ប្រកបដោយ​ប្រសិទ្ធ​ភាព និង​សុវត្ថិភាព​ខ្ពស់ សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ខាងលើ ត្រូវ​ចាត់វិធានការ​ទប់​ស្កាត់ និង​រាយការណ៍​ឲ្យ​បាន​ទាន់​ពេលវេលា​ចាប់​ពី​ពេល​នេះ​តទៅ ព្រមទាំង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ជូនដំណឹង និង​ណែនាំ​ឱ្យ​បាន​ច្បាស់លាស់​រាល់​អ្នក
ដែល​មាន​បំណង​ពុះ​ដី​ឡូត៍​លក់ ឬ​សាងសង់ ដើម្បី​លក់ ជួល ឬ​សម្រាប់​រស់នៅ​ដោយ​ខ្លួនឯង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​។

មុន​នឹង​សាងសង់​ធ្វើការ​ពុះ​ដី​ឡូត៍​របស់​ខ្លួន​ដើម្បី​លក់ ឬ​ដោះ​ដូរ ចំពោះ​នីតិវិធី ឬ​បែបបទ នៃ​ការ​ស្នើ​សុំ​ច្បាប់​អនុ​ញ្ញាត ម្ចាស់​សំណើ​ត្រូវ​ទំ​នាក់​ទំនង​ជាមួយ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​រដ្ឋបាល​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​យកម្ម សំណង់ និង​សុរិយោដី​ខេត្ត ឬ​អង្គភាព​ចំណុះស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ក្រសួង ខេត្ត ក្រុង ស្រុក ដោយ​យោង​ទៅ​តាម​សណ្ឋាន​នៃ​ករណី​ដីធ្លី​ទាំង​នោះ​ជាក់ស្ដែង ដើម្បី​រៀបចំ​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​។

ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែន​ដី​ខេត្ត បញ្ជាក់​ថា ត្រូវ​ដាក់​តាំង​បង្ហាញ​ឱ្យ​បាន​ច្បាស់​អំពី​ឯកសារ​ស្រប​ច្បាប់ ដែល​បាន​អនុញ្ញាត​ឱ្យ​ពុះ​ដី​លក់ ឬ​សាងសង់​លើ​ទីតាំង​ដី​ផ្ទះ​ជាក់ស្ដែង និង​ការដ្ឋាន​សំណង់​នោះ​តែ​ម្ដង ។ ត្រូវ​ប្រគល់​ជូន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់​ដើម នូវ​លិខិត​សុំ​ច្បាប់​នៃ​ការ​អនុញ្ញាត​ឲ្យ​ពុះ​ឡូត៍​លក់​ឬ​សាងសង់​លើ​ដី​រួម​មាន អាជ្ញាប័ណ្ណ ឬ​លិខិត​សុំ​ច្បាប់​ដែល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ ពាក់ព័ន្ធ​លើ​ការ​សាង​សង់ ត្រូវការ​ពុះ​ដី​ឡូត៍​លក់ ព្រម​ជាមួយនឹង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​បាន​កម្ម​សិទ្ធិ និង​ឯកសារ​ពាក់ព័ន្ធ​សំខាន់​ៗ​ផ្សេង​ទៀត។

ក្នុង​ករណី​អ្នក​អភិវឌ្ឍ​ដី​និង​សំណង់​ប្រព្រឹត្ត​បទល្មើស ឬ​ការ​ឲ្យ​ដៃ​របស់​អាជ្ញាធរ​ឬ​មន្ទីរ​អង្គ​ភាព​ពាក់ព័ន្ធ​ណាមួយ ក្នុង​ការ​ឃុបឃិត ត្រូវ​មាន​វិធានការ​ផាកពិន័យ​ឬ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ