ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​កម្ពុជា​មាន​​សង្ឃឹម​​ហើយ ក្រោយ​ពី​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន​លី​គ លោក Satoshi Saito ប្តេជ្ញា​ជួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក Satoshi Saito នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា (Cambodian Premier L

រាជធានីភ្នំពេញ ៖ លោក Satoshi Saito នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា (Cambodian Premier L eague – CPL) បាន​សម្ដែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ឲ្យ​សុ​បិ​ន្ត​របស់​បាល់ទាត់​កម្ពុជា​ក្លាយជា​ការ​ពិត​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ដោយ​បុរស​ជនជាតិ​ជប៉ុន​រូប​នេះ ក្នុង​កម្មវិធី CPL Press Kickoff Event 2022 ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​។

ក្នុង​កម្មវិធី CPL Press Kickoff Event 2022 ដែល​ជា​កម្មវិធី​បង្ហាញ​ឯកសណ្ឋាន​ថ្មី​របស់​ក្លិប​បាល់ទាត់ ទាំង​៨​នៃ​លី​គ​កំពូល​កម្ពុជា និង​ការ​បង្ហាញ​នៅ​ចំណាប់អារម្មណ៍​របស់​កីឡាករ ដែល​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី នាយក​ប្រតិបត្តិ លោក Satoshi Saito ដែល​ជា​ថ្នាក់ដឹកនាំ​របស់ CPL បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​អោយ​លី​គ​បាល់ទាត់​កម្ពុជា​ឈាន​ឡើង​។

មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី លោក Satoshi Saito បាន​បង្ហើ​ឲ្យ​ដឹង​ពី​មូលហេតុ​ចំបង​ដែល​លោក​ចូលខ្លួន​មក​ជួយ​បាល់ទាត់​កម្ពុជា​យ៉ាង​ដូច្នេះ​ថា «​តើ​អ្នកដឹង​ទេ​ហេតុ​អ្វី​ខ្ញុំ​មាន​វត្ត​មាននៅ​ទី​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​បាល់ទាត់​កម្ពុជា មានការ​រីក​ចម្រើន ហើយ​ឈាន​ទៅ​ដល់​កម្រិត​មួយទៀត និង​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយ​គ្នា​។

លោកបន្ត​ថា ខ្ញុំ​មក​ដល់​កម្ពុជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៤ ក្នុង​នាម​ជាទី​ប្រឹក្សា​របស់ FIFA ហើយ​ខ្ញុំ​ក៏​ធ្វើការ​ជាមួយ J.League របស់​ជប៉ុន​ផង​ដែរ ខ្ញុំ​បានឃើញ​ក្មេង​ជា​ច្រើន​លេង​បាល់ទាត់ ហើយ​រីករាយ​ជាមួយ​បាល់ទាត់ និង​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា​ខ្ពស់ ប៉ុន្តែ​បាល់ទាត់​មិន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​មុខរបរ ឬ​ក៏​ជា​ការងារ​អាជីព​នោះ​ទេ ហើយ​ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ខ្លួនឯង​ថា យុវជន​ទាំងនោះ​ពួក​គាត់​ត្រូវការ​ទិស​ដៅ ឬ​ក៏​អ្នក​នាំ​ផ្លូវ​នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដ៏​ត្រឹមត្រូវ​មួយ ហើយ​ជម្រុញ​ឲ្យ​ការ​លេង​បាល់ទាត់​របស់​គេ​ក្លាយជា​វិស័យ​ឧស្សាហកម្ម​បាល់ទាត់​នៅ​កម្ពុជា​។​

លោកបន្តទៀត​ថា «​នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ ខ្ញុំ​នៅ​តែ​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​ស​ហ័​ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយ​ខ្ញុំ​ក៏​បាន​ចាំ​នូវ​អ្វី​ដែល​យើង​បាន​ជួប​គ្នា​នៅ​កម្ពុជា គាត់​បាន​និយាយ​ថា កម្ពុជា ជា​ប្រទេស​ដ៏​ក្មេងខ្ចី ហើយ​ពោរពេញ​ទៅ​ដោយ​យុវជន ហើយ​យុវជន​ទាំងនេះ​ត្រូវការ​ក្ដី​ស្រមៃ រៀន​ពី​របៀប​ស្រមៃ​ឲ្យ​ធំ ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ហើយ​តាម​រយៈ​កីឡាបាល់ទាត់​ពិភពលោក​ឃើញ​ថា​យុវជន​ទាំងនេះ​អាច​រៀន​ពី​របៀប​ដែល​ធ្វើ​ឲ្យ​សុ​បិ​ន្ត​របស់​ពួក​គេ​ក្លាយជា​ការ​ពិត ហើយ​ពេល​នោះ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​សួរ​សំណួរ​មក​ខ្ញុំ​ថា តើ​លោក​អាច​ជួយ​ប្រទេស​របស់​យើង​ក្នុង​វិស័យ​បាល់ទាត់​បាន​ដែរ​ឬទេ?

លោក Satoshi Saito​ បាន​បញ្ជាក់បន្ថែមថា ដូ​ច្នេះ​បន្ទាប់​ពី​៨​ឆ្នាំ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​គណៈកម្មាធិការ​ប្រតិបត្តិ​ដែល​ហៅ​កាត់​ថា FFC ឲ្យ​ខ្ញុំ​ក្លាយទៅជា CEO ឬ​ក៏​នាយក​ប្រតិបត្តិ​នៃ​លី​គ​កំពូល​កម្ពុជា ហើយ​ខ្ញុំ​មានការ​តាំងចិត្ត​ខ្ពស់​ចំពោះ​គម្រោង​នេះ ដើម្បី​ឲ្យ​សុ​បិ​ន្ត​របស់​កម្ពុជា​ក្លាយជា​ការ​ពិត ខ្ញុំ​អាច​និយាយ​បាន​ថា អនាគត​នៃ​បាល់ទាត់​កម្ពុជា​នឹង​ភ្លឺ​ស្រឡាង ប៉ុន្តែ​ស្រប​ពេល​ជាមួយ​គ្នា​ដែរ ខ្ញុំ​នឹង​ជំរុញ​អ្នក ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ពុះពារ​គ្រប់​ឧបសគ្គ​! ធ្វើ​វា​ឲ្យ​បាន​! ប្រឹងប្រែង​ធ្វើ​វា​ឡើង នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​សុ​បិ​ន្ត​របស់​យើង​ក្លាយជា​ការ​ពិត​»​។

គួរ​រំឭក​ថា ចាប់តាំងពី​ត្រូវ​បាន​តែងតាំង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​លី​គ​បាល់ទាត់​កម្ពុជា លោក Satoshi Saito បាន​ធ្វើ​ឲ្យ​លី​គ​បាល់ទាត់​កម្ពុជា មានការ​កែប្រែ​ទម្រង់ និង​មុខមាត់​ជា​ច្រើន ជាក់ស្ដែង​ដូច​ជា​ការ​កំណត់​លក្ខន្តិកៈ​ក្លិប​ដែល​ចូលរួម​លី​គ​កំពូល រហូត​ដល់​ឈាន​ទៅ​កាត់​ចេញ​ក្រុម​ចំនួន​៥ ពី​លី​គ​កំពូល​កម្ពុជា ឆ្នាំ​ចាស់​ដែល​ពុំ​ទាន់​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ ឲ្យ​ទៅ​លេង​លី​គ​ទី​២, លី​គ​ទី​២ ចាប់ផ្ដើម​ឲ្យ​មានការ​ប្រកួតប្រជែង​ពិសេស​ជាង​ឆ្នាំ​មុន​ៗ ដោយ​លេង​ដំណាលគ្នា​ជាមួយ​លី​គ​កំពូល និង​ជា​ពិសេស​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស រួម​ទាំង​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ថែម​ទៀត​ផង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ