ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹងកម្រិត​ការដើរហើររបស់​កីឡាករជម្រើស​ជាតិ មុនស៊ីហ្គេម នៅ​វៀតណាម

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ខណៈដែលករណីកូវីត១៩ ប្រភេទអូមីក្រុង កំពុងឆ្លងរាលដាល ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា…

ភ្នំពេញ៖ ខណៈដែលករណីកូវីត១៩ ប្រភេទអូមីក្រុង កំពុងឆ្លងរាលដាល ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកីឡាករកម្ពុជា ដែលត្រូវ​ត្រៀមប្រកួតសម្រាប់ស៊ីហ្គេម។ ដូច្នេះ បានជាឯកឧត្តម ស សុខា ដែលទទួលបន្ទុកខាងកីឡា បានស្នើ​អោយមានការហាមប្រាម ចំពោះក្រុមកីឡាករ​ជម្រើសជាតិទាំងអស់ ដោយតម្រូវអោយមាន​ការពិនិត្យលើ​ការដើរហើររបស់កីឡាករជម្រើសជាតិ និងយកចិត្តទុកដាក់លើការប្រមូលផ្ដុំទាំងឡាយ ដើម្បីអោយប្រាកដថា ពួកគេគ្មានការរំខានដោយកូវីត។

ឯកឧត្តម ក៏បាន​ទទូចអោយថ្នាក់ដឹកនាំកីឡានិមួយៗ ត្រូវ​យកចិត្តទុកដាក់ លើការអនុញ្ញាតឲ្យកីឡាករ ដែលប្រមូលផ្ដុំ បានត្រឡប់ទៅផ្ទះ ក្នុងឱកាសចូលឆ្នាំខ្មែរ នាពេលខាងមុខនេះផងដែរ ដោយតម្រូវអោយ​មានការធ្វើតេស្តកូវីដ-១៩ ឲ្យបានត្រឹមត្រូវ និងគ្រប់ៗគ្នា។

ឯកឧត្ដម ស សុខា ក៏បានស្នើសុំទៅកាន់ឯកឧត្ដម លោកជំទាវតំណាងសហព័ន្ធ ឬក្រសួង ដែលពាក់ព័ន្ធ សូមពិនិត្យ​ត្រង់ចំណុចនេះ ឲ្យបានខ្លាំងបំផុត តាមដែលអាចធ្វើទៅបាន ទាក់ទងការណែនាំកីឡាករ ក្នុងការ​ដើរហើរ អំឡុងពេលចូលឆ្នាំ  ខ្លាចមានការឆ្លងកូវីដ-១៩ ព្រោះថា ក្រោយពេលចូលឆ្នាំ គឺជាពេលវេលា ក្នុងការ​ចេញដំណើរទៅវៀតណាម ហាក់មិនឃ្លាតគ្នាឆ្ងាយប៉ុន្មាននោះឡើយ។

ក្រៅពីការស្នើនូវចំណុចខាងលើ ឯកឧត្ដម ក៏បានពិនិត្យលើតួនាទីរបស់អនុគណៈកម្មការបច្ចេកទេស, អនុគណៈកម្មការហិរញ្ញវត្ថុ និងអនុគណៈកម្មការរដ្ឋបាល និងទំនាក់ទំនងក្រៅប្រទេស ដូចខាងក្រោម៖ ១-តួនាទីភារកិច្ចរបស់អនុគណៈកម្មការបច្ចេកទេស៖ មានតួនាទីភារកិច្ច ដើម្បីត្រួតពិនិត្យ វាយតម្លៃទៅលើ​ប្រភេទកីឡា វិញ្ញាសា និងសមាសភាព គុនផលកីឡា និងវិន័យកីឡាករ-កីឡាការិនី។ រួមទាំងដាក់ស្នើ​គណៈកម្មការ​ទទួលខុសត្រូវ សម្រេចឲ្យបានមុន និងអនុគណៈកម្មការរដ្ឋបាល ដើម្បីទំនាក់ទំនងផ្ញើជូន​គណៈកម្មការរៀបចំការប្រកួត។ គណៈកម្មការនេះ មានសារៈសំខាន់ណាស់ ក្នុងការត្រួតពិនិត្យ ហើយជាពិសេស​តាមដាន និងវាយតម្លៃទៅលើកីឡាករ-កីឡាការិនី ហើយមួយទៀតផ្អែកទៅលើវិញ្ញាសា ដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម។

២-អនុគណៈកម្មការហិរញ្ញវត្ថុ៖ ក្រៅពីថវិកា គឺត្រូវមានការផ្គត់ផ្គង់ ហើយការផ្គត់ផ្គង់ ក៏សូមឲ្យមានការយក​ចិត្តទុកដាក់។ ពោលគឺមិនត្រូវបើកលឿនពេក ហើយក៏មិនត្រូវបើកយឺតពេកដែរ នូវសំភារៈមួយចំនួន ដែលត្រូវ​ត្រៀម។ ជាពិសេសសំភារៈ ដែលប្រគល់ជូន សូមផ្ដោតលើសម្លៀកបំពាក់ ដោយសារតែកីឡាករ-កីឡាការិនីមួយ​ចំនួន ជាមុខមាត់ប្រទេសហើយ។ ដូច្នេះត្រូវមានការសហការរវាងសហព័ន្ធ ជាមួយអនុគណៈកម្មការហិរញ្ញវត្ថុ ដើម្បីរៀបចំឲ្យត្រូវតាមខ្នាត។

ឯកឧត្ដមគិតថា គួរតែមានពេទ្យម្នាក់ ក្នុងចំណោមមួយសហព័ន្ធ ដែលទៅចូលរួមស៊ីហ្គេម នៅវៀតណាមនេះ ដើម្បីត្រៀមសំភារៈមួយចំនួន នៅពេលដែលមានបញ្ហាសុខភាព។

៣-អនុគណៈកម្មការរដ្ឋបាល និងទំនាក់ទំនងក្រៅប្រទេស៖ ជារួម ត្រូវរៀបចំផែនការផ្អែកទៅលើ​ទិដ្ឋភាពរួម ហើយជាពិសេសពិភពលោក ដែលកំពុងមានបញ្ហារីករាលដាលជំងឺ​កូវីដ-១៩។ ដូច្នេះករណីនេះ សូមពិនិត្យពិចារណា និងគ្រប់គ្រងឲ្យបានជាក់លាក់ និងត្រឹមត្រូវ ដោយសារជារួមអ្វី ដែលព្រួយបារម្ភនៅ​ប្រទេសវៀតណាម កំពុងមានការកើនឡើងនៃជំងឺកូវីដ-១៩។ ដូច្នេះមិនត្រូវមើលរំលង ហើយដាក់​ផែនការមួយនេះ ក្នុងផែនការរបស់ខ្លួន។

តាមប្រភេទកីឡាមួយចំនួន នឹងគ្រោង ទៅប្រទេសវៀតណាម នៅចន្លោះថ្ងៃទី៩-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅវៀតណាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ