ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​នៅ​បុរី​ទារក​និង​កុមារ​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចុះ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា និង​កុមារ​បាត់បង់​កាយសម្បទា​និង​សតិបញ្ញា​ប្រមាណ​២៥០​នា

រាជធានី​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចុះ​សួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា និង​កុមារ​បាត់បង់​កាយសម្បទា​និង​សតិបញ្ញា​ប្រមាណ​២៥០​នាក់ មក​ពី​អង្គការ​ចំនួន​៤ នៅ​បុរី​ទារក​និង​កុមារ​ជាតិ និង​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែសីហា ស្ថិត​នៅ​ក្នុង​បរិវេណ​បុរី​ទារក និង​កុមារ​ជាតិ និង​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍ នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

លោកស្រី ថោ ពៅ ប្រធាន​បុរី​ទារក​និង​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា បុរី​ទារក​និង​កុមារ​ជាតិ​ដែល​ពី​មុន​មានឈ្មោះ​ថា មជ្ឈមណ្ឌល​សង្គ្រោះ​ទារក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែឧសភា ឆ្នាំ​១៩៨០ ក្នុង​គោលបំណង​ទទួល​ទារក និង​កុមារ​កំព្រា​ឪពុក​ម្តាយ ឬ​ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោល​ឲ្យ​មក​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​នេះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ ។ លោកស្រី​បញ្ជាក់​ថា នៅ​ឆ្នាំ​២០០៨ ក្រសួង​បាន​សម្រេច​ប្តូរ​ទីតាំង​ចាស់​ដែល​មាន​ភាព​តូច​ចង្អៀត មក​ទីតាំង​ថ្មី​ដល់​សព្វ​ថ្ងៃនេះ និង​បាន​ប្តូរ​ឈ្មោះ​មក​ជា​បុរី​ទារក​និង​កុមារ​ជាតិ ។

បើ​តាម​លោកស្រី ថោ ពៅ ឲ្យ​ដឹង​ទៀត​ថា ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ជា​របប​គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​សម្រាប់​កុមារ​ដែល​មក​ស្នាក់​នៅ​ក្នុង​ទី​នេះ​រួម​មាន កុមារ​ដែល​មាន​សតិ​អន់​ខ្សោយ គឺ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥.០០០​រៀល​រៀងរាល់ថ្ងៃ​សម្រាប់​អាហារ និង​ដើម្បី​ប្រើប្រាស់​រាល់​ការ​ចាំបាច់​ប្រចាំ​ថ្ងៃ ក្នុង​នោះ​កុមារ​ដែល​ផ្ទុកមេរោគ​អេ​ដស៍ និង​កុមារ​ពិការ​គឺ​ទទួល​បាន​នូវ​ថវិកា​បន្ថែមចំនួន​២០.០០០​រៀល ជា​រៀង​រាល់​ខែ​ផង​ដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត ក៏​មានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស រួម​មាន​សម្ភារ​ប្រើប្រាស់ និង​ចំណីអាហារ​មួយ​ចំ​នួ​យ​ទៀត ។

លោកស្រី ថោ ពៅ បាន​ថ្លែង​នូវ​ការ​អរគុណ និង​ដឹងគុណ​ចំពោះ​វត្តមាន​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​ចំណាយ​ពេលវេលា​ក្នុង​ការ​ចុះ​មក​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ដល់​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​បុរី​ទារក និង​កុមារ​ជាតិ​នា​ពេល​នេះ ។ វត្តមាន​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នា​ពេល​នេះ ពិតជា​បាន​ផ្តល់​នូវ​ភាព​កក់ក្តៅ ភាព​ស្និទ្ធស្នាល ក្តី​ស្រឡាញ់ និង​ការ​លើកទឹកចិត្ត​ដល់​យើង​ទាំងអស់​គ្នា ។ មនោសញ្ចេតនា​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ទឹកចិត្ត​មនុស្សធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការ​ផ្តល់​ក្តី​អាណិតអាសូរ ពិសេស​ការ​ចូលរួម​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ និង​កុមារ​ងាយ​រង​គ្រោះ​គ្រប់​រូប ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​មាន​ប្រសាសន៍​សម្តែង​ការ​កោត​ស​សើរ​និង​អរគុណ​ដល់​បុគ្គលិក​ពេទ្យ និង​គ្រូ ដែល​បាន​មើលថែ​កុមារ​ៗ​ដែល​ភាគច្រើន​ត្រូវ​ឪពុក​ម្តាយ​បោះបង់​ចោល​តាម​មន្ទីរពេទ្យ ដោយ​យកចិត្ត​ទុកដូចជា​កូនបង្កើត បើ​ទោះជា​មិន​ជាប់​សាច់ឈាម​ក្តី ក្នុង​នោះ​សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​អ្នក​ស្ម័គ្រចិត្ត​បរទេស​ដែល​បាន​មក​ចូលរួម​មើលថែ​ទារក និង​កុមារ​នៅ​បុរី​ទារក​និង​កុមារ​ជាតិ​នេះ ។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បញ្ជាក់​ថា មជ្ឈមណ្ឌល​សម្រាប់​កុមារ​ដែល​មាន​សភាព​បែប​នេះ គឺ​មិនមែន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ពោល​គឺ​មាន​ស្ទើរ​ពាសពេញ​ពិភពលោក ដោយ​គ្រាន់តែ​មាន​ភាព​ខុស​គ្នា​ខ្លះទៅ​តាម​ប្រទេស​ដែល​ជឿនលឿន​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​សំណូមពរ​ដល់​មាតាបិតា អាណាព្យាបាល សូម​ជួយ​បន្ត​ថែរក្សា​ចិញ្ចឹម​បីបាច់​កូន​ៗ ហើយ​សំណូមពរ​ដល់​មាតា​គ្រប់​រូប​ពេល​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទៀងទាត់ ។

បន្ទាប់​ពី​បញ្ចប់​ស័​ង្ក​កថា សម្តេច​ប្រធាន​ក៏​បាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ និង​ពិនិត្យ​សកម្មភាព​រស់នៅ​របស់​កុមារ​ដែល​កំពុង​លេងល្បែង​កម្សាន្ត និង​កំពុង​ទទួល​ការ​ស្តារ​នីតិសម្បទា នៅ​តាម​បន្ទប់​នីមួយ​ៗ​របស់​ពួក​គេ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​បាន​ផ្តល់​ជូន​នា​ពេល​នោះ​មាន ឧបត្ថម្ភ​កុមារ​ចំនួន​២៥០​នាក់ ម្នាក់​ៗ​ទទួល​បាន មុង​១ ភួយ​១ និង​ប្រាក់ ២០.០០០​រៀល ក្នុង​នោះ​មក​ពី​បុរី​ទារក​និង​កុមារ​ជាតិ​ចំនួន​១២៥​នាក់ មក​ពី​អង្គការ​សាលា​ទន្សាយ​៤៥​នាក់ មក​ពី​អង្គការ​ហេ​ប​ភី​ទ្រី ១០​នាក់ និង​មក​ពី​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ចំនួន​៧០​នាក់ ។ ឧបត្ថម្ភ​បុគ្គលិក គ្រូ និង​ពេទ្យ​ចំនួន​៩១​នាក់ ម្នាក់​ៗ​ទទួល​បាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ និង​ប្រាក់ ១០០.០០០​រៀល ក្នុង​នោះ​មក​ពី​បុរី​ទារក​និង​កុមារ​ជាតិ​ចំនួន​៥៦​នាក់ មក​ពី​អង្គការ​សាលា​ទន្សាយ​១៣​នាក់ មក​ពី​អង្គការ​ហេ​ប​ភី​ទ្រី​១០​នាក់ និង​មក​ពី​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ចំនួន​១២​នាក់ ។ ជាមួយ​នេះ ឧបត្ថម្ភ​អ្នក​ស្ម័គ្រចិត្ត​ជនជាតិ​បរទេស​នៃ​បុរី​ទារក​និង​កុមារ​ជាតិ​ចំនួន​២៥​នាក់ ម្នាក់​ៗ​ប្រាក់​ចំនួន ១០០.០០០​រៀល​។

អង្គការ​ចំនួន​ពីរ​ក្នុង​នោះ បុរី​ទារក​និង កុមារ​ជាតិ ទទួល​បានការ​ឧបត្ថម្ភ​ជា​ថវិកា ១០.០០០.០០០​រៀល អង្ករ​២​តោន មី​៥០កេស ត្រីខ​២០​កេស សៀង​(​ប្រៃ​,​ផ្អែម​)១០០​គីឡូក្រាម ឆៃប៉ូវ​(​ប្រៃ​,​ផ្អែម​)១០០​គីឡូក្រាម ទឹកក្រូច​៣០​កេស ទឹកបរិសុទ្ធ​៥០​កេស នំ​ធុង ២០​ធុង ផ្លែ​ប៉ោម​១០​កេស ផ្លែ​ទំពាំងបាយជូរ​១០​កេស ម្សៅ​សាប៊ូ​៦០​គីឡូក្រាម សាប៊ូ​ដុំ ៣៦០​ដុំ ថ្នាំ​បាញ់​មូស​៦០​ដប ទឹក​ជូត​ឥដ្ឋ​២០​ធុង​តូច ឆ្នាំង​៣២ ខ្ទះ​ធំ​២ ចានដែក​ធំ​បោក​ខោអាវ ២ វែក​សម្ល​១៥ វែក​ឆា​ធំ​២ ពូក​(​មាន​ស្រោម​) ទំហំ​២​ម៉ែត្រ​គុណ​២,៥​ម៉ែត្រ ចំនួន​២០ និង​ខ្នើយកើយ​ចំនួន​១២៥ ។

ដោយឡែក អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ដែល​មក​ពី​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទទួល​បាន​ថវិកា ៥.០០០.០០០​រៀល មី​១០​កេស ត្រីខ​២​កេស ទឹកក្រូច​៥​កេស ទឹកបរិសុទ្ធ​១០​កេស ផ្លែ​ប៉ោម​២​កេស និង​ផ្លែ​ទំពាំងបាយជូរ ២​កេស ។

ជាមួយ​គ្នា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​សាង់សង់​អគារ​ជូន​អង្គការ​ជំនួយ​នៃ​ក្ដី​សង្ឃឹម​សម្រាប់​សហគមន៍​ស្នាក់​នៅ​និង​បណ្ដុះបណ្ដាល​កុមារ​ខ្សោយសតិ​បញ្ញា​ចំនួន​៧០​នាក់ ដែល​មាន​ទីតាំង​បណ្ដោះ​ា​សន្ន​នៅ​អនុ​វិទ្យាល័យ​អនុវត្ត​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ៕