ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួលយក​ប្រហុក​ត្រី​រ៉ស់​លក់​បន្ត​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​ត្រូវជា​កូនបង្កើត​របស់​លោក​មេឃុំ​អង្កាញ់

ខេត្តតាកែវ ៖ បើ​តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួលយក​ប្រហុក​ត្រី​រ៉ស់​លក់​បន្ត​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​ត្រូវជា​កូនបង្កើត​របស់​លោក​មេឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ គឺជា​អ្នក​នាំ​ប្រហុក​ត្រី​រ៉ស់​ពី​ប្រទេស​វៀតណាម​ដែល​ល្បី​ថា មាន​សារធាតុ​គីមី សូ​ម្បី​រុយ​អត់​ហ៊ាន​រោម​ផង យក​មក​បោះ​ដុំ​ឲ្យ​ពួក​គាត់​រាប់​សិប​គ្រួសារ​ដែល​រស់នៅ​ភូមិ​សរសៃ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ដើម្បី​យក​ទៅ​លក់​បន្ត​តាម​ភូមិ​ស្រុក​ដទៃ​ទៀត​។

ពួក​គាត់​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​កូនលោក​មេឃុំ​ខាងលើ​បាន​នាំ​ប្រហុក​ចូល​មិន​ក្រោម​ពី​៣០​តោន​នោះ​ទេ​មក​បោះ​ដុំ​ឲ្យ​ពួក​គាត់​តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ទិញ និង​យក​មក​កាត់​ជា​កង់​ៗ​តូច​ៗ​និង​ដាក់​អំបិល​បន្ថែម​ទៀត​ទើប​យក​ទៅ​លក់​បន្ត​។ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ទទួល​ទិញ​ប្រហុក​ត្រី​រ៉ស់​ពី​ឈ្មួញ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មាន​ផ្ទុក​សារធាតុ​គីមី​ខាងលើ​នេះ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​ថា វា​មិនមែន​ជា​ភារៈកិច្ច​របស់​លោក​នោះ​ទេ តែ​វា​ជា​បន្ទុក​របស់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ជា​អ្នក​ទទួលខុសត្រូវ​។

ចំណែក​លោក លាង ប៉ោ ប្រធាន​សាខា​កាំ​ង​កុងត្រូល​ខេត្តតាកែវ​វិញ បាន​មាន​ប្រសាសន៍​បែប​មិន​ទទួលខុសត្រូវ​ថា លោក​មិន​បានដឹង​រឿង​មាន​ឈ្មួញ​នាំ​ប្រហុក​ត្រី​រ៉ស់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ចូល​ពី​វៀតណាម​នោះ​ទេ​។ លោក​បន្ត​ថា បើ​មានការ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន គឺ​មន្ត្រី​កាំកុងត្រូល​ដែល​ឈរជើង​នៅ​ទីនោះ​ជា​អ្នក​ទទួលខុសត្រូវ មិនមែន​លោក​នោះ​ទេ​។

ករណី​មាន​ឈ្មួញ​យក​ប្រហុក​ត្រី​រ៉ស់​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ខាងលើ​មក​លក់​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ៗ​ទីតាំង​ខាងលើ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចុះ​ទៅ​ពិនិត្យ និង​ទប់ស្កាត់​ផង ព្រោះ​កន្លង​មក​រឿង​នាំ​ប្រហុក​ត្រី​រ៉ស់​ពី​ប្រទេស​វៀតណាម​យក​មក​លក់​នេះ ត្រូវ​បាន​ហាមឃាត់ និង​បិទ​មិន​ឲ្យ​នាំ​ចូល​នោះ​ទេ តែ​ដោយសារ​មានការ​ផ្លាស់​ប្តូរ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ថ្មី ស្រាប់តែ​ផ្ទុះ​រឿង​មានការ​នាំ​ប្រហុក​មាន​ផ្ទុក​សារធាតុ​គីមី​នេះ​ទៀត​៕