រាជធានីភ្នំពេញ ៖ យុវជនម្នាក់ចូលដកលុយក្នុងទូ ATM គ្រា់តែដើរចេញមកវិញបម្រុងឡើងជិះម៉ូតូ ក៏ត្រូវជនប្រដាប់អាវុធបាញ់៣គ្រាប់ដេកដួលក្នុងថ្លុកឈាម ហើយយកលុយនិងម៉ូតូទៅបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ សីហា ២០១៦ ស្ថិតនៅមុខទូATMរបស់ធនាគារឥណ្ឌូឆាយណា តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ។
ប្រភពឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះមកឈប់ម៉ូតូនៅមុខកន្លែងដកលុយទូ ATM របស់ធនាគារចូលទៅដកលុយបានហើយដើរចេញមកវិញ បានប្រមាណ៦ម៉ែត្រ ឡើងអង្គុយលើម៉ូតូបម្រុងជិះចេញទៅហើយ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ មិនចាំស្លាកលេខបានជិះមកដល់វាយទៅលើជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ និងយកលុយដែលទើបនឹងដកពីទូ ATM តែជនរងគ្រោះមិនព្រមឱ្យតាមសម្រួលទេ បានប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថា «ចោរៗ» ទើបជនសង្ស័យដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅជនរងគ្រោះចំនួន៣គ្រាប់ តែមួយគ្រាប់ដំបូងអត់ផ្ទុះបាញ់២គ្រាប់ទៀត បណ្តាលឲ្យរបួសចំស្មាមួយគ្រាប់ និងភ្លៅមួយហូរ ឈាមពេញខ្លួនដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា ពេលដែលជនរងគ្រោះប្រតាយប្រតប់ជាមួយជនសង្ស័យហើយស្រែកថាចោរៗ អ្នកឃើញហេតុការណ៍ បម្រុងរត់ទៅជួយដែរ តែឃើញជនសង្ស័យដកកាំភ្លើងបាញ់សំដៅជនរងគ្រោះម្នាក់ៗ លែងហ៊ានចូលទៅជួយ ទាល់ តែជនសង្ស័យប្លន់យកម៉ូតូនិងលុយទៅបាត់អស់ ទើបនាំគ្នាចូលទៅមើលជនរងគ្រោះដែល ដេកដួលក្នុងថ្លុកឈាមសន្លប់ស្តូកស្តឹង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានត្រឹមមកឈរមើលជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ