ខេត្តកណ្តាល ៖ ក្រោយមានករណីយុវជន២នាក់ សង្ស័យដាច់លុយជិតចូលឆ្នាំជិះម៉ូតូឌុបគ្នាមកលួចស្រាបៀរទឹកខ្មៅចំនួន០២កេស រួចជិះរត់គេចខ្លួនបាត់ស្រមោល ខណៈដែលសមត្ថកិច្ចក្រុងតាខ្មៅប្រកាសឲ្យសមីខ្លួន យកស្រាបៀរមកប្រគល់ឲ្យម្ចាស់គេវិញនោះ ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ហើយ នៅម្នាក់ទៀតកំពុងរត់គេចខ្លួន ។

យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបង្ហោះនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធគេហទំព័រឈ្មោះ Veasna Newspaper ដែលបានផ្សព្វផ្សាយវីដេអូ កាមេរ៉ាសុវត្ថិភាព ករណី បុរសពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពលួចស្រាបៀរ ផ្ទះលក់ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹងនាំកម្លាំងដោយលោកវរសេនីយ៍ឯក យី វណ្ណដាបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ ។
លោកវរសេនីយ៍ឯក យី វណ្ណដាបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះករណីនេះជនរងគ្រោះមិនស្គាល់ឈ្មោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។ ចំណែកសម្ភារៈបាត់បង់ ស្រាបៀរ ABC ចំនួន០២កេស។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ មហាម៉ាត់ សេនណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០៦ខែ ករណីអំពើលួច ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោមវិជ្ជមាន (+)។ ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួនវត្ថុតាងចាប់យក៖ ទូរសព្ទចំនួន០២គ្រឿង (ម៉ាកSamsung មួយគ្រឿង និងម៉ាកOPPOមួយគ្រឿង)។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ាញ់ ពិតជាបាននាំគ្នាធ្វើសកម្មភាពលួចស្រាបៀរទឹកខ្មៅ របស់គេនៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ប្រាកដមែន តែស្រាបៀរនោះពួកគាត់បានយកទៅលក់បានមួយកេសតម្លៃ ២០ដុល្លារ យកលុយស៊ីចាយអស់ហើយ។ ចំណែកទូរសព្ទម៉ាក OPPO ពួកគាត់លួចនៅម្តុំគល់ស្ពាន់វត្តព្រែកសំរោង រីឯទូរសព្ទ Samsung ពួកគាត់លួចនៅភូមិលេខ២ សង្កាត់ស្វាយរលំ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ