រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តមួយមិនអាចខ្វះបានរបស់កម្ពុជា ដែលជួយគាំទ្រដល់ការ អភិវឌ្ឍរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស ដោយទទួលស្គាល់ ជាដៃគូលំដាប់ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណងជាច្រើន ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅកម្ពុជា ។
ការលើកឡើងរបស់សម្តេចបរវធិបតីនៅ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិ លេខ៧១សេ ស្ថិតក្នុងឃុំស្រឡប់ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រ សព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រ លេខ ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមឥណទានសហ ប្រតិបត្តិការ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ មិត្តចិន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា ទៅកាន់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងស្ពាន ដែលជាសមទ្ធផលធំៗដល់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណង ។ ការជួយពីសំណាក់សាធារណរដ្ឋប្រជាមានិតចិននេះហើយ ទើបបាន ជាកម្ពុជា មានផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបានប្រសិទ្ធនាមឈ្មោះ ប្រធានាធិបតីចិន លោក Xi Jinping ថាជាមហាវិថី Xi Jinping និងបានសម្ពោធដាក់ឱ្យប្រើប្រាស់កន្លងទៅ ។ ក្នុងនោះសម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវការដាក់ឈ្មោះមហាវិថី Xi Jinping ដែលជាឈ្មោះ របស់ប្រធានាធិបតីចិន គឺដើម្បីបង្ហាញនូវការទទួលស្គាល់ និងការចូលរួមរបស់ប្រធានាធិបតី នៅក្នុងការជួយទៅដល់សេដ្ឋកិច្ចកម្ពុជា ខណៈដែលការដាក់ឈ្មោះថ្នាក់ដឹកនាំ គឺជាការថ្លែងអំណរគុណ ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖
«មិត្តចិន ក៏ត្រូវបានទទួលស្គាល់ ជាប្រទេសដៃគូលំដាប់ ទី១ ដែលបាននិងកំពុងផ្តល់ហិរញ្ញប្បទាន សម្បទាន និងជំនួយឥតសំណងជាច្រើន ជាប ន្តបន្ទាប់ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅកម្ពុជា ដែល គិតមកដល់បច្ចុប្បន្ន គឺមានទឹកប្រាក់សរុប ជាង៣ពាន់លានដុល្លារ សម្រាប់គាំទ្រ និងការ លើកកម្ពស់គុណភាពផ្លូវថ្នល់ និងការតភ្ជាប់ប្រទាក់ក្រឡា នៅទូទាំងប្រទេស និងនៅក្នុងតំបន់»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ទំនាក់ទំនងការទូតកម្ពុជា-ចិន មានទំនាក់ទំនង៦៧ឆ្នាំ ដែលបានចាប់ផ្តើម ពីថ្ងៃទី១៩ កក្តដា ឆ្នាំ១៩៥៨ ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមាន ភាពល្អប្រសើរឡើង និង ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប រហូតក្លាយជាមិត្តមិត្តត្បូងពេជ្រ ថែមទៀត៕
ចែករំលែកព័តមាននេះ