«ខ្ញុំទៅស្រុកដើម្បីជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ»។ នេះជាសម្តីរបស់សុគន្ធា ជាកម្មការិនី អាយុ២៥ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងនៅទីក្រុងភ្នំពេញ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ។

អារម្មណ៍របស់គន្ធា គឺតំណាងអោយអារម្មណ៍របស់កម្មករដែលធ្វើការនៅភ្នំពេញ ហើយមានស្រុកកំណើតនៅតាមបណ្តាខេត្តនានា ។ នៅថ្ងៃទី១២ និងទី១៣ ខែមេសា គេឃើញប្រជាជនកម្ពុជាធ្វើដំណើរតាមឡានក្រុង ឡានឈ្នួល ម៉ូតូកង់បី និងម៉ូតូយ៉ាងកកកុញតាមដងផ្លូវដើម្បីទៅស្រុកកំណើតសម្រាក និងកម្សាន្តជាមួយក្រុមគ្រួសារ ដើម្បីសប្បាយបុណ្យចូលឆ្នាំខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ។
ផ្លូវនានាដែលតភ្ជាប់ពីទីក្រុងទៅតាមខេត្តពោរពេញដោយយានជំនិះគ្រប់ប្រភេទ ហើយផ្លូវខ្លះក៏មានការកកស្ទះផងដែរ ខណ: ដែលប្រជាជនកម្ពុជានាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំ ។
អារម្មណ៍នៃការសប្បាយរីករាយកំពុងតែគ្របដណ្តប់លើផ្ទៃមុខរបស់ប្រជាជនកម្ពុជាដែលកំពុងតែរង់ចាំការប្រារព្ធបុណ្យចូលឆ្នាំ ដោយទុកចោលមួយឡែកការលំបាកនានា ហើយរីករាយនឹងបុណ្យចូលឆ្នាំខ្មែរ ៕
ចែករំលែកព័តមាននេះ