ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ រើសអេតចាយមិនសូវកាក់កប បែកគំនិតលួចដោះបង្អួចកញ្ចក់ស៊ុមអីណុក បានចំនួន០៦ផ្ទាំង ពីផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងបុរីតាហោ ត្រូវសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ចំណុចក្នុងបុរីតាហោភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងនោះ វត្ថុតាងចាប់យក ៖ បង្អួចកញ្ចក់ស៊ុមដែកណុក ចំនួន៦ផ្ទាំង (របស់ជនរងគ្រោះ) ។
លោកបានបន្តឲ្យដឹងថា ដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចដោះបង្អួចកញ្ចក់ស៊ុមអ៉ីណុកបានចំនួន០៦ផ្ទាំង ចេញពីបុរីតាហោ ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលកំពង់សំណាញ់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី តែម្តង ។
តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានធ្វើសកម្មភាពលួចបង្អួចកញ្ចក់ស៊ុមអ៊ីណុករបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានគរបាលជំនាញក្រុងតាខ្មៅ កំពុងកសាងសំណុំរឿង បញ្ចូលទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ