ធនាគារអភិវឌ្ឍអាស៊ីកាលពីថ្ងៃទី៩ ខែមេសា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា នឹងមានកំនើនជាង៦ភាគរយសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ នេះជារឿងល្អ ប៉ុន្តែកម្ពុជាក៏មិនត្រូវសប្បាយចិត្តភ្លេចខ្លួនដែរ នៅក្នុងស្ថានភាពវឹកវរនៃសង្គ្រាមពាណិជ្ជកម្មដែលដុតបញ្ឆេះដោយរដ្ឋបាលរបស់លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក។
ការព្យាករណ៍គឺជារឿងមួយ ប៉ុន្តែដោយសារតែសភាពការវិវត្តន៍លឿន យន្តការនៃការតាមដាននិងការផ្ទៀងផ្ទាត់ ហើយកំណត់ចេញនូវទស្សនៈវិស័យមួយលឿនមានភាពរស់រវើកនិងបត់បែនគឺជាចំណុចអទិភាពដែលត្រូវតែគិតគូរ ។
របត់នៃសង្គមនិងចរន្តសេដ្ឋកិច្ចកំពុងតែប្រែប្រួលខ្លាំងបំផុត ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិកបានសម្រេចចិត្តដាក់ចេញនូវគោលនយោបាយពន្ធលើប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួនរហូតដល់មេដឹកនាំ ពិភពលោកនានាបានហៅសកម្មភាពនេះថា គឺជាការសម្រេចចិត្តមួយដែលបំផ្លាញសណ្តាប់ធ្នាប់ពិភពលោកដែលសហរដ្ឋអាមេរិកបានបង្កើតឡើងដោយខ្លួនឯ ងក្រោយបញ្ចប់សង្គ្រាមលោកលើកទី២និងសង្គ្រាមត្រជាក់ ។
នៅពេលនេះពិភពលោកគឺពិតជាស្ថិតនៅក្នុងសភាពការណ៍មួយដ៏ច្របូកច្របល់ពិបាកស្ទាបស្ទង់និងប៉ាន់ស្មាន។ សណ្តាប់ធ្នាប់ពិភពលោកដំបូងឡើយត្រូវបានបំផ្លាញដោយរុស្ស៊ី ក្រោយពេលដែលបានលើកកងទ័ពលុកលុយអ៊ុយក្រែនដែលជារដ្ឋអធិបតេយ្យមួយ។ នៅពេលដែលរុស្ស៊ីលុកលុយអ៊ុយក្រែននៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសនានានៅលើពិភពលោកភាគច្រើនបាននាំគ្នាថ្កោលទោសរុស្ស៊ី ហើយនាំគ្នាដាក់ទណ្ឌកម្ម ។
ប៉ុន្តែប្រមាណជា ៣ឆ្នាំក្រោយមក សហរដ្ឋអាមេរិក ដែលជាអ្នកតាំងខ្លួនជាស្ថាបនិកនៃសណ្តាប់ធ្នាប់ពិភពលោកមួយ នៅក្នុងនាមជាមហាអំណាយយោធា និង សេដ្ឋកិច្ចតាំងពីសង្គ្រាមលោកលើកទី២ត្រូវបញ្ចប់ និង ជាពិសេសគឺក្រោយពេលដែលសង្គ្រាមត្រជាក់បញ្ចប់នៅចុងឆ្នាំ១៩៩១ សហរដ្ឋអាមេរិកតែងតែជា ប្រទេសនាំមុខបង្កើតសណ្តាបធ្នាប់ពាណិជ្ជកម្ម និង សេដ្ឋកិច្ច ប៉ុន្តែការសម្រេចចិត្តថ្ងៃទី ០២ ខែមេសាឆ្នាំ២០២៥ យកពន្ធធ្វើជាដើមចមបានធ្វើឲ្យសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មដួលរលំ ។
ក្រោយចូលជាធរសារព័ត៌មានធំៗសុទ្ធតែរាយការណ៍ដូចគ្នាថា ពន្ធដែលលោក ត្រាំ កំណត់គឺគ្មានការលើកលែងឲ្យប្រទេសណាមួយឡើយ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោក ត្រាំបានអនុញ្ញាតពន្យាពេលអនុវត្តពន្ធដែលកំណត់នោះ ៩០ ថ្ងៃដល់ប្រទេសនានាជាពិសេសគឺប្រទេសប្រមាណជា ៧០ ដែលសុំចរចារ ដោយកំណត់មូលដ្ឋានពន្ធស្មើគ្នាគឺ១០ភាគរយ ។
ពីពេលនេះតទៅទម្រាំដល់៩០ថ្ងៃដែលជាថ្ងៃកំណត់មិនដឹងថា របត់ពិភពលោកនឹងប្រែប្រួលយ៉ាងនោះទៅទៀតឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការស្រែកទាមទារតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មរវាងមហាអំណាចនិងប្រទេសតូចតាចនានា តួរយ៉ាងដូចជាកម្ពុជានិង ឡាវ ព្រមទាំងប្រទេសក្រីក្រនានា ដទៃទៀតគឺជារឿងដែលមិនអាចនឹងអនុវត្តទៅបាន។ របត់នេះគឺជារបត់នៃពិភពលោកនៅក្នុងយុគសម័យមួយ ដែលប្រទេសក្រីក្រនិងតូចតាចគួរតែគិតគូរលៃលកអ្វីដែលជាមូលដ្ឋានឈរជើងរបស់ខ្លូនឲ្យច្បាស់លាស់អោយហើយដើម្បីរក្សានិរន្តរភាពនៃសង្គមនិងប្រទេសជាតិរបស់ខ្លួន។
នៅក្នុងបរិបទបែបនេះ អ្នកជំនាញកម្ពុជាសូមគិតគូរនិងប៉ាន់ប្រមាណទុកជាមុនឲ្យបានវែងឆ្ងាយ នូវចក្ខវិស័យដែលខ្លួនត្រូវបោះជំហានទៅមុខ ។ ប្រសិនបើពិភពលោកនៅតែមានស្ថានភាពបែបនេះបន្តទៀតនោះ ចក្ខុវិស័យនានាដែលបានកំណត់ពីមុនមកប្រសិនបើមានលទ្ធភាពធ្វើបច្ចុប្បន្នភាពឡើងវិញគួរតែធ្វើឡើងវិញ ដើម្បីធ្វើយ៉ាងណាឲ្យចក្ខុវិស័យនេះក្លាយជាត្រីវិស័យដែលតម្រង់ទិសឲ្យយើងដើរទៅមុខប្រកបដោយជំហានមួយដ៏ត្រឹមត្រូវ មិនធ្លាក់នៅក្នុងរណ្តៅ នៃមហាន្តរាយ ។
តាមការព្យាករណ៍ថ្មីមួយដែលធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ីហើយប្រកាសនៅក្នុងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ គឺនៅចំថ្ងៃដែលសហរដ្ឋអាមេរិកកំណត់យកពន្ធដែលប្រកាសនោះ គឺនៅតែបង្ហាញពីស្ថានភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ។ ស្ថាប័នហិរញ្ញវត្ថុនេះ បានអះអាងថា ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចស្ថិរភាពទាំងនៅក្នុងឆ្នាំនេះនិងឆ្នាំក្រោយ ដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍ ។
យោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបកម្ពុជានឹងកើនឡើង៦,១% ក្នុងឆ្នាំ២០២៥ និង៦,២ % ក្នុងឆ្នាំ២០២៦ ដោយប្រសើរជាងឆ្នាំ២០២៤ ។
កុំមោទនៈភាពនឹងការព្យាករណ៍នេះដោយសារមូលដ្ឋាននៃព័ត៌មានគឺមុនការសម្រេចចិត្តរបស់លោក ត្រាំ ។ នេះគឺជាការព្យាករណ៍ដែលផ្អែកលើមូលដ្ឋានទិន្នន័យមុនពេល សហរដ្ឋអាមេរិកកំណត់ពន្ធដូច្នេះ ហើយ ទើបហានិភ័យធ្លាក់ចុះចំពោះទស្សនវិស័យបានកើនឡើងដោយសារតែភាពមិនប្រាកដប្រជាជាសកល រួមទាំងគោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពសេដ្ឋកិច្ចចិន វាធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ នឹងជះឥទ្ធិពលខ្លាំងដល់កម្ពុជា ។
ផ្អែកតាមទឡ្ហីករណ៍នេះ យើងសូមចាប់ហ្វ្រាំង ហើយកុំអាលត្រេកត្រអាលភ្លាមៗ ពីព្រោះថា ប្រសិនបើដូចជាអ្វីដែលសហរដ្ឋអាមេរិកំណត់ពន្ធ៤៩ភាគរយ ហើយកម្ពុជាមិនអាចធានាភាពប្រកួតប្រជែង និយាយឲ្យស្រួលទៅគឺមិនអាចឲ្យអ្នកវិនិយោគចំណេញនៅក្នុងស្ថានភាពនេះទេនោះ វានឹងជះឥទ្ធិពលដល់ ឧស្សហកម្ម គួរសមដោយសារតែពេលនេះ ទីផ្សារទំនិញនាំចេញកម្ពុជាទៅអាមេរិកមានទំហំដល់ទៅប្រមាណជិត៤០ភាគរយ ។
បើទីផ្សារនេះមានបញ្ហាវាពិតជាហានិភ័យដ៏ធំមួយ ដូច្នេះសូមបន្តតាមដាន។ អ្នកជំនាញនៅស្ថាប័នពាក់ព័ន្ធគួររៀបចំខ្លួនដើម្បីទប់ស្កាត់និងរារាំងសភាពការណ៍ដែលហួសពីរំពឹងទុកនានា ឲ្យហើយជាមុន។ ពិភពលោកសម័យនេះបទលឿនណាស់ហើយក៏ប្រែប្រួលក៏លឿនដែរ ដូច្នេះការព្យាករណ៍អាចមានបញ្ហាបច្ចេកទេស ។
នៅក្នុងករណីដែលការព្យាករណ៍មិនអាចទស្សទាយឫតាមទាន់ សភាពការណ៍នោះ ប្រក្រតីភាពនៃសង្គមក៏នឹងប្រែប្រួលដែរ ។ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ហើយផ្ទៀង ផ្ទាត់ទាំងអស់គ្នា ។ ការដែលយើងតាមទាន់សភាពការណ៍យើងអាចមានភាពម្ចាស់ការនិងអាច ងាយស្រួលរៀបចំខ្លួនតាមរបត់នៃកាប្រែប្រួល ។
ចែករំលែកព័តមាននេះ