ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តដាក់​គ្រឿងចក្រជីក​កាយ​បើកមុខ​លូ​បង្វែរ​ចរន្តទឹក

21 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ដើម្បី​សង្គ្រោះ​សាលារៀន​មួយ​កន្លែង​ចេញពី​ការ​លិចលង់​ដោយ​ទឹក​កាក​សំណល់​នៃ​រោងចក្រ ជះក្លិន​ស្អុយ ប៉ះពាល់​បរិស្ថាន និង​ការ​រស់នៅ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៥​នេះ…

ខេត្តកំពង់ស្ពឺ​ ៖ ដើម្បី​សង្គ្រោះ​សាលារៀន​មួយ​កន្លែង​ចេញពី​ការ​លិចលង់​ដោយ​ទឹក​កាក​សំណល់​នៃ​រោងចក្រ ជះក្លិន​ស្អុយ ប៉ះពាល់​បរិស្ថាន និង​ការ​រស់នៅ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២៥​នេះ បាន​សម្រេច​យក​គ្រឿងចក្រ​ជីក​កាយ​បើកមុខ​លូ ដើម្បី​បង្វែរ​មុខទឹក​មួយ​ផ្នែក​ធំ ។

នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ លោក ជេ​ត ដុំ បាន​និយាយ​ឱ្យ​ដឹង​ថា អភិបាលខេត្ត​កំពង់ស្ពឺ ឱ្យ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ជុំវិញ​ករណី​ទឹក​ស្អុយ​លិចលង់​បរិវេណ​វិទ្យាល័យ ហ៊ុន សែន អង្គ​មេត្រី ស្ថិត​ក្នុងភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​នាំ​ឱ្យ​មាន​ផល​រំខាន​ដល់​ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស​ឬ​ក៏​អាច​ឈាន​ដល់​ការ​បិទ​សាលា​ពេល​ដែល​ជំនន់​ទឹក​ស្អុយ​ចូល​មក​ដល់​។

នាយករង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ លោក ជេ​ត ដុំ បាន​បន្ថែម​ថា ដើម្បី​រក្សា​បាន​នូវ​និរន្តរភាព​នៃ​ការ​សិក្សា​របស់​សិស្ស អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ដោះស្រាយ​កង្វល់​នេះ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​។ នៅ​ចំពោះ​មុខ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ រួម​នឹង​អាជ្ញាធរ​ទាំង​២​គឺ ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី បាន​យក​គ្រឿងចក្រ​កាយ​ដី​បើកមុខ​ទឹក​ត្រង់​PK8+650​ម៉ែត្រ បង្វែរ​ចរន្តទឹក​មួយ​ផ្នែក​ប៉ុន្មាន​៦០% ឆ្ពោះទៅ​ភូមិ​ព្រៃ​តា​អុក ឃុំ​រកា​កោះ​ស្រុក​គងពិសី និង​បន្ត​កាយ​ប្រឡាយ​ក្នុង​បរិវេណ​សាលា​អង្គ​មេត្រី​ដើម្បី​ឱ្យ​ទឹក​ហូរ​ចេញពី​ទីធ្លា​សាលា​។ មន្ទីរ​ធនធានទឹក ត្រូវ​ស្ដារ​ប្រឡាយ​មួយ​ខ្សែ​ប្រវែង ៩៦០​ម៉ែត្រ ត​ភ្ជាប់​ត្រង់​PK8+650​ម៉ែត្រ ត្រង់​ផ្លូវជាតិ​លេខ​៤១ ឆ្ពោះទៅ​ភូមិ​ព្រៃ​តា​អូ​ប​ឃុំ​រកា​កោះ​ស្រុក​គងពិសី​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥​។

ទន្ទឹម​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ត្រូវ​សិក្សា​គំនូស​ប្លង់​បច្ចេកទេស​ក្នុង​ការ​បង្វែរ​ទឹកជា​អចិន្ត្រៃយ៍​ពី​ចំណុច PK7+267 ឆ្ពោះទៅ​ប្រឡាយ​មហាហង្ស ឬ​ទៅ​អូរ​អាច​ម៌​ទន្សាយ ក្នុង​ឃុំ​សែន​ដី ស្រុក​សំរោង​ទង ឱ្យ​បាន​រួចរាល់​តាម​ការ​គ្រោងទុក​។

ក្រៅពី​នេះ អាជ្ញាធរ​ស្រុក​ទាំង​២ ត្រូវ​កោះ​អញ្ជើញ​តំណាង​រោងចក្រ​ទាំង​១២ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន មក​ពិភាក្សា​ក្នុង​ការ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បន្ទាប់​ពី​ចូល​ឆ្នាំ​ខ្មែរ​រួច ធ្វើ​យ៉ាងណា​បញ្ឈប់​ការ​បង្ហូរ​កាក​សំណល់​កខ្វក់​ចេញ​មក​ទី​សាធារណៈ​បន្ត​ទៀត ហើយ​ក្នុង​ករណី​មិន​ស្តាប់​តាម​ការ​ណែនាំ ត្រូវ​ពិន័យ​រដ្ឋបាល​ជា​ដាច់ខាត និង​មិន​លើកលែង​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ