ខេត្តមណ្ឌលគិរី ៖ អគ្គស្នងការរងនគរបាលជាតិ បានជម្រុញឲ្យមន្ត្រីនគរបាលទូទាំងខេត្តមណ្ឌលគិរី ត្រូវបង្កើនការយកចិត្តទុកដាក់ និងក្តាប់សភាពការណ៏ ក្នុងមូលដ្ឋានឲ្យបានណែន ដើម្បីបង្ការគ្រោះថ្នាក់ ដែលបង្កឡើងពីក្រុមភាវជននានា ជាពិសេសក្រុមជ្រុលនិយម ដែលតែងតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏កៀកថ្ងៃចូលមកដល់។ ហើយក្នុងនោះក៏មានការអញ្ជើញទស្សនកិច្ចផ្លូវការពីប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតម្រូវឲ្យកងកម្លាំងទាំងអស់ យកចិត្តទុកដាក់បន្ថែមលើការងារសន្តិសុខ ។
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការលេខ០០៥ល.ប.ក ស្តីពីការពង្រឹងវិធានការសន្តិសុខ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយឯក កឹង ឃន មានប្រសាសន៍បន្តថា បញ្ហាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជាការងារចាំបាច់របស់កងកម្លាំង ត្រូវថែរក្សាការពារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ឲ្យសម្រាកដើរលេងកម្សាន្តដោយរីករាយ ។ ទន្ទឹមនិងការថែរក្សាសុវត្ថិភាពជូនពលរដ្ឋ កងកម្លាំងទាំងអស់ មិនថា ក្នុងមូលដ្ឋាន ឬតាមច្រកទ្វារទ្វេរភាគី ឬច្រកអន្តរជាតិ និងកម្លាំងការពារព្រំដែន ត្រូវបន្តស្មារតីក្តាប់គ្រប់សកម្មភាពឆ្លងដែលខុសច្បាប់ ទប់ស្តាត់ឲ្យបានរាល់ជនបរទេសណា ដែលចូលមកទឹកដីខ្មែរ ដោយគ្មានការអនុញ្ញាត ដើម្បីជាការការពារទុកជាមុន អំពីសន្តិសុខ អំឡុងពេលមាន ទស្សនកិច្ចផ្លូវការពីប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលនេះក៏ជាការបង្ហាញពីកិត្តិយសមុខមាត់របស់ប្រទេសកម្ពុជា ដែលអាចធានាបាននូវសន្តិសុខពេញពេញ ជូនប្រមុខថ្នាក់ដឹកនាំនានា ដែលអញ្ជើញមកប្រទេសរបស់យើង ។
ជាមួយគ្នានេះ លោកឧត្តមសេនីយឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ក៏បានណែនាំដល់បណ្តាអធិការក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំផ្ទាំងផ្សព្វផ្សាយពីគោលការណ៍ ភូមិឃុំសង្កាត់មានសុវត្ថិភាព តាមទីតាំងមានជនបរទេសច្រើន ដោយមានបង្ហាញពីអក្សជាតិ និងអក្សបរទេសពីរ ឬបីភាសាទៅតាមការជាក់ស្តែង និងត្រូវបន្តដាច់ខាតអនុវត្តឲ្យបាន១០០% លើបញ្ហាក្មេងទំនើង ដែលនាពេលសព្វថ្ងៃនេះកំពុង មានសកម្មភាព ឡើងវិញតាមបណ្តាមូលដ្ឋានខ្លះ ដូច្នេះមិនត្រូវបណ្តោយឲ្យក្រុមក្មេងទាំងនោះ ប្រព្រឹត្តរឿងអសន្តិសុខដល់សង្គមឡើយ ។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានណែនាំបន្ថែមដល់មន្ត្រីកងកម្លាំងទាំងអស់ សហការគ្នាឲ្យបានស្អិតរមួតលើកិច្ចការ បង្ការ បង្ក្រាប និងបំបាត់បញ្ហាគ្រឿងញៀន ជាពិសេសអប់រំផ្សព្វផ្សាយដល់អាណាព្យបាល និងសិស្សសាលា ពីច្បាប់ចរាចរណ៏នានា ដើម្បីឲ្យការគោរពច្បាប់ ទទួលបានប្រសិទ្ឋភាព ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ បើពិនិត្យជារួម ចំពោះសភាពការណ៍សន្តិសុខទូទាំងផ្ទៃក្នុងខេត្ត ក៏ដូច ជានៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនខេត្តមណ្ឌលគិរី ដែលជាប់ជាមួយខេត្តបី នៃប្រទេសវៀតណាម គ្មានអ្វីកើត ឡើងគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសង្គមនោះទេ ទោះបីមានព្រឹត្តិការណ៍ស្មុគ្គស្មាញមួយចំនួន បានកើតឡើងដែលបង្កឡើងដោយគណបក្សប្រឆាំងក្រៅច្បាប់ក្រុមជ្រុលនិយមនៅក្រៅប្រទេស បានកើត ប៉ុន្តែរាល់ហេតុការណ៍ កើងឡើងទាំងនោះ ត្រូវបានម្ចាស់ការដោះស្រាយបានទាន់ពេលវេលា ដោយរក្សាបាននូវបរិយាកាសសន្តិសុខសង្គម នៅក្នុងភូមិសាស្ត្រខេត្ត ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ ៕








ចែករំលែកព័តមាននេះ