រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់ឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលបានក្លែងបន្លំធ្វើជាមន្ត្រីនគរបាលជាតិ ហើយកន្លងមកក្រុមនេះក៏ធ្លាប់បានវាយប្លន់យកទូរស័ព្ទថែមទៀតផង ។

ក្រោយការឃាត់ខ្លួនជនក្លែងជានគរបាលនេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានដកហូតនូវវត្ថុតាងមួយចំនួន ដូចជាវិទ្យុទាក់ទង ឯកសណ្ឋាននគរបាល ទូរស័ព្ទ ម៉ូតូ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល និងចម្ពាមកៅស៊ូជាដើម ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១២យប់ពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅតាមផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនក្លែងបន្លំជានគរបាលទាំង៦នាក់ខាងលើដែលចេះរកគុកឃើញនេះរួមមាន ៖
១-ឈ្មោះ បាន ភ័ត្ដ្រា ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
២-ឈ្មោះ គង់ យ៉ងជូរ ភេទប្រុស ជាសិស្ស ស្នាក់នៅខណ្ឌសែនសុខ ។
៣-ឈ្មោះ ពុង ម៉េងហ៊ួរ ភេទប្រុស ជាសិស្ស ស្នាក់នៅផ្ទះលេខ៤៣D ភូមិបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
៤-ឈ្មោះ ឈុន ដារីញ៉ែល ភេទប្រុស ជាសិស្ស ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
៥-ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទប្រុស ជាកម្មករ ស្នាក់នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
៦-ឈ្មោះ តាំង ភក្ដី ភេទប្រុស ជាជាងម៉ាសុីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បើតាមនគរបាលប៉ុស្តិ៍សំរោងក្រោមបានប្រាប់ឲ្យដឹងថា ក្រុមនេះក៏ជាមុខសញ្ញាប្លន់ផងដែរ ដោយកន្លងមកធ្លាប់បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទពីអ្នកដទៃ បានសម្រេចផងដែរ ។ ដោយឡែកនៅវេលាយប់ថ្ងៃទី០៩ ខែមេសា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងល្បាតនៅទីតាំងខាងលើ និងធ្វើការស្រាវជ្រាវ ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយមកក៏បានឃើញជនសង្ស័យទាំង៦នាក់នេះជិះម៉ូតូ៣គ្រឿង ដោយក្នុងចំណោមនោះមានម្នាក់ស្លៀកឯកសណ្ឋាននគរបាលជាតិផង ហើយកម្លាំងក៏បានឃាត់សួរនាំទើបដឹងថា ជាជនក្លែងបន្លំជានគរបាលជាតិ ដែលពួកលោកកំពុងរកមុខ ។

នៅពេលធ្វើការត្រួតពិនិត្យ បានឃើញជន៥នាក់ទៀតដែលស្លៀកពាក់សុីវិល សុទ្ធតែមានប័ណ្ណសម្គាល់ខ្លួនជាមន្ត្រីនគរបាល ព្រមទាំងសម្ភារៈមួយចំនួនទៀតនៅជាប់ខ្លួនផងដែរ ។ នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនពីជនសង្ស័យ មានដូចជាទូរស័ព្ទ៧គ្រឿង ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ១គ្រឿង ម៉ាកHonda Wave ពណ៌ខ្មៅ១គ្រឿង ម៉ាក Honda Scoopy ពណ៌ក្រហម១គ្រឿង វិទ្យុទាក់ទង ឯកសណ្ឋាននគរបាល ប័ណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល និងចម្ពាមកៅស៊ូផងដែរ ។
បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌ ក៏បានសម្រេចឃាត់ខ្លួន រួចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ