ធនាគារឯក​ជន មីក្រូហិរញ្ញ​វត្ថុ គឺ​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​របស់​ឯក​ជន​មួយ​រយ​ភាគ​រយ ហើយ​មិន​មែន​ជា​របស់រដ្ឋ​ឡើយ។

ព័ត៌មាន​ជាតិ » បរិស្ថាន

គំនរ​សំរាម​នៅ​មុខ​ផ្សា​រលើ កំពុង​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍

ដោយ ៖ ឈុន គឹមហៃ   

ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០១៦ ម៉ោង ២១:០៩   (08-08-2016 21:09)

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្តែង​ការ​ខកចិត្ត ប្រកបដោយ​ភាព​សោកស្តាយ និង​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថាប័ន​ពាក់ព័ន្ធ គ្រា​ដែល​បានឃើញ​ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បាន​ថត​ផ្តិត​យក​នូវ​រូបភាព​គំនរ​សំរាម នៅ​ក្នុង​ចំណតរថយន្ត​មុខ​ផ្សា​រលើ ក្រុងព្រះសីហនុ បន្ទាប់​ពី​ពួក​គេ​ចុះ​ពី​នាវា​មក​កម្សាន្ត​នៅ​ក្នុង​ផ្សារ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែសីហា​នេះ​។ លោក រ៉ា វុ​ធ និង សា​វុន ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ដែល​បាន​មក​អង្គុយ​ញាំ​អាហារ​ពេល​ព្រឹក នៅ​ក្បែរ​ចំណតរថយន្ត​នោះ បាន​បង្ហាញ​ទស្សនៈ​ថា ពួក​គាត់​ហាក់​មានការ​ខ្មាស​អៀន ចំពោះ​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ខ្លាំង នៅ​ពេល​បានឃើញ ពួក​គេ​លើក​ម៉ាស៊ីន​ថត គំនរ​សំរាម​ជា​ច្រើន​ស្ទើរ​ក្លាយជា​ភ្នំ បន្ទាប់​ពី​ពួក​គេ​បាន​មក​ដល់​ទឹកដី​ទេសចរណ៍​ដ៏​ពិសិដ្ឋ​មួយ​នេះ​។

ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ផ្តិត​យក​នូវ​រូប​សំរាម ក្នុង​ខ្សែ​ភ្នែក​ដំបូង​ទៅ​វិញ​។ ពួក​គាត់​ពុំ​ដឹង​ថា អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​យល់​ឃើញ​យ៉ាងណា​នោះ​ទេ​បានជា​បណ្តែតបណ្តោយ​ឲ្យ​គំនរ​សំរាម​កើត​មាននៅ​ក្នុង​ទីប្រជុំជន​ទៅ​វិញ​។ ជា​រឿយ​ៗ​គេ​តែង​បានឮ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ បាន​ប្រកាស និង​បង្ហាញ​ផ្ត​ត់​គំនិត​យ៉ាង​ជាក់លាក់​ថា ស្រលាញ់​បរិស្ថាន​ណាស់ មាន​បរិស្ថាន មាន​សុខភាព បរិស្ថាន​ល្អ នាំ​មក​នូវ​ភ្ញៀវ​ទេសចរណ៍​ប៉ុន្តែ​ហេតុ​អី​បាន​គំនរ​សំរាម​ស្ទើរ​ក្លាយជា​ភ្នំ​រាប់​ខែ​ទៅ​ហើយ ពុំ​មាន​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​ចេញ​មក​ធ្វើការ​ដោះស្រាយ​ទៅ​វិញ​។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​នេះ លោក ស្រេង ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ​អះអាង​ថា ចំពោះ​មូលហេតុ​ដែល​ក្រុមហ៊ុន​ពុំ​បាន​មក​យក​សំរាម​ទីនោះ​ដូច​យក​កន្លែង​ផ្សេង​ព្រោះ​សំរាម​នៅ​ចំណុច​នោះ​ពុំ​មាន​នរណា​បង់​ថវិកា​មក​ក្រុមហ៊ុន​ទេ បើ​ទោះបីជា​ចំណតរថយន្ត​នោះ​មាន​អ្នកគ្រប់គ្រង​ត្រឹមត្រូវ​យ៉ាងណា​ក្តី ប៉ុន្ដែ​ពួក​គេ​ពុំ​ខ្វល់​ទៅ​នឹង​ការ​ឧ​ប​ត្ថ​ម​នោះ​ទេ ដូចនេះ​ទើប​គាត់​ទុក​ចោល យូ​ៗ​ទើប​មក​យក​ម្តង​នៅ​ពេល​រថយន្ត​ទំនេរ​។ ដោយឡែក​លោក សីហា មន្ត្រី​សាលាក្រុង​ទទួល​បន្ទុក បរិស្ថាន បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​ទៅ​នឹង​សំរាម​ក្នុង​ចំណតរថយន្ត​នេះ ជា​បន្ទុក​របស់​ក្រុមហ៊ុន​រស្មី​បូព៌ា ប៉ុន្តែ​កន្លង​មក អាជ្ញាធរ​ក្រុង​ធ្លាប់​ហៅ​តំណាង​ក្រុម​ក្រុមហ៊ុន​រស្មី​បូព៌ា និង​តំណាង ក្រុមហ៊ុន​ស៊ិ​ន​ទ្រី មក​ធ្វើការ​ច​ចារ​គ្នា ម្តង​ជា​ពី​ដង​ដែរ​ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​រស្មី​បូព៌ា ពុំ​មានកា​ឆ្លើយ​តប​នោះ​ទេ ហើយ​នៅ​ថ្ងៃនេះ​លោក​នឹង​កោះហៅ​តំណាង​ក្រុមហ៊ុន​មក​ម្តងទៀត បើ​ក្រុមហ៊ុន​រស្មី​បូព៌ា​នៅ​តែ​ពុំ​ទទួលខុសត្រូវ​ទៀត នឹង​អនុវត្តន៍​ទៅ​តាម​ផ្លូវច្បាប់ ដោយ​ពុំ​មានការ​លើកលែង​នោះ​ទេ​។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទសួរ​របស់​ក្រុម​អ្នក​ព័ត៌មាន លោក​ឧកញ៉ា សូ​ជុង ហ៊ួ ប្រធាន​ក្រុមហ៊ុន​រស្មី​បូព៌ា បាន​ឆ្លើយ​ថា កន្លង​មក​លោក​ធ្លាប់​ឲ្យ​កូនចៅ​របស់​លោក​បង់​ជូន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​អះអាង​ថា​ក្រុមហ៊ុន​របស់​លោក​ពុំ​បាន​បង់​ទៅ​វិញ លោក​ក៏​ពុំ​ច្បាស់​ដែរ ចាំ​លោក​ហៅ​កូនចៅ​មក​សួរនាំ ព្រោះ​លោក​រវល់​កិច្ចការ​ផ្សេង​ៗ​ជា​ច្រើន​ពុំ​សូវ​បានដឹង​អំពី​បញ្ហា​នេះ​ទេ​៕