ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ដែលបើករថយន្តនីស្សាន់ដឹកថ្មពេញ ហើយបើកឆ្លងកាត់ស្ពានបុរាណមួយនៅស្រុកជីក្រែង បណ្តាលឱ្យបាក់ស្ពានរបួសធ្ងន់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលពេញស្រុក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
សេចក្តីរាយការណ៍បន្តថា រថយន្តខាងលើនេះ ម៉ាក NISSAN ពណ៌ស្លាបកំភេម ពាក់ស្លាកលេខសៀមរាប 3A- 3222 ( ដឹកថ្មលើសទម្ងន់ឆ្លងកាត់ស្ពាន ) ទិសដៅពីលិចឆ្លងទៅកើតបណ្តាលឱ្យបាក់ស្ពានថ្មបុរាណចំនួន១កន្លែង។

បើតាមប្រភពពីកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង បានឱ្យដឹងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នេះថា ជនរងគ្រោះខាងលើមានឈ្មោះ លឹម រ៉េត ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ បុរសម្នាក់បានបើកបររថយន្តម៉ាក NISSAN ពណ៌ស្លាបកំភេម ពាក់ស្លាកលេខសៀមរាប 3A- 3222 ក្នុងទិសដៅពីលិចទៅកើត ដោយដឹកថ្មពេញលើសទម្ងន់។ លុះពេលមកដល់កន្លែងកើតហេតុ ហើយឆ្លងកាត់ស្ពានបុរាណនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែងនោះ បណ្តាលឱ្យបាក់ស្ពានថ្មតែម្តង ធ្វើឱ្យអ្នកបើកបររងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅបង្អែកស្រុកសូទ្រនិគម។ ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់មករថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចជំនាញកំពុងរកដំណោះស្រាយ ដើម្បីស្ទូចរថយន្តចេញពីស្ពានថ្ម។

បច្ចុប្បន្ន រថយន្តត្រូវបានកម្លាំងនគរបាលជំនាញ អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះដែលជាអ្នកបើករថយន្តវិញ កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម៕

ចែករំលែកព័តមាននេះ