ខេត្តកណ្តាល ៖ អាណិតណាស់ ម្តាយយើង ម្តាយគេ! ស្រ្តីម្នាក់មិនដឹងទើបមកពីផ្សារទិញអីវ៉ាន់យកមកលក់ ឬក៏យកអីវ៉ាន់ទៅលក់នៅផ្សារនោះទេ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូតាមមកស្ទាក់ប្លន់ (វាយយកម៉ូតូ) ប្រតាយប្រតប់យកម៉ូតូពីស្ត្រីរងគ្រោះបានសម្រេច រួចក្រុមជនសង្ស័យជិះគេចខ្លួនបាត់ស្រមោល ។
ករណីនេះប្លន់នេះបានកើតឡើងនៅម៉ោង០៣និង៥៧នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ម៉ូតូដែលត្រូវចោរប្លន់យកទៅបោះ មានម៉ាក Honda Dream2017 ឡើងតែម2022 ដែលមានស្លាកលេខ ព្រះវិហារ 1B-4654 ។
ជនរងគ្រោះឈ្មោះ ជា ចំរើន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។
ករណីនេះកម្លាំងជំនាញពាក់ព័ន្ធ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៨ បាននិងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវ ស៊ើបអង្កេត និងឆែកកាមេរ៉ាសុវត្ថិភាព កំណត់អត្តសញ្ញាណជនសង្ស័យទាំង២នាក់ទៅតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ