ខេត្តស្ទឹងត្រែង ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងលើកកម្ពស់សោភ័ណភាពទីក្រុង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានបញ្ចេញគ្រឿងចក្រ ជាច្រើនគ្រឿង ចុះអនុវត្តសកម្មភាព បកស្រទាប់កៅស៊ូចាស់ និងស្ថាបនាផ្លូវឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា មានការទ្រុឌទ្រោម និងមិនទាន់ឆ្លើយតបទៅនឹងបច្ចេកទេស ។
សកម្មភាពចុះជួសជុលនេះ ដឹកនាំដោយផ្ទាល់ដោយលោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកអភិបាលខេត្ត។ នេះគឺជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រក្នុងការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ឱ្យមានភាពរឹងមាំ និងមានការទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសចុះពិនិត្យការដ្ឋាន លោកប្រធានមន្ទីរ បានបញ្ជាក់ថា ៖ «ការងារស្ថាបនាឡើងវិញនេះ គឺធ្វើឡើងតាមការចង្អុលបង្ហាញពីលោកអភិបាលខេត្ត ដើម្បីកែលម្អ ខ្សែផ្លូវក្នុងក្រុង ដែលរងការខូចខាត។ យើងមិនត្រឹមតែជួសជុលនោះទេ ប៉ុន្តែថែមទាំងមានការកែសម្រួលអោយទូលាយជាមុន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋឱ្យបានធំទូលាយ និងមានសុវត្ថិភាពជាងមុន» ។
យុទ្ធនាការនេះ ត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍមូលដ្ឋាន ពិសេសគឺការធានាឱ្យបាននូវគុណភាពផ្លូវថ្នល់ ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន៕

ចែករំលែកព័តមាននេះ