រាជធានីភ្នំពេញ ៖ ពិតជារឿងចៃដន្យ និងគួរឲ្យអាណិតខ្លាំងណាស់ ដែលគ្រួសារមួយជួបទុក្ខលើទុក្ខ ដោយកូនប្រុសម្នាក់ទៅរៀននៅអនុវិទ្យាល័យជម្ពូវន្ដ ប៉ុន្តែក្រោយពេលចេញពីរៀន បានជិះម៉ូតូ១គ្រឿងទៅយកប្អូនម្នាក់ទៀត ដែលកំពុងរៀននៅសាលាបឋមសិក្សាជម្ពូវន្ដ ដើម្បីត្រឡប់ទៅផ្ទះវិញ។ នៅក្នុងខណៈដែលកំពុងអង្គុយនៅលើម៉ូតូរង់ចាំប្អូននៅក្នុងទីធ្លាសាលាស្រាប់តែមាន ជនស្ទាវ២នាក់ជិះម៉ូតូ១គ្រឿងទៅដល់ ក៏ធ្វើសកម្មភាពវាយនឹងខ្សែក្រវាត់ ចំក្បាលបណ្ដាលឲ្យបែកក្បាលហូរឈាម បន្ទាប់មកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។
ចំណែកក្មេងប្រុសរងគ្រោះបានទូរស័ព្ទប្រាប់ឪពុកម្ដាយដែលនៅផ្ទះ ពេលនោះឪពុកម្ដាយមានការព្រួយបារម្ភពីកូនខ្លាំងណាស់ ក៏បានប្រញាប់ប្រញាល់ ជិះម៉ូតូ១គ្រឿងឌុបគ្នាចាកចេញពីផ្ទះ ដើម្បីទៅមើលកូនប្រុស ដល់ពាក់កណ្ដាលផ្លូវក៏បានជួបឧប្បត្តិហេតុគ្រោះចរាចរបណ្ដាលឲ្យឪពុកបាក់ជើងផងបែកក្បាលផង និងម្ដាយក៏បានរងរបួសធ្ងន់ដែរ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមក្មេងស្ទាវដៃដល់មានគ្នា៣នាក់ជិះម៉ូតូម៉ាកគ្លីកពណ៌ក្រហមមិនចាំស្លាកលេខមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ លី ហេង អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩អនុវិទ្យាល័យជម្ពូវន្ដ មានទីលំនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកឪពុកឈ្មោះ សេង សារិទ្ធ អាយុ៤២ មុខរបរលក់ចាប់ហួយនៅផ្ទះ រងរបួសបាក់ជើង និងបែកក្បាល ឯម្ដាយឈ្មោះ ឡាយ ចន្នី អាយុ៣៧ឆ្នាំ មុខរបរលក់ចាបហួយស្នាក់នៅជាមួយគ្នានៅបុរីសន្តិភាព២។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយពេលចេញពីរៀនក្មេងប្រុសរងគ្រោះមិនបានទៅផ្ទះនោះទេ បានជិះម៉ូតូម៉ាកគូបជ្រុង១គ្រឿងចេញពីអនុវិទ្យាល័យជម្ពូវន្ដ ទៅទទួលប្អូននៅសាលាបឋមសិក្សាជម្ពូវន្ដ ដើម្បីត្រឡប់ទៅផ្ទះ។ លុះពេលទៅដល់ក្នុងសាលា បានអង្គុយនៅលើម៉ូតូរង់ចាំប្អូនចេញពីរៀន ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវអន្ធពាល៣នាក់ជិះម៉ាកគ្លីកពណ៌ក្រហមមិនចាំស្លាកលេខ ១គ្រឿងទៅដល់ធ្វើសកម្មភាពវាយនឹងខ្សែក្រវាត់ក្បាលដែក បណ្ដាលឲ្យបែកក្បាលយ៉ាងដំណំ។
បន្ទាប់មកបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ហើយខណៈនោះមានមនុស្សចាស់ៗស្ថិតនៅទីនោះដែរប៉ុន្តែម្នាក់ៗដូចទីងមោងគ្មានចិត្តគ្មានថ្លើមទេ មិនបានជួយឃាត់ ឬជួយចាប់ជនដៃដល់ឡើយគឺនាំគ្នាឈរទល់ភ្នែកមើលតែម្ដង។ ប្រភពដដែលបានបន្តថា ក្រោយពេលត្រូវគេព្រួតវាយបែកក្បាល ក្មេងប្រុសរងគ្រោះបានទូរស័ព្ទប្រាប់ឪពុកម្ដាយនៅផ្ទះ បានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ និងបាននាំគ្នាជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅចេញពីផ្ទះទៅមើលកូន។ ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសមដែរ តាមផ្លូវជាតិលេខ៣លុះពេលដល់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ គឺត្រឹមពាក់កណ្ដាលផ្លូវប៉ុណ្ណោះ ក៏ត្រូវបានរថយន្ត១គ្រឿងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្ដាលឲ្យដួលរងរបួសតែម្ដង រីឯរថយន្តបង្កបានបើកចូលទៅក្នុងរោងចក្របាត់ស្រមោល។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅចុះទៅកាន់កន្លែងកើតហេតុ ទាំងកន្លែងដែលក្មេងប្រុសរងគ្រោះត្រូវគេវាយ និងកន្លែងដែលឪពុកម្ដាយរបស់គេត្រូវជួបគ្រោះថ្នាក់ចរាចរ បន្ទាប់មកបានបញ្ជូនពួកគេទៅសង្គ្រោះ និងទទួលពាក្យបណ្ដឹងក្មេងប្រុសរងគ្រោះដើម្បីស្រាវជ្រាវរកជនដៃដល់ និងរថយន្តបង្កផងដែរ៕
ចែករំលែកព័តមាននេះ