ទីរ៉ូអីុដ (Thyroid) គឺជាក្រពេញមានរាងដូចមេអំបៅស្ថិតនៅលើ.ករបស់អ្នកដែលស្ថិតនៅខាងក្រោមគ្រាប់ពោន ។ ជួនកាលក្រពេញទីរ៉ូអីុដរីកធំជាងពេលធម្មតា ហើយលក្ខខណ្ឌនេះ យើងហៅថា ជំងឺពក.ក ។ បើទោះណា សាច់ពកនៅលើ.កនេះមិនបណ្តាលឱ្យមានការឈឺចាប់ក្តី ប៉ុន្តែទំហំដ៏ធំរបស់វាអាចនឹងធ្វើឱ្យអ្នកកើតជំងឺនេះ ក្អក ពិបាកក្នុងការដកដង្ហើមឬលេបអាហារបំផុត ។
*រោគសញ្ញាមួយចំនួន ៖ មិនមែនគ្រប់ជំងឺពក.កទាំងអស់សុទ្ធតែបញ្ចេញរោគសញ្ញាឱ្យយើងដឹងនោះទេ ។ នេះមានន័យថា មួយចំនួនតូចមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ។ រោគសញ្ញាមួយចំនួនដែលអ្នកកើតជំងឺនេះអាចកត់ចំណាំបានមានដូចជា៖
-ពកហើមមើលឃើញនៅលើ.ករបស់អ្នក ហើយដែលស្នាមពកនេះកាន់តែច្បាស់នៅពេលដែលអ្នកកោររោមឬតុបតែងមុខ
-មានអារម្មណ៍តឹងៗនៅក្នុងបំពង់.ក
-ក្អក
-មានសំឡេងស្អក
-ពិបាកក្នុងការលេបអាហារ
-ពិបាកដកដង្ហើម
*មូលហេតុបង្កទាំងឡាយ ៖ ក្រពេញទីរ៉ូអីុដរបស់អ្នកផលិតអ័រម៉ូន២សំខាន់គឺ thyroxine និង triiodothyronine(T-3) ។ អ័រម៉ូនទាំង២នេះធ្វើចរាចរនៅក្នុងចរន្តឈាមរបស់អ្នកនឹងជួយធ្វើឱ្យមានរបៀបរៀបរយនូវការរំលាយអាហារក្នុងរាងកាយ ។ ពួកវាបានរក្សានូវកម្រិតដែលរាងកាយប្រើប្រាស់ខ្លាញ់និងកាបូអីុដ្រាដ ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយនិងធ្វើឱ្យមានរបៀបរៀបរយនូវផលិតផលប្រូតេអីុន ។ បន្ថែមពីលើនេះទៀត ក្រពេញទីរ៉ូអីុដក៏បានជួយផលិត Calcitonin (អ័រម៉ូនជួយគ្រប់គ្រងចំនួនកាល់ស៉្យូមនៅក្នុងឈាម)ផងដែរ ។ មានជំងឺពក.កមិនមែនមានន័យថា ក្រពេញទីរ៉ូអីុដរបស់អ្នកមិនធ្វើការនោះទេ ។ សូម្បីតែវារីកធំហើយក៏ដោយ តែវានៅតែអាចផលិតអ័រម៉ូនបានក្នុងចំនួនធម្មតាជាដដែល ។ មានកត្តាមួយចំនួនដែលធ្វើឱ្យក្រពេញទីរ៉ូអីុដរីកធំ ៖
-ខ្វះជាតិអីុយ៉ូដ ៖ អីុយ៉ូដដែលមានសារសំខាន់បំផុតសម្រាប់ការផលិតអ័រម៉ូនទីរ៉ូអីុដមាននៅក្នុងទឹកសមុទ្រ និងដីនៅតំបន់ឆ្នេរសមុទ្រ ។
-មានជំងឺ Graves’ disease៖ ពក.កអាចកើតមាននៅពេលដែលក្រពេញទីរ៉ូអីុដរបស់អ្នកផលិតអ័រម៉ូនទីរ៉ូអីុដច្រើនពេក (hyperthyrodism) ។ នៅពេលមានជំងឺ Graves’ disease បណ្តាប្រូតេអីុនប្រឆាំងជំងឺដែលផលិតដោយប្រព័ន្ធការពាររាងកាយបានចូលទៅវាយប្រហារដោយកំហុសលើក្រពេញទីរ៉ូអីុដ ជាហេតុធ្វើឱ្យវាផលិត thyroxine ច្រើនលើសលប់ ។ បញ្ហានេះហើយដែលធ្វើឱ្យទីរ៉ូអីុដហើម ។
-កើតជំងឺ Hashimoto’s disease៖ កើតជំងឺនេះបណ្តាលឱ្យការផលិតអ័រម៉ូននៃក្រពេញទីរ៉ូអីុដរបស់អ្នកថយចុះ
– មហារីកទីរ៉ូអីុដ ៖ មហារីកទីរ៉ូអីុដជារឿយៗលេចរូបរាងឡើងក្នុងនាមជាការរីកធំនៅលើផ្នែកម្ខាងនៃទីរ៉ូអីុដ ។
– ការមានផ្ទៃពោះ ៖ អ័រម៉ូនដែលត្រូវបានផលិតអំឡុងពេលមានផ្ទៃពោះ (HCG) អាចធ្វើឱ្យក្រពេញទីរ៉ូអីុដរបស់អ្នករីកធំបន្តិច ។
-ការរលាក ៖ Thyroiditis គឺជាលក្ខខណ្ឌនៃការរលាកមួយបែបដែលធ្វើឱ្យមានការឈឺចាប់និងហើមក្នុងទីរ៉ូអីុដ ។
*កត្តាប្រឈមមួយចំនួន ៖
ជំងឺពក.កអាចប៉ះពាល់លើមនុស្សគ្រប់គ្នាមិនថាចាស់ឬក្មេង ។ វាអាចកើតមានក្នុងពេលណាមួយនៃជីវិតរបស់មនុស្សម្នាក់ៗ បើទោះណាជាវាពេញនិយមកើតលើមនុស្សអាយុចាប់ពី៥០ឆ្នាំឡើងក្តី ។ គេសង្កេតឃើញមានកត្តាប្រឈមមួយចំនួន ៖
-ខ្វះសារធាតុអីុិយ៉ូដក្នុងរបបអាហារ
-កត្តាភេទស្រីឬប្រុស ៖ មនុស្សស្រីងាយនឹងកើតជំងឺនេះជាងបុរស នេះក៏ព្រោះតែភាពមិនប្រក្រតីនៃក្រពេញទីរ៉ូអីុដរបស់ពួកគេ ។
-កត្តាអាយុ
-ពេលមានគភ៌និងអស់រដូវ
-ការប្រើឱសថព្យាបាលមួយចំនួន ៖ ការប្រើប្រាស់ឱសថមួយចំនួនក៏អាចបង្កើនអត្រាកើតជំងឺពក.កបានដែរ ៕
ចែករំលែកព័តមាននេះ