រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរ២នាក់ ត្រូវបានប្រជាពលរដ្ឋ នាំយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីបានប្រទះឃើញពួកនាងទាំងពីរនាក់នោះ ស្ថិតនៅក្នុងដីវាលមួយកន្លែង មានអាការៈស្លេកស្លាំងទន់ដៃជើង និងវង្វេងវង្វាន់មិនដឹងទិសតំបន់ ហើយក្រោយមកទើបនាងប្រាប់ថា ត្រូវមនុស្ស១ក្រុមដាក់ថ្នាំសណ្ដំយកគ្រឿងអលង្ការអស់ពីខ្លួន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខវត្តគោកបញ្ជាន់ ដីវាលជិតស្រះព្រះទន្លេ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះខាងលើ កំពុងដាក់សេរ៉ូមស្ថិតនៅក្នុងមន្ទីរពហុព្យាបាលនិងសម្ភពអង្គរ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ហើយបានលាក់មិនប្រាប់ឈ្មោះឲ្យដឹងនោះឡើយ។ ជនរងគ្រោះបានប្រាប់ថា ពួកនាង គឺជាកម្មការិនីរោងចក្ររេដសាន់ក្លូស៊ីង ស្នាក់នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅក្នុងខេត្តព្រៃវែង។ពួកនាងបានអះអាងថា ត្រូវថ្នាំសណ្ដំអស់ខ្សែកប្លាទីន២ខ្សែទម្ងន់ជាង៤ជី និងចិញ្ចៀន២វង់ព្រមទាំងទូរស័ព្ទដៃម៉ាកសាំសុង កាឡាក់ស៊ី ចំនួន២គ្រឿងផងដែរ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុខាងលើ ពួកនាងបាននាំគ្នាដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ លុះពេលទៅដល់ត្រង់ចំណុច រោងចក្រកាត់ដេរ សាន់ក្លូស៊ីង ស្ថិតក្ន្ងភូមិចោមចៅ មានស្ត្រី២នាក់ដើរទៅជិត រួចបានអមសងខាងពួកនាង រួចទះស្មាពួកនាង និងបាននាំពួកនាងជិះម៉ូតូ១គ្រឿងទៅកាន់ចំណុចដីវាលក្បែរព្រះទន្លេមុខវត្តគោកបញ្ជាន់ស្ថិត ក្នុងភូមិថ្មគោលហើយបានធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការទាំង២នាក់បន្ទាប់មកបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ដោយឡែកពួកនាង មានអាការៈទន់ដៃជើងវង្វេងវង្វាន់ និងបានដួលដើរលែងរួច។ នគរបាលបានឲ្យដឹងថា រឿងរ៉ាវខាងលើនោះនគរបាលនៅទាន់មានការជឿជាក់ថាជាការរដាក់ថ្នាំសណ្ដំនៅឡើយទេ ព្រោះថ្នាំសណ្ដំតែត្រូវហើយមិនងាយនឹងដឹងខ្លួនត្រឹមតែរយៈពេល១ម៉ោងឬ២ម៉ោងនោះឡើយ ទាល់តែ២ឬ៣ថ្ងៃទើបដឹងខ្លួន ហើយបើធ្ងន់ធ្ងរអាចលើសពីនេះទៀតផង។ ម្យ៉ាងទៀតមិនអាចត្រឹមតែទះស្មាសន្លប់នោះឡើយ ករណីនេះសង្ស័យពួកនាងកម្មការិនីខាងលើ ចាញ់ល្បិចចោរទម្លាក់យោង ដែលយកកាឡៃដូរមាស។ លុះពេលដោះមាស និងប្លាទីនឲ្យចោរអស់ខ្លួនបានកាឡៃ មានអារម្មណ៏តក់ស្លុត និងស្ដាយរបស់ខ្លួនទើបទន់ដៃជើងមានអាការៈមិនស្រួលខ្លួន និងថាត្រូវថ្នាំសណ្ដំ ៕
ចែករំលែកព័តមាននេះ