រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា សូមពលរដ្ឋកុំប្រមាថជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី «អូមីក្រុង» ថាអត់មានអ្នកស្លាប់ តែពេលនេះ តួលេខនៃការឆ្លងប្រចាំថ្ងៃ គឺបន្តមានចំនួនច្រើន ។ ជាក់ស្តែងបើយោងតាមរបាយការណ៍ ដែលនឹងចេញនៅថ្ងៃនេះ គឺកាលពីម្សិលមិញ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៥៩៨នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ចំនួន ២នាក់ផងដែរ។

ការបន្តប្រយុទ្ធជាមួយនឹងកូវីដ-១៩ គឺទាមទារឱ្យបុគ្គលគ្រប់រូបចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា ព្រោះសូម្បីតែសមាជិកគ្រួសាររបស់សម្តេចផ្ទាល់ ក្នុងនោះ កូនស្រីម្នាក់ និងចៅប្រុសស្រីចំនួន ៤ នាក់ (មានទាំងចៅស្រីទី ២១) ផងបានឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ។ នេះជាការបញ្ជាក់របស់សម្តេចតេជោពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនៅរាជធានីភ្នំពេញ ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ ដោយសារតែជំងឺកូវីដ-១៩ នោះទេជាងមួយខែកន្លះកន្លងទៅនេះ តែអ្វីដែលជាបញ្ហាគួរឱ្យព្រួយបារម្ភជាថ្មី នោះគឺថា ថាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះជាបន្តបន្ទាប់ ដោយក្នុងនោះ ថ្ងៃទី ២០ ខែកុម្ភៈ មានអ្នកស្លាប់ចំនួន ២នាក់, ថ្ងៃទី ២១ ខែកុម្ភៈ មានអ្នកស្លាប់ ៣នាក់, និងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ មានអ្នកស្លាប់ចំនួន ២នាក់ថែមទៀត។
«៣ ថ្ងៃជាប់គ្នាហើយ ដែលយើងមានមនុស្សស្លាប់ ។ ម្សិលម្ង៉ៃ ១ថ្ងៃ ២ នាក់ ម្សិលមិញ ៣ និងថ្ងៃនេះ ២ នាក់
«ជិត ១ ខែកន្លះ យើងអត់មានមនុស្សស្លាប់ទេ ប៉ុន្តែ ៣ ថ្ងៃជាប់គ្នាហើយ ដែលយើងមានមនុស្សស្លាប់ គឺម្សិលម្ង៉ៃ ២ នាក់ ម្សិលមិញ ៣ និងថ្ងៃនេះ ២ នាក់ ។ អ៊ីចឹងទេ សូមកុំប្រមាថឱ្យសោះ ថាអូមីក្រុងនេះ វាមិននាំទៅដល់ការស្លាប់» ។
កាលពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានល្ខោនបាសាក់លេងនៅព្រែកព្នៅ គេថតឱ្យខ្ញុំមើលទៅ កកកុយហើយ អ្នកពាក់ម៉ាស់គឺតិច នេះជាស្ថានភាពនៃការចម្លងជំងឺ ។ មិនត្រឹមតែប៉ុណ្ណឹងទេ យើងទៅទទួលយកមេរោគពីកន្លែងកម្សាន្តមកផ្ទះ ចម្លងប្រពន្ធ កូន និងឪពុកម្តាយ» ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង អំពីករណីនៅចក្រភពអង់គ្លេស ដែលបានប្រកាសថា អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ លែងតម្រូវឲ្យដាក់ឲ្យនៅដាច់ដោយឡែកទៀតទេ គឺឱ្យដំណើរការធម្មតា។
«ប៉ុន្តែសម្រាប់យើង អត់មិនទាន់មានអនុញ្ញាតឲ្យធ្វើបែបនេះ នៅឡើយនោះទេ» ។
«ពិតហើយការឆ្លង ឥឡូវនៅកម្ពុជា វាបាត់ដែលតា វាបាត់អាល់ហ្វា តែវានៅសល់អូមីក្រុង … ប៉ុន្តែនៅពេលដែលជំងឺរបស់យើងទន់ខ្សោយ សរីរាង្គរបស់យើងទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧបស័គ្គ ។ អ៊ីចឹងទេ ខ្ញុំសូមអំពាវនាវ អង្វរករប្រជាពលរដ្ឋរបស់យើងបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ តទៅទៀត»។
ព្រុយនេ ឆ្លងជាង២ពាន់ក្នុងមួយថ្ងៃ វៀតណាមឆ្លងជាង៤ម៉ឺន ថ្ងៃជិត ២ ម៉ឺន យើងក៏កំពុងមានកំណើន។
«សូមកុំគិតថា ខ្លួនយើងបានទទួលវ៉ាក់សាំង ២ដូស ៣ដូស និង៤ ដូស ហើយគិតថា យើងមិនឆ្លង ។ វានៅឆ្លង សូមយកចិត្តទុកដាក់លើកិច្ចការពារទាំងអស់គ្នា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា «សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុងនេះ វាមិននាំទៅដល់ការស្លាប់ ពិតហើយការឆ្លង ឥឡូវនៅកម្ពុជា វាបាត់អាដែលតា វាបាត់អាល់ហ្វា វានៅសល់អូមីក្រុង ប៉ុន្តែនៅពេលដែល ជំងឺរបស់យើងទន់ខ្សោយ សេរីរាង្គរបស់យើងទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧបសគ្គៗ ចឹងទេ ខ្ញុំសូមអំពាវនាវ អង្វរកប្រជាពលរដ្ឋរបស់យើង បន្តប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ តទៅទៀត»៕
ចែករំលែកព័តមាននេះ