ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​វ៉ៃ​សិស្ស​បន្តិចបន្តួច​… អាណាព្យាបាល​ទារ​ដល់​ទៅ​២​ពាន់​ដុល្លារ​… មានអី​សង?

2 ឆ្នាំ មុន
  • កំពត

ស្ត្រី​ម្នាក់​ដែលជា​ស្ត្រី​មេម៉ាយ និង​ជា​អាណា​ព្យាបាល​របស់​សិស្ស​អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៦ នៅ​សាលា​បឋម​សិក្សា​កំពង់​គ្រែង​សួរ បាន​មក​ដាក់​ពាក្យបណ្ដឹង​​ទៅ​លើ​គ្រូ​ប្រចាំ​ថ្នាក់​ថា

ខេត្តកំពត​៖ ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ រិ​ន ស្រី​ម៉ៅ អាយុ​៣៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ជា​អាណាព្យាបាល​របស់​សិស្ស​ឈ្មោះ រិ​ទ្ធ ភិ​រុណ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៦ នៅ​សាលា​បឋម​សិក្សា​កំពង់​គ្រែង​សួរ ស្ថិត​ក្នុង​ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ទៅ​លើ​ឈ្មោះ សួង រ៉ែ​ន ដែល​ជា​គ្រូ​ប្រចាំ​ថ្នាក់ បង្រៀន​នៅ​សាលា​បឋម​សិក្សា​ខាងលើ​ថា បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ដោយ​​វា​.​យ និង​ខោក​ក្បាល​កូន​គាត់​ជា​ញឹកញាប់ រហូត​កូន​គាត់​អត់ទ្រាំ​មិន​បាន ក៏​បាន​រាយការណ៍​ប្រាប់​ទៅ​លោកគ្រូ​នាយក​សាលា ដើម្បី​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​គ្រូ​ធ្វើបាប​មក​លើ​ខ្លួន​ទៀត ក្រោយមក​លោកគ្រូ​នាយក​សាលា​ក៏​បាន​ហៅ​លោកគ្រូ​ប្រចាំ​ថ្នាក់​រូប​នោះ​មក​ធ្វើការ​អប់រំ កុំ​ឲ្យ​ប្រើ​អំពើ​ហិ​.​ង្សា​ទៅ​លើ​ក្មេង​ជា​សិស្ស​ក្នុង​ថ្នាក់​នេះ​បន្ត​ទៀត​។

ក្រោយ​ពី​លោកនាយក​សាលា​ធ្វើការ​អប់រំ​ដល់​គ្រូ​ប្រចាំ​ថ្នាក់​រូប​នោះ​រួច​មក ត្រូវ​បាន​គ្រូ​ប្រចាំ​ថ្នាក់​ឈ្មោះ​សួង រ៉ែ​ន ខាងលើ បាន​ធ្វើការ​គំ​រា​.​ម​ក្មេង​ប្រុស​រូប​នោះ ដោយ​ដេញ​ចេញពី​ថ្នាក់រៀន​ក៏​មាន រហូត​ធ្វើ​ក្មេង​ប្រុស​រូប​នោះ​ខ្លាច​មិន​ហ៊ាន​ចូល​សាលា​ទៀត​ផង​។

តាម​ស្ត្រី​ជា​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​៖ ដោយសារ​តែ​រូប​គាត់​ជា​ស្ត្រី​មេម៉ាយ ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ​ផង​នោះ រូប​គាត់​បាន​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​ដែល​ត្រូវជា​ម្តាយ​របស់​ខ្លួន ហើយ​ខ្លួន​វិញ​ក៏​ទៅ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្តតាកែវ ។ ហើយ​នៅ​ពេល​កូន​មាន​បញ្ហា​ដូច្នេះ ជីដូន​ដែល​ត្រូវជា​ម្តាយ​របស់​ខ្លួន​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ឲ្យ​មក​ដោះស្រាយ​គ្នា​ជាមួយ​គ្រូ និង​នាយក​គ្រប់គ្រង​សាលា​បឋម​សិក្សា​ខាងលើ ដែល​កូនប្រុស​គាត់​មិន​ហ៊ាន​ចូល​សាលា​អស់​រយៈ​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ចាប់តាំងពី​ក្រោយ​ពេល​កើតហេតុ (​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២) រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​មកនេះ ទើប​មានការ​ដោះស្រាយ​សម្របសម្រួល​គ្នា​ពី​ខាង​គណៈកម្មការ​ប្រឹក្សា​វិន័យ និង​នាយក​សាលា ដោយ​មាន​ម្តាយ​កុមារ​រង​គ្រោះ និង​គ្រូ​ប្រចាំ​ថ្នាក់​ដែល​រង​ការ​ចោទប្រកាន់​ចូលរួម​ដោះស្រាយ​ផង​នោះ មក​ធ្វើការ​ដោះស្រាយ​សម្របសម្រួល​គ្នា ព្រមទាំង​ដាក់​ពិន័យ​ដល់​គ្រូ​ដែល​រង​ការ​ចោទប្រកាន់​នោះ ដោយ​ដក​ឲ្យ​ទៅ​បង្រៀន​នៅ​ថ្នាក់​ផ្សេង ហើយ​យក​គ្រូ​ផ្សេង​ឲ្យ​ទៅ​បង្រៀន​ថ្នាក់​ទី​៦ ជំនួស​គ្រូ​ដែល​មាន​បញ្ហា​រង​ការ​ចោទប្រកាន់​ពី​អាណាព្យាបាល​ក្មេង​ខាងលើ​នោះ​ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​លោកនាយក​សាលា​ឈ្មោះ រិ​ន ជឿន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ការ​សម្របសម្រួល​រវាង​អាណាព្យាបាល​ក្មេង និង​គ្រូ​ប្រចាំ​ថ្នាក់​ដែល​រង​ការ​ចោទប្រកាន់​ពី​សំណាក់​អាណាព្យាបាល​ក្មេង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលា​ខាងលើ​នោះ មិន​បាន​សម្រេច​នោះ​ទេ​។ ដោយ​ភាគី​ខាង​អាណាព្យាបាល​ក្មេង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​គ្រូ​ដែល​រង​ការ​ចោទប្រកាន់​នោះ​ចំនួន​ទឹកប្រាក់​២​ពាន់​ដុល្លា​អា​មេ​រិ​ក ទើប​ព្រម​បញ្ចប់រឿង ។ ដោយ​អាណាព្យាបាល​នោះ​និយាយ​ថា ដើម្បី​យក​ទៅ​បំរើសេវា​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ក្បាល​ដែល​ត្រូវ​គ្រូ​វា​.​យ និង​ខោក​ជា​ច្រើន​លើក​ច្រើន​សារ​នោះ​ផង និង​ដើម្បី​ធ្វើ​សា​ហ៊ុយ​ក្នុង​ការ​ធ្វើ​សំណុំ​បែបបទ​បទ​សុំ​ផ្លាស់​កូន​ឲ្យ​ចូល​រៀន​នៅ​សាលា​ផ្សេង​ទៀត​ផង​។

ប៉ុន្តែ​សំណូមពរ​របស់​ស្ត្រី​ជា​អាណាព្យាបាល​ក្មេង​រូប​នេះ ត្រូវ​បាន​គ្រូ​ប្រចាំ​ថ្នាក់​ដែល​រង​ការ​ចោទប្រកាន់​នោះ បដិសេធ មិន​មាន​លទ្ធភាព​ប្រគល់​ជូន​តាម​សំណូមពរ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមការងារ​របស់​សាលា ដែល​បាន​ចូលរួម​ក្នុង​ការ​សម្របសម្រួល​នេះ បាន​ប្ដូរ​យោបល់​ដូច្នេះ​ថា ដើម្បី​ធ្វើការ​សម្របសម្រួល សូម​យក​ក្មេង​ដែល​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​សុខភាព​ដោយ​អំពើ​ហិ​.​ង្សា​នោះ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ រួច​ហើយ​សា​ម៉ី​ខ្លួន​គ្រូ​ដែល​រង​ការ​ចោទប្រកាន់​នោះ ត្រូវ​ចំណាយ​សេវា​ពិនិត្យ​របស់​ពេទ្យ និង​ថ្នាំពេទ្យ ឬ​ក៏​ជួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ចំនួន ៥០០ ដុល្លារ​ឲ្យ​ទៅ​អាណាព្យាបាល​ក្មេង​រង​គ្រោះ​នោះ (​នេះ​ជា​យោបល់​របស់​អ្នកចូលរួម​) ជួយ​ផ្ដល់​ជា​យោបល់ ប៉ុន្តែ​ភាគី​ខាង​អាណាព្យាបាល​ក្មេង​បដិសេធ​មិន​ទទួលយក​បាន​ទេ ។

ចំណែក​លោកគ្រូ​ដែល​រង​ការ​ចោទប្រកាន់​នោះ បាន​ឲ្យ​ដឹង​ថា រឿង​នេះ ក្មេង​ក៏​ខុស ខ្លួន​ក៏​ខុស ហើយ​ក្នុង​ការ​វា​.​យ​បន្តិច​ប​ន្ទួ​ចនេះ ក្នុង​នាម​អប់រំ​កុំ​ឲ្យ​ក្មេង​មិន​ស្តាប់​ការ​ពន្យល់​នៅ​ក្នុង​ថ្នាក់​ដូច​ជា ងាក​មុខ ងាក​ក្រោយ មិន​ស្តាប់​ការ​ណែនាំ​ពន្យល់ ទើប​ខ្លួន​ជា​គ្រូ​ត្រូវ​វា​.​យ​ខ្លះទៅ បើ​មិន​ឲ្យ​វា​.​យ ឬ​ប្រដៅ​ខ្លះ​ទេ មាន​តែ​ទុក​ឲ្យ​ក្មេង​កាន់តែ​មិន​គោរព​វិន័យ នាំ​គំរូ​មិនល្អ​ដល់​សិស្ស​ដទៃ​ទៀត ហើយ​ម្យ៉ាងទៀត​ខាង​សាលា​ដាក់​ពិន័យ​ឲ្យ​ខ្លួន​ទៅ​បង្រៀន​ថ្នាក់​ផ្សេង ក៏​ខ្លួន​ព្រមទៅ​ដោយ​ឥត​ប្រកែក​នោះ​ឡើយ​។

ប៉ុន្តែ​ការ​ដោះស្រាយ​សម្របសម្រួល​ខាងលើ​នេះ ដោយ​ម្តាយ​ក្មេង​ទារ​សំណង​ជំងឺ​ចិត្តធ្ងន់​ពេក​ដល់​ទៅ​២​ពាន់​ដុល្លារ ស្មើនឹង​៨​លាន​រៀល ខ្លួន​មិន​មាន​លទ្ធភាព​រក​ប្រាក់​ឯណា​បង់​ឲ្យ​នោះ​ទេ ប្រាក់ខែ​បន្តិច​ប​ន្ទួ​ច រកតែ​លុយ​ចិញ្ចឹម​កូន​មិន​ចង់​រស់​ផង​សព្វ​ថ្ងៃនេះ​។ នេះ​ជា​សម្ដី​របស់​លោកគ្រូ​ប្រចាំ​ថ្នាក់ ដែល​រង​ការ​ចោទប្រកាន់​ឆ្លើយ​បំភ្លឺ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ម្សិលមិញ​នេះ​។

រីឯ​ស្ត្រី​ឈ្មោះ រិ​ន ស្រី​ម៉ៅ ដែល​ជា​អាណាព្យាបាល​ក្មេង​ខាងលើ​នោះ ក៏​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា ការ​ដោះស្រាយ​សម្របសម្រួល​ពី​សំណាក់​គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​របស់​សាលា និង​នាយក​គ្រប់គ្រង​សាលា​ខាងលើ ជាមួយ​នាង​ខ្ញុំ​ជា​អាណាព្យាបាល​សិស្ស​រង​គ្រោះ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​នាង​ខ្ញុំ​ជា​អាណាព្យាបាល​សិស្ស​រង​គ្រោះ​ទារ​សំណង​ជួសជុល​ការ​ពិនិត្យ​សុខភាព និង​ផ្លាស់​ប្តូរ​យក​កូន​ទៅ​រៀន​នៅ​សាលា​ថ្មី តែ​សា​ម៉ី​ខ្លួន​អ្នក​ប្រព្រឹត្ត​មិន​យល់ព្រម​តាម​សំណូមពរ​របស់​នាង​ខ្ញុំ​នោះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ