ព្រះអដ្ឋកថាចារ្យបានពន្យល់ថា រវាងអ្នកបួសនិងគ្រហស្ថមានលក្ខណៈខុសប្លែកគ្នា២យ៉ាងគឺ ប្លែកដោយសរីរៈ១ និងប្លែកដោយបរិក្ខារ១ ចរិយាសម្បត្តិទាំងពីរនេះប្រព្រឹត្តទៅមិនដូចគ្នាទេ ។ ខាងក្រោមនេះគឺជាការរង្គាយសេចក្តីដូចតទៅ៖

១. ផ្សេងគ្នាដោយសរីរៈ អ្នកបួសរមែងកោរសក់ កោរពុកមាត់ កាត់ក្រចក សំអាតធ្មេញ សំអាតស្បែក ចំណែកគ្រហស្ថវិញមិនបាច់កោរសក់ កោរពុកមាត់ក៏មិនថ្វី ហើយក៏គ្មានទោសពៃអ្វីដែរ ។
២. ឯការប្លែកគ្នាខាងការប្រើប្រាស់គ្រឿងបរិក្ខារ កាលមុននឹងបួស សូម្បីស្លៀកសម្លៀកបំពាក់ក៏ត្រូវប្រើប្រាស់ក្រណាត់សាច់ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍ដោយវិការផ្សេងៗ សូម្បីដេក ឬអង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អ ស្អាត ក្នុងបន្ទប់ដ៏ប្រណីត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះថ្លា ទឹកដោះខាប់ជាដើម ។

ប៉ុន្តែចាប់តាំងពីបួសហើយកាលណា ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹកអម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាលស្មៅជាដើម ។ ក្នុងសេនាសនៈមានគល់ឈើ ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាកន្ទេលដែលត្បាញដោយបន្ទោះឫស្សី ចាំបាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយឆ្អេះឆ្អាបជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការដូច្នេះចុះ ។

បព្វជិតកាលបើពិចារណាយ៉ាងនេះហើយ រមែងលះបង់កោធៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់ចោលចេញពីខន្ធសន្តានព្រោះកោធៈ និងមានះនេះហើយជាប្រភពនៃឧបសគ្គមិនបានឱ្យសម្រេចធម៌ជាន់ខ្ពស់ ៕ សាន សារិន
ចែករំលែកព័តមាននេះ