ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​កូនកណ្ដុរ​គឺជា​មហារីក​ប្រព័ន្ធ​ទឹករងៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​កូនកណ្តុរ​គឺជា​មហារីក​ប្រព័ន្ធ​ទឹករងៃ​ដែល​ប្រព័ន្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រា​ង្គ​កាយ​របស់​មនុស្ស​យើង ទប់ទល់​នឹង​ការ​លុកលុយ​ពី​សំណាក់​ពពួក​មេរោគ​ផ្សេង​ៗ

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​កូនកណ្តុរ​គឺជា​មហារីក​ប្រព័ន្ធ​ទឹករងៃ​ដែល​ប្រព័ន្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រា​ង្គ​កាយ​របស់​មនុស្ស​យើង ទប់ទល់​នឹង​ការ​លុកលុយ​ពី​សំណាក់​ពពួក​មេរោគ​ផ្សេង​ៗ និង​កោសិកា​កាច​សាហាវ មួយ​ចំនួន ។

មហារីក​កូនកណ្តុរ​ចាប់ផ្តើម​ពី​ការ​ផ្លាស់​ប្តូរ​សកម្មភាព​នៃ​កោសិកា Lymphocytes ល្អ​ៗ​ទៅ​ជា​កោសិកា​មិនធម្មតា​មួយ ដែល​ចាប់ផ្តើម​ធ្វើ​បំណែក​កោសិកា​ខុស​ប្រក្រតី (Abnormal mitosis) និង​លែង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​យើង​តទៅ​ទៀត​ហើយ ។ កោសិកា​មិន​ប្រក្រតី​ទាំងនេះ​នឹង​បង្កើត​បានជា​មហា​កោសិកា​ជា​ច្រើន​លើស​លប់​​នៅ​ក្នុង​កូនកណ្តុរ​នៃ​ប្រព័ន្ធ​ទឹករងៃ ។ ជំងឺមហារីក​កូនកណ្តុរ​ក៏​អាច​កើត​មាននៅ​ទីកន្លែង​ផ្សេង​ទៀត ក្រៅពី​កូនកណ្តុរ ដូច​ជា ស្បែក​, ខួរក្បាល​, ក្រពះ ពោះវៀន​… ហើយ​ថែម​ទាំង​អាច​រីក​រាលដាល​ទៅ​សរីរាង្គ​ដទៃ​ទៀត​ផង​ដែរ ។

ក​-​ជំងឺមហារីក​កូនកណ្តុរ​មាន​ពីរ​ប្រភេទ​សំខាន់​ៗ​គឺ ៖
១-​មហារីក​កូនកណ្តុរ​ប្រភេទ Hodgkin  កើត​លើ​មនុស្ស​គ្រប់​វ័យ ភាគច្រើន​លើ​បុរស​វ័យ​ចំណាស់​អាយុ​ជាង​៥០​ឆ្នាំ និង​បុរស​កើត​ជំងឺ​នេះ​ច្រើន​ជាង​ស្ត្រី ។ 
២-​មហារីក​កូនកណ្តុរ ប្រភេទ Non Hodgkin មាន​ប្រមាណ​៣០​ប្រភេទ​ផ្សេង​គ្នា និង ច្រើន​កើត​លើ​មនុស្ស​ពេញវ័យ បុរស​កើត​ជំងឺ​នេះ​ច្រើន​ជាង​ស្ត្រី និង​លើ​មនុស្ស​វ័យ​ចំណាស់ អាយុ​ចន្លោះ​ពី​៤០​ទៅ​៧០​ឆ្នាំ ។

លើ​មនុស្ស​វ័យ​ចំណាស់ មហារីក​កូនកណ្តុរ Non Hodgkin មានកា​រវិ​វ​ឌ្ឍ​យឺត​ៗ បុ​ន្តែ​វា មានកា​រវិ​វត្ត​លឿន និង​កាច​ខ្លាំង​លើ​មនុស្ស​ពេញវ័យ​និង​កុមារ​តូច​ៗ ។

ខ​-​រោគ​សញ្ញា​នៃ​ជំងឺ ៖
រោគ​សញ្ញា​ចម្បង​ៗ​នៃ​ជំងឺ​នេះ​មហារីក​កូនកណ្តុរ​មាន​ដូច​ជា ការ​ហើម​កូនកណ្តុរ​នៅ​ត្រង់​ក នៅ​ក្រោម​ក្លៀក ឬ​នៅ​ក្រលៀន ឬ​ដំបៅ ស្នាម​ក្រហម​ចម្លែក​ៗ​លើ​ស្បែក​។​ល​។ រោគ​សញ្ញា​ផ្សេង​ទៀត​រួម​ផ្សំ​មាន ក្តៅខ្លួន បែកញើស​ពេល​យប់ អស់កម្លាំង​ខ្លាំង ស្រក​ទម្ងន់​ដោយ​មិន​មាន​មូលហេតុ ។

គ​-​ការ​ធ្វើ​រោគវិនិច្ឆ័យ ៖
គេ​អាច​ដឹង​បាន​ថា​មាន​ជំងឺមហារីក​កូនកណ្តុរ​ដោយ​ការ​វះ​យក​កូនកណ្តុរ​១ ឬ​ផ្នែក​ណាមួយ​នៃ​ស្បែក ដែល​ស​ង្ស​យ័​ថា​មាន​កើត​ជំងឺ​នេះ​យក​ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​រក​មេរោគ​មហារីក​។ ការ​វិភាគ​រក​មើល​ស៊ែ​ន ដោយ​បច្ចេកវិទ្យា​ថ្មី អាច​ឱ្យ​យើង​ស្គាល់​ប្រភេទ​កោសិកា​មហារីក​កាន់តែ​ច្បាស់លាស់ ។ ការ​ធ្វើតេស្ត​ឈាម និង​តេស្ត​ពិសេស​ហៅ​ថា Flow cytometry (​ដើម្បី​តម្រៀប និង​កំណត់​ប្រភេទ​ផ្សេង​គ្នា​នៃ​កោសិកា​នៅ​ក្នុង​ឈាម​រួម​ទាំង​កោសិកា​មហារីក​កូនកណ្តុរ​) ។ ការ​បូម​ខួរឆ្អឹង ពិនិត្យ​រក​មេរោគ​មហារីក​កូន​កណ្តុរ ។ ការ​ថត CT ស្កេ​ន ឬ​ថត MRI នៅ​ទ្រូង​និង​ពោះ​ឬ​ការ​ថត​ដោយ​ប្រព័ន្ធ​បំ​ភាយ positron ពិសេស​ហៅ​ថា PET Scan ទាំងនេះ​គឺ​ដើម្បី​កំណត់​ដំណាក់កាល​នៃ​មហារីក​កូនកណ្តុរ (​ដំណាក់កាល​ទី​១-៤) ។

ឃ​-​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ជំងឺមហារីក​កូនកណ្តុរ​រួម​មាន ៖
ការ​ព្យាបាល​ដោយ​កាំរស្មី​សម្រាប់​ជំងឺមហារីក​កូនកណ្តុរ Hodgkin ដំណាក់កាល​ដំបូង​។ ការ​ព្យាបាល​ដោយ​ឱសថ​ទំនើប​ៗ​រួម​បញ្ចូល​គ្នា​ដើម្បី​សម្លាប់​កោសិកា​មហារីក​កូន​កណ្តុរ​​ដែល​វិវត្តន៍​លឿន​និង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ ។ Stem cell transplant ព្យាបាល​ដោយ​ប្តូរ​ខួរឆ្អឹង​ក្រហម ឬ​ដោយ​ប្តូរ​កោសិកា​ពូជ​ថ្មី​ៗ (Stem cell) សម្រាប់​ករណី​​មហារីក​កូនកណ្តុរ​ដែល​វិវត្តន៍​លឿន និង​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់​ខ្លាំង ។ ព្យាបាល​ដោយ​ដាស់​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាង​កាយ​យើង​ឱ្យ​សម្លាប់​កោសិកា​មហារីក​ដោយ​ខ្លួន​ឯង (Immunotherapy taps the body’s immune system to kill cancer cells or limit their growth) ។ ការ​ព្យាបាល​ដោយ​ប្រើ​អង្គ​បដិបក្ខ​ពិសេស​ៗ​បែប​ជីវ​សាស្ត្រ​​ទំនើប ដើម្បី​សម្លាប់​កោសិកា​មហារីក​កូនកណ្តុរ​យ៉ាង​ជាក់លាក់ (Monoclonal antibodies are very specific proteins that attack certain cells) និង​មិន​ប៉ះពាល់​ដល់​កោសិកា​ធម្មតា​ទេ ។ ការ​ព្យាបាល​ទំនើប​មួយ​នេះ​នាំ​មក​នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​កំពុង​ពេញ​និយម​បំផុត​នៅ​ប្រទេស​ជឿនលឿន ។

ង​-​ការ​ព្យាករ ៖
លទ្ធផល​នៃ​ការ​ព្យាបាល​ជំងឺមហារីក​កូនកណ្តុរ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ដូច​ជា​ប្រភេទ​មហារីក​កូនកណ្តុរ (type of lymphoma: Hodgkin or Non Hodgkin lymphoma, Low or High grade Lymphoma…etc)​។ ប្រភេទ​វិវត្តន៍​យឺត​ៗ​ជា​សះស្បើយ​បាន​ច្រើន​ជាង​ប្រភេទ​កាច​ៗ ដែល​វិវត្តន៍​លឿន ។ ដំណាក់កាល​របស់​ជំងឺមហារីក (cancer’s stage) ។ ដំណាក់កាល​ដំបូង​ៗ​ជា​សះស្បើយ​បាន​ច្រើន​ជាង ដំណាក់កាល​ធ្ងន់ធ្ងរ ទី​៣​ឬ​ទី​៤ ។ អាយុ​របស់​អ្នកជំងឺ​និង​សុខភាព​ទូទៅ (patient’s age and general health) ។ ចាស់ជរា​មាន​ជំងឺ​ប្រចាំ​កាយ​ដទៃ​ទៀត​ច្រើន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្ពស់ ។ តើ​មហារីក​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថ្មី​ៗ ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​ដំបូង ឬ​បាន​លាប់​ឡើង​វិញ​ដែរ​ឬទេ0x017d7 (whether the cancer is newly diagnosed, responds to initial treatment, or has come back) ។ ការ​លាប់​មក​វិញ​នៃ​ជំងឺ​នេះ មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​ជីវិត​ខ្ពស់​បំផុត​។ «​សូម​មក​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​របស់​យើង​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប្រសិនបើ​លោក​អ្នក​សម្គាល់​ឃើញ​មាន​ហើម​កូនកណ្តុរ​មួយ​ឬ​ច្រើន​ហើយ​ដែល​នៅ​តែ​បន្ត​កើន​ទំហំ​និង​ចំនួន ឬ​លោក​អ្នកមាន​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​មហារីក​កូនកណ្តុរ​ដូច​ជា​គ្រុនក្តៅ​រ៉ាំរ៉ៃ ការ​ស្រក​ទម្ងន់ និង​ការ​បែកញើស​ពេល​យប់​ច្រើន​ខុសធម្មតា​» ៕