ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​នាំ​យក​ស្បៀង​អាហារ​ និង​ថវិកា​ទៅ​ជូន​កង​ទ័ព​សមរ​ភូមិ​មុខ

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ អាជ្ញា​ធរ​ខេត្ត​ និង​សប្បុរស​ជន​ទូ​ទាំង​ខេត្ត​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ និងថវិកា​សរុប​ទាំង​អស់​ជាង​១៤២​លាន​រៀល​ទៅ​ចែក​ជូន​ និង​សួរ​សុខ​ទុក្ខ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​សមរភូមិ​មុខ​ទិស​ស្រុក​អន្លង់​វែង​ និង​ខេត្ត​ព្រះ​វិហារ​។ លោក​អ៊ុង អឿន អភិ​បាល​ខេត្ត​រួម​ដំណើរ​ជាមួយ​ថ្នាក់​ដឹក​នាំ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ អាជ្ញា​ធរ​ខេត្ត​ និង​សប្បុរស​ជន​ទូ​ទាំង​ខេត្ត​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ និងថវិកា​សរុប​ទាំង​អស់​ជាង​១៤២​លាន​រៀល​ទៅ​ចែក​ជូន​ និង​សួរ​សុខ​ទុក្ខ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​សមរភូមិ​មុខ​ទិស​ស្រុក​អន្លង់​វែង​ និង​ខេត្ត​ព្រះ​វិហារ​។

លោក​អ៊ុង អឿន អភិ​បាល​ខេត្ត​រួម​ដំណើរ​ជាមួយ​ថ្នាក់​ដឹក​នាំ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ អាជ្ញា​ធរ​ស្រុក​ ក្រុង​ និង​សប្បុរស​ជន​ទូ​ទាំង​ខេត្ត​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិ​ភោគ​​រួម​មាន​មី​ចំនួន​៧០០​កេស ត្រី​ខ​១០៣​កេស​ ទឹក​ស៊ីអ៊ីវ​ ទឹក​ត្រី​សរុប​៤០០​យួរ ទឹក​សុទ្ធ​៦០០​យួរ​ ប្រេង​ឆា​១៩២​ដប​ អំបិល​២០០​គីឡូ​ក្រាម​ សាប៊ូ​១.០០០​កញ្ចប់​​ ចាន​ជ័រ​ ខ្ទឹម​ ឆៃ​ប៉ូវ ឆៃ​ថាវ សាច់​ជ្រូក​ ស្ករ​ស​ ក្បឿង​ចំនួន​៤.០០០​សន្លឹក​ សរុប​ទឹក​ប្រាក់​អស់​១៤២.៤១២.០០០​រៀល​ ក្នុង​នោះ​​នំ​ធុង​ចំនួន​៦០​ធុង​ ជា​អំណោយ​របស់​លោក​កែ​ គឹម​យ៉ាន​ ។

ក្នុង​ដំណើរ​​សាក​សួរ​សុខ​ទុក្ខ​នោះ​ដែរ អាជ្ញា​ធរ​ខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​ជូន​បញ្ជា​ការ​ដ្ឋាន​កង​ពល​ធំ​អន្តរា​​គមន៍​លេខ​២​ប្រចាំ​ស្រុក​អន្លង់​វែង​ ថវិកា​ចំនួន​៥​លាន​រៀល រួម​ទាំង​ស្បៀង​អាហារ​មួយ​ចំនួន​ និង​៤០​លាន​រៀល​ទៀត​ជូន​ដល់​សមរ​ភូមិ​មុខ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដោយ​នាយ​ឧត្តម​សេនីយ៍​ហ៊ីង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​អង្គ​រក្ស​ជា​អ្នក​ទទួល​​។

បន្ទាប់​ពី​លោក​ឧត្តម​សេនីយ៍​ទោ អ៊ុយ សុភាព​ មេ​បញ្ជា​ការ​ជួរ​មុខ​ស្រុក​អន្លង់​វែង​ថ្លែង​អំណរ​គុណ​ និង​រៀប​រាប់​ពី​សកម្ម​ភាព​សៀម​ឈ្លាន​ពាន​ចង់​បាន​ទឹក​ដី​ខ្មែរ​ និង​ប្រាសាទ​ព្រះ​វិហារ​រួច​មក​ លោក​នាយ​ឧត្តម​សេនីយ៍​​ហ៊ីង ប៊ុន​ហៀង​ បាន​ថ្លែង​ថា ការ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ រួម​ទាំង​ថវិកា​របស់​​អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​សប្បុ​រស​ជន​នា​ឱកាស​នោះ​ គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ និង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​ដល់​នាយ នាយ​ទាហាន​រង​ ពល​ទាហាន​ទាំង​អស់ឱ្យ​រឹត​តែ​មាន​ទឹក​ចិត្ត​ និង​ឆន្ទៈ​ប្តូរ​ផ្តាច់​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ទ័ព​សៀម​ដែល​មាន​បំណង​ឈ្លាន​ពាន​បូរណ​ភាព​ទឹក​ដី និង​ប្រាសាទ​ជា​កេរ​តំណែល​មរតក​ពី​ដូន​តា​ខ្មែរ​យើង​ ហើយ​ក៏​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ផង​ដែរ​។ លោក​នាយ​ឧត្តម​សេនីយ៍​​បញ្ជាក់​ថា ពិសេស​អំណោយ​ និង​ការ​សួរ​សុខ​ទុក្ខ​នេះ​បញ្ជាក់​ថា សមរភូមិ​ក្រោយ​គឺ​ជា​ប្រភព​មិន​ចេះ​រីង​ស្ងួត​សម្រាប់​ទ្រ​ទ្រង់​សមរ​ភូមិ​មុខ ហើយ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្មែរ​ជួយ​ខ្មែរ​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ គឺ​មាន​បេះ​ដូង​តែ​មួយ​។

លោក​អ៊ុង អឿន មាន​ប្រសាសន៍​ថា​ ដោយ​មាន​ការ​ផ្សារ​ភ្ជាប់​រវាង​សមរ​ភូមិ​មុខ និង​សមរ​ភូមិ​​ក្រោយ​ និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កង​ទ័ព​សមរ​ភូមិ​មុខ​​ក្នុង​បុព្វ​ហេតុ​​ការ​ពារ​បូរណ​ភាព​​ទឹក​ដី​ និង​ប្រាសា​ទ​ពី​ការ​ឈ្លាន​ពាន​​របស់​ចោរ​សៀម បង​ប្អូន​ជា​សប្បុរ​សជន​​ដោយ​​មាន​ការ​បំផុស​​ពី​អាជ្ញា​ធរ​ខេត្ត​បាន​ប្រមូល​ថវិកា​ និង​ស្បៀង​អាហារ​ ព្រម​ទាំង​​មាន​ការ​នឹក​រលឹក​បាន​មក​សួរ​​សុខ​ទុក្ខ​ រួម​ទាំង​នាំ​យក​អំណោយ​ជា​ស្បៀង​អាហារ​ និង​ថវិកា​មក​ផ្តល់​ជូន​ផង​ដែរ ៕