ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅស្ពានត្រពាំងរពៅ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយប្រមាណជា ២១គីឡូម៉ែត្រ ដែលរងការខូចខាត បច្ចុប្បន្ននេះ ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន អះអាងថា នឹងមានការស្ថាបនាថ្មី ដោយប្រើបច្ចេកទេសបុកគ្រឹះជ្រៅដូចជាគ្រឹះស្ពាន តាមស្ថានភាពដីផ្នែកខាងក្រោម។
គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ ដោយប្រើបច្ចេកទេសបុកគ្រឹះជ្រៅ ដូចគ្រឹះស្ពាននេះ គឺក្រោយអ្នកជំនាញការចិន សិក្សារកឃើញថា ស្រទាប់ដីផ្នែកខាងក្រោមកំណាត់ផ្លូវនោះ ពិសេសចន្លោះពីរង្វង់មូលវាលរេញ ទៅស្ពានកំពង់ស្មាច់ ចម្ងាយប្រមាណជា ៤គីឡូម៉ែត្រ ជាប្រភេទដីភក់ មមោកសមុទ្រ (ទន់ជ្រាយ) បើមិនធ្វើគ្រឹះ ខាងក្រោមឲ្យជ្រៅទេ ការស្ថាបនាផ្លូវនេះ មិនជាប់ឡើយ។
ក្រៅពីចំណុចនេះ នៅតាមគន្លងផ្លូវពីស្ពានកំពង់ស្មាច់ ក្នុងឃុំសាមគ្គី ទៅដល់ស្ពានត្រពាំងរពៅ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ក៏នឹងមានរៀបចំគ្រឹះពីក្រោម ទៅតាមស្ថានភាពដី ដើម្បីធានាថា ការស្ថាបនាផ្លូវថ្មីនេះ នឹងមិនងាយរងការខូចខាតទៀតឡើយ។
មន្ត្រីជំនាញដដែលថ្លែងថា ការធ្វើផ្លូវត្រង់ចំណុចនេះ នឹងចំណាយថវិកាច្រើន ដោយសារតែចាំបាច់ ត្រូវបុកគ្រឹះ ដែលតាមការសិក្សារបស់ក្រុមហ៊ុនជំនាញផ្លូវថ្នល់ពីប្រទេសចិន ឲ្យដឹងថា លើកំណាត់ផ្លូវពីវាលរេញ ទៅត្រពាំងរពៅ ប្រវែងប្រហែល ២១គីឡូម៉ែត្រនេះ គេរកឃើញថា មានស្រទាប់ដីខាងក្រោម ទន់ជ្រាយ ប្រភេទដីភក់ មមោកសមុទ្រប្រវែងយ៉ាងតិច ៥គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញ ទៅស្ពានត្រពាំងរពៅ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមក ត្រូវបានជួសជុលជាបន្តបន្ទាប់។ ប៉ុន្តែមិនជាប់ល្អ ដែលមន្ត្រីជំនាញ អះអាងថា ដោយសារតែបញ្ហាស្រទាប់ដីខាងក្រោមទន់ជ្រាយ។ ចំពោះការជួសជុលស្ថាបនាថ្មីឡើងវិញ មន្ត្រីសាធារណៈការ ប្រាប់ថា អាចនឹងធ្វើឡើង នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕



ចែករំលែកព័តមាននេះ