រាជធានីភ្នំពេញ ៖ តាមការស្រាវជ្រាវវេជ្ជសាស្ត្រអាការបែបនេះ ច្រើនបង្កឡើងដោយជំងឺគ្រាប់ឈាម ។ ជំងឺទាំងនោះអាចបណ្តាលមកពីវិបត្តិកំណកឈាម ឬគ្រាប់ឈាមប្លាកែតថយចុះខ្លាំង ខុសប្រក្រតី (thrombopénies) ។
១-រោគសញ្ញាខ្លះៗដែលលោកអ្នកគួរចាប់អារម្មណ៍គឺ ស្នាមអុជតូចៗពណ៌ក្រហមដូចមូសខាំនៅលើស្បែកពិសេសលើអវយវៈ ។ ស្នាមជាំពេលប៉ះពាល់តិចតួច ឬក្រោយពេលចាក់ថ្នាំ ។ ស្នាមជាំឯងៗដោយមិនបានដឹងខ្លួន ។ អាចចេញឈាមតាមជើងធ្មេញដោយឯង ឬពេលដុសធ្មេញ។ ចំពោះស្ត្រីមានរដូវមកច្រើន និងក្នុងរយៈពេលវែងខុសធម្មតា។ អាចមានលាមកពណ៌ខ្មៅផុកៗ ឬទឹកនោមមានឈាមជាសញ្ញាធ្ងន់ធ្ងរ ។
២-មូលហេតុខ្លះៗ ដែលបណ្តាលឱ្យមានបញ្ហាបែបនេះ៖
ក-ការផលិតគ្រាប់ឈាមប្លាកែតថយចុះ កង្វះជីវជាតិB12 ការពិសាស្រាលើសចំណុះ និងរយៈពេលយូរ ជំងឺឆ្លងខ្លះដែលបណ្តាលមកពីវីរុស (ឧទាហរណ៍ៈ ជំងឺផ្តាសាយ ជំងឺគ្រុនឈាម ជាដើម) ជំងឺមហារីកឈាម ។
ខ-ការបំផ្លាញប្លាកែតក្នុងសរសៃឈាម អ្នកជំងឺមានអង្គបដិបក្សប្រឆាំងនឹងប្លាកែត (PTI, purpura thrombopénique idiopathique) ការប្រើប្រាស់ថ្នាំផ្សះច្រើន ស្ត្រីមានផ្ទៃពោះខ្លះ ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី លក្ខណៈជាប្រព័ន្ធ (maladies systémiques) ។
៣-មានបញ្ហាបែបនេះ យើងត្រូវដោះស្រាយយ៉ាងដូចម្តេច?
ក-លោកអ្នកគួរមកជួបវេជ្ជបណ្ឌិតជំនាញជំងឺឈាម ដើម្បីស្វែងរករោគវិនិច្ឆ័យពិតប្រាកដ ដើម្បីធ្វើការព្យាបាលឱ្យបានជាសះស្បើយតាមក្បួនវេជ្ជសាស្ត្រ ។ គេធ្វើរោគវិនិច្ឆ័យដោយបូមឈាម និងខួរឆ្អឹងយកទៅវិភាគនៅមន្ទីរពិសោធន៍ ដើម្បីកំណត់ប្រភេទ និងមូលហេតុនៃជំងឺនេះ ។
ខ-ការព្យាបាល ៖ ការព្យាបាលតាមមគ្គុទេ្ទសក៍ព្យាបាលសកល (universal guidelines) អាចព្យាបាលដោយថ្នាំប្រឆាំងនឹងការបំផ្លាញប្លាកែត និងព្យាបាលមូលហេតុផ្សេងៗទៀត ដែលធ្វើឱ្យការផលិតប្លាកែតថយចុះ ។
៤-អនុសាសន៍របស់វេជ្ជបណ្ឌិត ៖ ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកទទួលការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតជំនាញ ផ្នែកជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលឱ្យទាន់ពេលវេលា និងឈានទៅជាសះស្បើយបាន ៕
ចែករំលែកព័តមាននេះ