ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

U-23 មីយ៉ាន់ម៉ា ប្រកាសដកខ្លួនពីពាន AFF U23 នៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នេះចាត់ទុកថា គឺជាដំណឹងល្អផង មិនល្អផង សម្រាប់អ្នកគាំទ្រការប្រកួតបាល់ទាត់អន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយសារតែទើបតែមានដំណឹងថា ក្រុមឥណ្ឌូនេស៊ី ដកខ្លួនពីការប្រកួតសោះ…

ភ្នំពេញ៖ នេះចាត់ទុកថា គឺជាដំណឹងល្អផង មិនល្អផង សម្រាប់អ្នកគាំទ្រការប្រកួតបាល់ទាត់អន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយសារតែទើបតែមានដំណឹងថា ក្រុមឥណ្ឌូនេស៊ី ដកខ្លួនពីការប្រកួតសោះ ពេលនេះ ក្រុមខ្លាំង គឺមីយ៉ាន់ម៉ា ក៏ប្រកាសដកខ្លួនថែមមួយក្រុមទៀតហើយ។ នេះក៏ចាត់ទុកថា គឺជាករណីមិនរលូនផងដែរ ប្រសិនបើក្រុមទាំងអស់ មិនអាចប្រជែងគ្នាស្មើភាព។

ការបន្តដកខ្លួននេះ ថ្វីត្បិតតែដើម្បីសុវត្ថិភាពកីឡាករ និងអ្នកគាំទ្រ ប៉ុន្តែប្រសិនបើម្ចាស់ផ្ទះ គឺក្រុមកម្ពុជា មានឱកាសចូលវគ្គ ៤ក្រុម ចុងក្រោយ ឬឈានដល់វគ្គផ្តាច់ព្រ័ត្រ ប្រជែងពាន ក៏មិនសូវពេញមុខពេញ​មាត់ផងដែរ ដោយសារតែក្នុងចំណោម ១១ក្រុម ទាំងម្ចាស់ផ្ទះ គឺដកខ្លួនអស់ ២ក្រុមទៅហើយ ខណៈដែល​ក្រុមដទៃ ក៏មិនទាន់ច្បាស់ថា តើមានសុវត្ថិភាពដល់ចប់ ឬមានកត្តាណាមួយ បង្ខំអោយដកខ្លួនពីការប្រកួត។

​សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា (MFF) បាន​ជូន​ដំណឹង​ដល់​សហព័ន្ធ​កី​ឡា​បាល់​ទាត់​អាស៊ាន (AFF) នៅ​ថ្ងៃទី១៥កុម្ភៈនេះ​​ថា ពួកគេ​សម្រេចដក​ខ្លួន​ ចេញ​ពី​ការប្រកួតពាន​រង្វាន់ AFF U23 Championship 2022 នេះហើយ ដោយ​សារ​ផល​វិបាក​នៃ​ជំងឺ​កូវីដ-១៩ ដែលធ្វើអោយក្រុមប្រទេសមីយ៉ាន់ម៉ា បារម្ភពីសុវត្ថិភាព។ ការប្រកាស​ដកខ្លួននេះ គឺបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២២ ​ខណៈដែល​មីយ៉ាន់ម៉ា ត្រូវប្រកួតជាមួយ​ម៉ាឡេស៊ី ក្នុងពូល B នាម៉ោង ៤រសៀលនេះ​។

ការប្រកាសរបស់មីយ៉ាន់ម៉ា គឺជាផ្នែកមួយ​នៃវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រកួត ​ដែល​កំពុង​ដំណើរ​ការ U23 បើទោះជា ក្រុមមីយ៉ាន់ម៉ា បានឆ្លងកាត់ការធ្វើតេស្តជាប្រចាំមុន និង​ក្រោយ​ពេលមកដល់​កម្ពុជា។

បន្ទាប់​ពី​ការ​បញ្ជាក់​​ពីការធ្វើតេស្តវិជ្ជមាន ​ក្នុង​ចំណោមកីឡាករមួយចំនួន ការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើង​ដោយ​មីយ៉ាន់ម៉ា ប្រកាសដកក្រុមចេញពីការប្រកួត ដើម្បី​ជួយ​កាត់​បន្ថយ​​ហានិ​ភ័យនៃការឆ្លងបន្ថែមទៀត។

កីឡាករ និង​បុគ្គលិក​ ដែលត្រូវ​បាន​គេកំណត់ថា ជាអ្នកមានទំនាក់ទំនងជិតស្និទ្ធ ក៏ត្រូវបានដាក់ឱ្យ​នៅ​ដាច់​ដោយឡែកផងដែរ។

គ្មានការរកឃើញថា កីឡាករក្រុមមីយ៉ាន់ម៉ានេះ មានកូវីត១៩ ដូចក្រុមឥណ្ឌូនេស៊ី ដែលប្រកាសដកខ្លួនមុន​នោះទេ។ តែក្រុមមីយ៉ាន់ម៉ា បានបង្ហាញពីការព្រួយបារម្ភ បន្ទាប់ពីក្រុមការងាររបស់ខ្លួន ជួបហានិភ័យ ហើយ​សម្រេចអោយកីឡាករទាំងអស់ ដកខ្លួនតែម្ដង ដោយចង់ទុកពេលអោយក្រុមមួយនេះ មានសុវត្ថិភាព និង​ដើម្បីត្រៀមខ្លួន ត្រលប់ទៅផ្ទះ​វិញតែម្ដង។

នាយឧត្តមសេនីយ៍ ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡា​បាល់ទាត់អាស៊ាន (AFF) មានប្រសាសន៍ថា «ពិត​ជា​មាន​ការ​សោក​ស្តាយ​ជាខ្លាំង ដែលក្រុម U23 មីយ៉ាន់ម៉ា ដកខ្លួនចេញពីពានរង្វាន់ AFF U23 Championship។ ទោះជា​យ៉ាងណាក៏ដោយ សុខភាព និងសុវត្ថិភាពរបស់អ្នកគ្រប់គ្នា ដែលពាក់ព័ន្ធ គឺមានសារៈសំខាន់បំផុត ហើយយើង​យល់ច្បាស់អំពីការសម្រេចចិត្ត ដែលបានធ្វើឡើង។ យើងសូមជូនពរសមាជិក ដែលរងផលប៉ះពាល់ បានជាសះ​ស្បើយពេញលេញ និងឆាប់រហ័ស»។

តាមកម្មវិធី ដែលបានគ្រោងទុក មីយ៉ាន់ម៉ា  នៅក្នុងពូល B ត្រូវប្រកួត នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ទល់នឹងម៉ាឡេស៊ី។ តែក្រោយការបោះបង់នេះ គឺធ្វើអោយពូលB បាត់បង់ក្រុមខ្លាំង អស់ ២ក្រុម គឺឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។

យ៉ាងណាមិញ រូបមន្តគឺនៅតែរក្សាដដែល ដែលមានន័យថា ក្នុងពូលទាំង៣ គឺស្វែងរកក្រុម១ ដែលមានពិន្ទុខ្ពស់​ជាងគេ អោយឡើងវគ្គ១ភាគ៤ ហើយក្រុមលេខ២ ក្នុងពូលនីមួយៗ គឺកំណត់យកតែក្រុមណា ដែលមានគ្រាប់​បាល់​ច្រើនជាងគេប៉ុណ្ណោះ អោយឡើងប្រកួតប្រកួតខ្វែង។

ការសម្រេចបោះបង់ការប្រកួតនេះ ក៏កំពុងក្លាយជាប្រវត្តិសាស្ត្រមួយផងដែរ ដែលការប្រកួតបាល់ទាត់អន្តរជាតិ AFF U23 គឺមានក្រុមខ្លាំងដល់ទៅ ២ សុំដកខ្លួន។  

សូមបញ្ជាក់ថា  ​ព្រឹត្តិការណ៍បាល់ទាត់ AFF U23 Championship 2022 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ធ្វើឡើង​ ចាប់ពីថ្ងៃទី ១៤-២៦ ខែកុម្ភៈ ដោយមាន ១៩ប្រកួត​ ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងនៅពហុកីឡដ្ឋាន Prince។

ការប្រកួតនេះ មាន ១១ប្រទេសចូលរួម ​តែឥណ្ឌូ​នេស៊ី កាលពីប៉ុន្មានថ្ងៃមុនចាប់ផ្តើមប្រកួត​ បានសម្រេច​ដកខ្លួន​ចេញពីការប្រកួត ដោយសារតែមានកីឡាករច្រើននាក់ បានឆ្លងកូវីដ១៩​។ ប្រទេស ១០ ដែលចុះឈ្មោះ ប្រកួត ចែកជា ៣ពូល រួមមាន៖ ពូលA មានកម្ពុជា ទីម័រ ហ្វីលីពីន និង​ប្រ៊ុយណេ។ ពូលB មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ ពូលC មាន ថៃ វៀតណាម និងសិង្ហបុរី។​

តែពេលនេះ មីយ៉ាន់ម៉ា បានប្រកាសដកខ្លួនថែមទៀត។ នាំឱ្យពូល B នៅសល់តែ ២ក្រុមប៉ុណ្ណោះ គឺម៉ាឡេស៊ី និងឡាវ​។

នៅ​ពូល A ដែលប្រកួតលើកទី១ នៅថ្ងៃ​ទី​១៤​កុម្ភៈ បើក​ឆាក​នេះ កម្ពុជា ឈរនៅកំពូលតារាង មាន ៣ពិន្ទុ ដោយយកឈ្នះព្រុយណេ ៦-០ ទីម័រ លេខ២ មាន ១ពិន្ទុ ដោយស្នើជាមួយហ្វីលីពីន មាន ១ពិន្ទុដូចគ្នា។ រីឯប្រុយណេ នៅបាតតារាង ០ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ