ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ បើកល្បែង​អនឡាញ តែពេលឆ្មក់ចូលឆែក​ឆេរ រកឃើញផ្ទះក្បែរ​នោះ ស្តុក​កុំព្យួទ័រ គេចពន្ធ​!

3 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន៖ ក្រុមប៉ូលិស បានឆ្មក់ចូលឆែកឆេរក្នុងផ្ទះល្វែងមួយកន្លែង ដោយសង្ស័យថា ម្ចាស់ផ្ទះ បើកល្បែង​អនឡាញ។ តែនៅពេលឆែកឆេរផ្ទះក្បែរគ្នានោះ ក៏រកឃើញ កុំព្យួទ័រគេចពន្ធជាច្រើនគ្រឿង។ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់…

ប៉ៃលិន៖ ក្រុមប៉ូលិស បានឆ្មក់ចូលឆែកឆេរក្នុងផ្ទះល្វែងមួយកន្លែង ដោយសង្ស័យថា ម្ចាស់ផ្ទះ បើកល្បែង​អនឡាញ។ តែនៅពេលឆែកឆេរផ្ទះក្បែរគ្នានោះ ក៏រកឃើញ កុំព្យួទ័រគេចពន្ធជាច្រើនគ្រឿង។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ សហការជាមួយនឹងកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីលោកមេភូមិផ្សារព្រំជើង និងប្រជាការពារមួយចំនួន បានឆ្មក់ចូលឆែកឆេរក្នុងផ្ទះល្វែងមួយ​កន្លែង ខណ:គេសង្ស័យថា ម្ចាស់ផ្ទះនេះលួចបើកល្បែងអនឡាញ ដោយរឹបអូសបានកុំព្យួទ័រ និងសម្ភារ:ផ្សេងៗមួយចំនួនផងដែរ។

ហេតុការណ៍កម្លាំងសមត្ថកិច្ចនគរបាល ចុះឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយកន្លែងនេះ បានធ្វើឡើង នៅវេលាម៉ោង ០៥និង០៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ​លក់​ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិខាងលើ ដោយគេសង្ស័យថា លួចបើកល្បែងអនឡាញ។

​ការចុះឆ្មក់ចូលឆែកឆេរផ្ទះខាងលើនេះដែរ គឺធ្វើឡើងក្រោមការដឹកនាំដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន។

ប្រភពបន្តទៀតថា វត្ថុតាងដែលដកហូតបាន រួមមាន៖ ម៉ូនីទ័រ ចំនួន ៥គ្រឿង តុសម្រាប់តាំងកុំព្យួទ័រ ចំនួន ០២ឈុត ស៊ីភីយូ (CPU) ១០គ្រឿង គ្រាប់កាំភ្លើងចំនួន ៣គ្រាប់ ម៉ាកលុក ៩មីលីម៉ែត្រ ម៉ាស៊ីនព្រីនចំនួន ២គ្រឿង ខ្សែអ៊ីនធើណេត network ពណ៌ខៀវចំនួនមួយកេះធំ និងពណ៌ខ្មៅចំនួន ៦ដុំតូច ឃីបត (keyboard) ចំនួន ១១ដើម ដុំហាដឌីស(Hard Disk) ចំនួន ០២ដុំ និងមិនស្គាល់ម៉ាកចំនួន ០១ដុំតូច ម៉ាស៊ីនផ្ទុកភ្លើង ចំនួន០៦គ្រឿង ស្លាក​លេខនគរបាលចំនួនពីរសន្លឹក នគរបាល 2-7115 វ៉ាយលេស(wireless WiFi) ចំនួន ០១ គ្រឿង។

ប្រភពដដែលបញ្ជាក់ថា រហូតដល់វេលាម៉ោង ៥ និង៥០នាទីល្ងាចថ្ងៃដដែល ប៉ូលិស ក៏បានឆែកឆេរផ្ទះល្វែង ១កន្លែងទៀត នៅខាងមុខផ្ទះសង្ស័យបើកអនឡាញនោះ ក៏បានរកឃើញកុំព្យូទ័រ ដែលគេចពន្ធក្នុងផ្ទះ​ចំនួន​ពីរល្វែង។ ប៉ូលិស បានបន្តឆែកឆេរ និងរាប់ចំនួនកុំព្យួទ័រទាំងនោះ។ វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ