ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ​សម្រាប់​ស្ដ្រី

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាពស្លេកស្លាំង​ផ្តើម​ចេញពី​មនុស្ស​យើង​មិន​មាន​កោសិកា​ឈាមក្រហម​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង ។ កំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​នឹង​មាន​ហានិភ័យ​ខ្ពស់​ជាង

រាជធានី​ភ្នំពេញ ៖ ភាពស្លេកស្លាំង​ផ្តើម​ចេញពី​មនុស្ស​យើង​មិន​មាន​កោសិកា​ឈាមក្រហម​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង ។  កំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​នឹង​មាន​ហានិភ័យ​ខ្ពស់​ជាង​អ្នក​ដទៃ​ក្នុង​ការ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​មូលហេតុ​កង្វះ​ជាតិ​ដែក​ជា​ចម្បង​។ ការ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​ធ្វើ​ឱ្យ​ស្ត្រី និង​ទារក​ក្នុង​ផ្ទៃ​ខ្សោយ​និង​ហត់​ហេវ​អស់កម្លាំង​ជាង​ធម្មតា ។

១-​តើ​អ្វី​ដែល​បណ្តាល​ឱ្យ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ? បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​រាង​កាយ​របស់​មនុស្ស​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែល​ជា​ប្រូ​តេ​អីុ​ន​នៅ​ក្នុង​កោសិកា​ឈាមក្រហម ដែល​មាន​តួនាទី​ដឹក​ជញ្ជូន​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង​។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ តម្រូវការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កើនឡើង​ទ្វេ​ដង ដើម្បី​ជួយ​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​របស់​គេ ។ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​បាន​គ្រប់គ្រាន់ ឬ​ទទួលទាន​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ក្នុង​ពេល​មាន​ផ្ទៃពោះ​នោះ នឹង​ងាយ​កើត​មាន​ភាពស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក ។

២-​មូលហេតុ​ផ្សេង​ៗ​ទៀត​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ គឺ​ជំងឺ​អេ​ម៉ូ​ក្លូ​ប៊ី​ន ឬ​ជំងឺ​គ្រាប់​ឈាម​ផ្សេង​ៗ​ទៀត ករណី​នេះ​តម្រូវ​ឱ្យ​អ្នកជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ឈាម ដើម្បី​រក​រោគវិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់លាស់ ។

៣-​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​អំឡុង​ពេល​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម ៖ ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​​មិន​គ្រប់​ខែ ឬ​ទារក​កើតមក​មាន​ទម្ងន់​ទាប ឬ​ទារក​ខ្សោយ ។ 

៤-​កត្តា​ប្រឈម​ដែល​អាច​ឱ្យ​មានការ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ ៖ ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ​រួម​មាន ស្ត្រី​ដែល​មានកូន​ច្រើន​ហើយ​ញឹក​, ស្ត្រី​ដែល​មាន​ផ្ទៃពោះ មាន​ទារក​ច្រើន​ជាង​មួយ​(​កូនភ្លោះ​), ស្ត្រី​ដែល​ដែល​ក្អួត​ញឹកញាប់​ដោយសារ​ចាញ់កូន​, ស្ត្រី​ដែល​ពិសា​ជាតិ​ដែក​មិន​បាន​គ្រប់គ្រាន់​, ស្ត្រី​ដែល​មាន​ប្រវត្តិ​ហូរ​ឈាមរដូវ​ច្រើន​មុន​ពេល​មាន​ផ្ទៃពោះ ។

៥-​រោគ​សញ្ញា​នៃ​ការ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ ៖ ក្នុង​ករណី​ស្លេកស្លាំង​នៅ​កម្រិត​ស្រាល​នោះ មិន​មាន​រោគ​សញ្ញា​ណាមួយ​លេច​ចេញ​ឡើយ គឺ​មាន​តែ​ការ​ពិនិត្យ​គ្រាប់​ឈាម​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ស្វ័យប្រវត្តិ​ទើប​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​បាន ។ តែបើ​ក្នុង​ករណី​ភាពស្លេកស្លាំង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ រោគ​សញ្ញា​ដូច​ខាងក្រោម​នឹង​ស្ដែង​ចេញ​ដូច​ជា អស់កម្លាំង​ខ្លាំង​និង​ទន់ខ្សោយ​, ស្បែក​ស​ស្លេក​ជាង​ធម្មតា​, មានការ​ញ័រ​ទ្រូង ញ័រ​បេះដូង​, ហត់ ដង្ហើម​ខ្លី​, វិលមុខ​ឬ​ឈឺក្បាល ។

ចំណាំ ៖ ជា​ទូទៅ​រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​គ្រប់​ឈាមក្រហម​មួយ​ចំនួន​អាច​ស្រ​ដៀង​គ្នា​ទៅ​នឹង​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ទូទៅ​ដែរ ។ ទោះ​មាន ឬ​មិន​មាន​រោគ​សញ្ញា គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ត្រូវ​បាន​ធ្វើតេស្ត​ឈាម​ក្នុង​ពេល​ពិនិត្យ​សុខភាព​មុន​ពេល​សម្រាល ។

៦-​វិធី​ការពារ និង​ព្យាបាល ៖ វិធី​ការពារ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ធម្មតា​គឺ​ការ​ផ្តល់​ថ្នាំ​វីតាមីន​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​បរិមាណ​គ្រប់គ្រាន់ ។ ការ​ទទួលទាន​ពួក​វីតាមីន និង​ជាតិ​ដែក​អាច​ជួយ​ការពារ​និង​ព្យាបាល​ភាពស្លេកស្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ អំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវការ​ជាតិ​ដែក​២៧​មី​ល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ ។  អាហា រូប​ត្ថ​ម្ភ​ល្អ​អាច​ការពារ​ភាពស្លេកស្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ ។ អាហារ​សម្បូរ​ជាតិ​ដែក​រួម​មាន សាច់​ក្រហម​គ្មាន​ខ្លាញ់​, សាច់​មាន់​, សាច់​ត្រី​, គ្រាប់​ធញ្ញជាតិ​, សណ្តែក និង​បន្លែ ។ ដើម្បី​បង្កើន​ការ​ស្រូប​យកជាតិ​ដែក​ពី​ប្រភព​សាច់ រុក្ខជាតិ និង​ថ្នាំ​គ្រាប់ គួរ​ពិសា​ជាមួយ​អាហារ​ដែល​មាន​វីតាមីន​សេ​ខ្ពស់​ដែល​មាន​ដូច​ជា ទឹកក្រូច​ច្របាច់ ទឹក​ប៉េងប៉ោះ​ឬ strawberries ។ ប្រសិនបើ​អ្នក​បាន​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ជាមួយនឹង​ទឹកក្រូច គួរ​ចៀសវាង​ការ​ប្រើ​ពពួក​ជាតិ​កាល់ស្យូម​ក្នុង​ពេល​ព្រម​គ្នា​តែ​មួយ ។

ទោះបីជា​សារធាតុចិញ្ចឹម​កាល់ស្យូម​មាន​សារៈសំខាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ជាតិ​កាល់ស្យូម​អាច​បន្ថយ​ការ​ស្រូប​យកជាតិ​ដែក ។

បញ្ជាក់​ថា ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​កំពុង​ប្រើ​ពួក​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​គ្រប់គ្រាន់ នៅ​តែ​មាន​ភាព​ស្លេក​សាំ្ល​ង​នោះ ការ​ធ្វើតេស្ត​វេជ្ជសាស្ត្រ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​កង្វះ​គ្រាប់​ឈាមក្រហម​ផ្សេង​ទៀត​ជា​ការ​ចាំបាច់ ។  ក្នុង​ករណី​នេះ ការ​មក​ពិគ្រោះ​បន្ទាន់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​រោគ​ស្ត្រី និង​សម្ភព រួម​នឹង​វេជ្ជបណ្ឌិត​ជំនាញ​គ្រាប់​ឈាម គឺជា​ជម្រើស​ល្អ​បំផុត ។ «​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម គឺ​ដើម្បី​សុខភាព​កូន និង​មាតា និង​សម្រាប់​សុភមង្គល​គ្រួសារ​ទាំង​មូល​» ៕