រាជធានីភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីម ជិះឆ្លងផ្លូវបុកម៉ូតូស្តេបដួលរងរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ទៅព្យាបាលនៅគ្លីនិកឯកជនអស់ហើយ នៅសល់តែម៉ូតូមិនទាន់បានលើកទៅដាក់ចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តដឹកភ្ញៀវទេសចរណ៍ដែលប្រញាប់ដឹកជនជាតិបរទេសឡើងយន្តហោះ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមអូសជាប់ក្រោមរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២១ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខស្ថានីយប្រេងឥន្ធនៈស៊ូគីម៊ិច ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានដឹកអ្នករងរបួសធ្ងន់២នាក់យកទៅព្យាបាលនៅ គ្លីនិកឯកជន ចំណែកឯអ្នករងរបួសស្រាលបានទៅព្យាបាលនៅគ្លីនិកនៅក្បែរកន្លែងកើតហេតុ រីឯម៉ូតូទាំងពីរគ្រឿងមិនទាន់បានវាស់វែងយកទៅទុកអែបខាងនៅឡើយផង ស្រាប់តែមានរថយន្តដឹកភ្ញៀវទេសចរណ៍ ពាក់ស្លាកលេខ ព្រះសីហនុ 3C 9651 ដឹកបរទេសប្រញាប់ឡើងយន្តហោះ ដើម្បីត្រឡប់ទៅប្រទេសកំណើតវិញ បើកពីលិចទៅកើត មកដល់ផ្លូវងងឹត ហើយលឿនមើលអត់ឃើញសញ្ញាសម្គាល់ និងម៉ូតូនៅកណ្តាលថ្នល់បានបើកបុកម៉ូតូអូសជាប់ក្រោមរថយន្តជិត១០០ម៉ែត្រ ទើបអ្នកបើកបរឈប់ទាញម៉ូតូចេញពីក្រោមរថយន្ត ដោយប្រញាប់នាំភ្ញៀវឡើងយន្តហោះ ក៏បម្រុងបើករថយន្តទៅមុខទៀត ទើបធ្វើឲ្យប្រជាពលរដ្ឋឃើញហេតុការណ៍ផ្ទុះហិង្សា ដោយសារតែបើករថយន្តបុកម៉ូតូហើយមិនទទួលខុសត្រូវ ។ ប្រជាពលរដ្ឋបានរារាំងមិនឲ្យសាងភ្ញៀវបរទេសពីកន្លែងកើតហេតុទេ ទាល់តែសមត្ថកិច្ចមកជួយសម្រួលឲ្យហៅរថយន្តមួយគ្រឿងទៀតមកដឹកភ្ញៀវបរទេសទៅឡើងយន្តហោះ ដើម្បីកុំឲ្យខកខានដំណើរ ។
ចែករំលែកព័តមាននេះ