ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​លើ​អ្នកតា តើ​អ្នកតា​ជា​អ្វី ?

3 ឆ្នាំ មុន

អម្បូរ​មនុស្ស​ទាំងឡាយ​នៅ​លើ​លោក​យើង​នេះ​គ្មាន​ជនជាតិ​ណាមួយ​ដែល​ថា​គ្មាន​ជំនឿ​សាសនា ឬ​អា​រុក្ខ​អារក្ស​អ្នតា​នោះ​ទេ ។ គ្រប់​ជាតិ​សាសន៍​ទាំងអស់​តែង​មាន​សាសនា​ជា​គោល​សម្រាប់​គោរព​ប្រតិបត្តិ​សាសនា​របស់​គេ​រៀង​ៗ​ខ្លួន យ៉ាងណា​ជនជាតិ​ខ្មែរ​យើង​ក៏​គោរព​សាសនា​ដូច​គេ​ដូច​ឯង​ដូច្នោះ​ដែរ ។ ជា​ការ​ពិត​ណាស់​តាំងពី​បុរាណកាល​រៀង​រហូត​មក ជំនឿ​សាសនា​តែង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​និច្ច​ទៅ​នឹង​សេចក្ដី​ប៉ងប្រាថ្នា ការ​ចង់​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប ។…

អម្បូរ​មនុស្ស​ទាំងឡាយ​នៅ​លើ​លោក​យើង​នេះ​គ្មាន​ជនជាតិ​ណាមួយ​ដែល​ថា​គ្មាន​ជំនឿ​សាសនា ឬ​អា​រុក្ខ​អារក្ស​អ្នតា​នោះ​ទេ ។ គ្រប់​ជាតិ​សាសន៍​ទាំងអស់​តែង​មាន​សាសនា​ជា​គោល​សម្រាប់​គោរព​ប្រតិបត្តិ​សាសនា​របស់​គេ​រៀង​ៗ​ខ្លួន យ៉ាងណា​ជនជាតិ​ខ្មែរ​យើង​ក៏​គោរព​សាសនា​ដូច​គេ​ដូច​ឯង​ដូច្នោះ​ដែរ ។ ជា​ការ​ពិត​ណាស់​តាំងពី​បុរាណកាល​រៀង​រហូត​មក ជំនឿ​សាសនា​តែង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​និច្ច​ទៅ​នឹង​សេចក្ដី​ប៉ងប្រាថ្នា ការ​ចង់​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប ។ ប្រទេស​ខ្មែរ​យើង​នៅ​សម័យ​ដំបូង​គឺ​មិន​ទាន់​មាន​សាសនា​ណា​ចូល​មក​លាយឡំ​ក្រៅពី​សាសនា​ម្ចាស់​ស្រុក ឬ​ជំនឿ​អ្នកតា​អ្នកដូន​នោះ​ទេ ។ តើ​អ្នកតា​ជា​អ្វី ?

អ្នកប្រាជ្ញ​ខាង​ទំនៀមទម្លាប់​វប្បធម៌​ខ្មែរ​បាន​អះអាង​ថា «​អ្នកតា​ជា​ព្រលឹង​នៃ​ជន​ដែល​ស្លាប់​ទៅ​ហើយ តែ​នៅ​ថែរក្សា​មើល​សុខទុក្ខ​ដល់​កូនចៅ​តទៅ​ទៀត​» ។ បើជា​ស្រី​គេ​ហៅ​ថា អ្នកដូន ។ ខ្មែរ​ជឿ និង​គោរព​បុព្វបុរស​ដែល​ស្លាប់​ទៅ ។ អ្នកតា​តំណាង​ឱ្យ​ធម្មជាតិ និង​មនុស្ស​ដែល​ស្លាប់​ទៅ ។ គេ​យក​ដុំ​ថ្ម ឬ​ដើមឈើ​ជា​តំណាង​អ្នកតា​» ។

មតិ​ខ្លះ​យល់​ថា អ្នកតា​ជា​ព្រលឹង​ម្ចាស់​ទឹក​ម្ចាស់​ដី ព្រលឹង​ម្ចាស់​ស្រុក​នីមួយ​ៗ​នៅ​តាម​ភូមិ ឃុំ ស្រុក ខេត្ត ដោយ​មាន​លំដាប់ថ្នាក់​ធំ​តូច មាន​ភារកិច្ច​ទទួលខុសត្រូវ​ចំពោះ​មុខ​អ្វី​ៗ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​តំបន់​របស់​ខ្លួន ។ ឯ​និមិត្ត​រូបតំ​ណា​ង​អ្នកតា​ភាគច្រើន​ជា​ឫស​ឈើ​ធំ​ៗ​មាន​រូបភាព​ចម្លែក​ៗ ឬ​ជា​ដុំ​ថ្ម ជួនកាល​ជា​បដិមា ។ ការ​រស់នៅ​ជា​កុល​សម្ព័ន្ធ ព្រលឹង​មេកន្ទ្រាញ​ដែល​ស្លាប់​ទៅ​ហើយ​ជា​ព្រលឹង​ដែល​បាត់​សូន្យ​របស់​បុគ្គល​នោះ តែ​ដោយសារ​គុណ​បំណាច់​ដ៏​ធំធេង​របស់​គាត់​កាលពី​នៅ​រស់ អ្នក​រស់នៅ​ជំនាន់​ក្រោយ​ក៏​នាំ​គ្នា​គោរព​ជា​រៀង​រាល់ពេល ទោះបីជា​បុគ្គល​នោះ​ស្លាប់​បាត់​ទៅ​ហើយ​ក៏​ដោយ ក៏​មនុស្ស​ជំនាន់​ក្រោយ​នៅ​តែ​ជឿ​ថា បុគ្គល​នោះ​នៅ​តែ​មានព្រលឹង​នៅ​ជាមួយ​ពួក​គេ​ជា​និច្ច ។

នៅ​ពេល​ដែល​មនុស្ស​ជួប​ប្រទះ​គ្រោះថ្នាក់ ឬ​ការ​លំបាក​ផ្សេង​ៗ គេ​នាំ​គ្នា​ទៅ​អង្វរ​បន់ស្រន់​សុំ​ឱ្យ​ព្រលឹង​មេកន្ទ្រាញ ឬ​បុព្វបុរស​របស់​ពួក​គេ​ជួយ​ដោះ​ស្រោ​យ និង​សុំ​ឱ្យ​ព្រលឹង​ទាំងនោះ​តាម​ជួយ​ថែរក្សា​គេ​ជា​រៀង​រហូត​ដូចដែល​បុគ្គល​នោះ​រស់នៅ​អ​ញ្ចឹ​ង ។ នៅ​ពេល​ណា​ការ​បន់ស្រន់​របស់​គេ​បាន​សម្រេច គេ​យល់​ថា​ព្រលឹង​ទាំងនោះ​បាន​មក​ជួយ​គេ ហើយ​ដើម្បី​តបស្នង​សងគុណ​ដល់​ព្រលឹង​បុគ្គល​នោះ​វិញ គេ​ក៏​នាំ​គ្នា​រៀបចំ​ជា​គ្រឿង​សំណែន​ផ្សេង​ៗ មាន​ម្ហូបអាហារ នំចំណី ស្រា និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ដែល​មាន​ទ្រង់ទ្រាយ​មិន​ខុស​ពី​តម្រូវការ​របស់​មនុស្ស​ធម្មតា​ទេ ។ ការ​ប្រព្រឹត្ត​បែប​នេះ​ជា​រឿយ​ៗ​ទៅ វា​បាន​ក្លាយជា​ទម្លាប់ ហើយ​ព្រលឹង​នោះ​ក៏​គេ​សន្មត​ថាឱ្យ​ទៅ​ជា​អ្នកតា​សម្រាប់​ថែរក្សា​ការពារ​ពួក​គេ​ជា​កូនចៅ​ទាំងអស់​តរៀង​ទៅ ។

ទីតាំង និង​សណ្ឋាន​របស់​អ្នកតា អ្នកតា​ដែល​ល្បីល្បាញ​នៅ​ក្នុង​ប្រ​ទស​កម្ពុជា ភាគច្រើន​មា​នទី​តាំងនៅ​ក្នុងភូមិ ដើមឈើ​ធំ​ៗ លើ​ភ្នំ ទីទួល ដោយ​គេ​សង់​ខ្ទម​មាន​របៀប​ជា​ផ្ទះ​របស់​មនុស្ស មាន​ទំហំ​ទៅ​តាម​ភាព​ស័ក្តិ​សិ​ទិ្ធ​របស់​អ្នកតា ។ ខ្មែរ​យើង​មាន​ជំនឿ​ថា អ្នកតា​មាន​សត្វ​ផ្សេង​ៗ​ជា​យាន​ដូច​ជា ក្រពើ ខ្លា ពស់ ជ្រូក​ជាដើម ។ នៅ​ស្រុក​ខ្មែរ​មាន​រូបភាព​អ្នកតា​ច្រើន​សណ្ឋាន​ដូច​ជា​៖ ដីដំបូក​ខ្ពស់​ៗ (​អ្នកតា​ឃ្លាំងមឿង​នៅ​ខេត្តពោធិ៍សាត់​, ដុំ​ថ្ម​មួយ​ដុំ​ដែល​គ្មាន​ឆ្លាក់ ឬ​ឆ្លាក់​ដោយ​ខ្ជីខ្ជា​, រូបសំណាក​ទេវៈ​បុរាណ​ក្នុង​សាសនាព្រាហ្មណ៍​, ឫស​ឈើ​មាន​លក្ខណៈ​ក្រវេមក្រវាម​ស្មុគស្មាញ​, ដុំ​ថ្ម​មាន​រូប​ភ្លឺ​ៗ មាន​ទ្រង់ទ្រាយ​ចម្លែក​, វត្ថុ​ដែល​គេ​រើស​បាន​មក​សន្មត ។

អំពី​ឈ្មោះ​អ្នកតា ក្រៅពី​ទីស្នាក់អាស្រ័យ លំនៅ ខ្ទម ឬ​ដើមឈើ ដំបូក ដុំ​ថ្ម អ្នកតា​ក៏​នៅ​មានឈ្មោះ​ដូច​មនុស្សលោក​ដែរ ។ ឈ្មោះ​អ្នកតា​អាច​ជា​ឈ្មោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ឈ្មោះ​អាចារ្យ ឈ្មោះ​គ្រូហ្ម​មើលជំងឺ ឈ្មោះ​មេទ័ព​ឈ្មោះ​ដើមឈើ ។ ឧទាហរណ៍ អ្នកតា​ឃ្លាំងមឿង​នៅ​ខេត្តពោធិ៍សាត់ អ្នកតា​ក្រហម​.​ក នៅ​ខេត្តកំពង់ធំ អ្នកតា​ដំបង​ដែក នៅ​ខេត្តបាត់ដំបង អ្នកតា​កងចក្រ​កង​ជុំ អ្នកតា​សុខ អ្នក​សៅរ៍​ជាដើម ។ ក្រៅពី​អ្នកតា​ជា​បុរស​ក៏​នៅ​មាន​អ្នកតា​ជា​ស្ត្រី​ដែរ ដែល​មានឈ្មោះ​ដូច​ជា យាយ​ម៉ៅ នៅ​ភ្នំ​ពេជ្រនិល យាយ​ទេព នៅ​កំពង់ឆ្នាំង យាយ​យ៉ា​ត​នៅ​ប៉ៃលិន ។

អ្នកតា​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ​ដូច អ្នកតា​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី មុន​នឹង​ដាំ​ដំណាំ​កសិករ​ត្រូវ​បួងសួង​សុំ​ទឹកភ្លៀង និង​សុំ​ម្ចាស់​ដី​ដាំ​ដុះ ជា​ពិសេស​អ្នក​ដាំ​ដំណាំ​ត្រូវ​ពឹង​អ្នកតា​ថែរក្សា ការពារ​កុំឱ្យ​សត្វល្អិត ឬ​សត្វ​បំផ្លាញ ។ មនុស្ស​ដែល​មាន​ជំនឿ​លើ​អ្នកតា​ត្រូវ​បាន​ទទួល​ការ​អប់រំ​តាម​បែប​អាថ៌​កំបាំង ដោ​យ​​ម្នាក់​ៗ​សុទ្ធតែ​យល់​ថា ការ​ប្រព្រឹត្ត​អ្វី​ៗ​សព្វបែបយ៉ាង គេច​មិន​ផុត​ពី​ភ្នែក​អ្នកតា​ឡើយ ដូច្នេះ​គេ​ត្រូវ​ធ្វើអំពើ​ល្អ ចេះ​ស្គាល់​កំហុស​ខ្លួនឯង ហ៊ាន​សារភាព​ចំពោះ​មុខ​អ្នកតា ចេះ​និយាយ​ការណ៍​ពិត និយាយ​ត្រង់​មិន​បោកប្រាស់​គ្នា (​យក​សម្បថ​ជា​សំអាង​) ។ នៅ​ពេល​មាន​មនុស្ស ឬ​សត្វ​ឈឺ គេ​ទៅ​បន់ស្រន់​ឱ្យ​អ្នកតា​ជួយ ។ ទោះជា​ការ​ជួយ​របស់​អ្នកតា​មិន​មាន​ប្រសិទ្ធភាព​ជាក់លាក់​ក៏​ដោយ ក៏​ជំនឿ​នេះ​បាន​ជួយ​លើ​ផ្នែក​ផ្លូវចិត្ត​មនុស្ស​ឱ្យ​មាន​សង្ឃឹម អាច​ធូរស្រាល​មួយ​កម្រិត​ដែរ ។

រហូត​ដល់​ពេល​បច្ចុប្បន្ន ប្រជាជន​ខ្មែរ​នៅ​តែ​មាន​ជំនឿ​លើ​អ្នកតា នៅ​តែ​បន់ស្រន់ ទោះជា​វិទ្យាសាស្ត្រ​រីក​ចម្រើន​ហើយ​ក៏​ដោយ ដូច​ពាក្យទំនឹម​ទំនៀម​មួយ​ឃ្លា​ថា «​អាគម​ផ្សំ​អាយូស​» ។ បើ​អ្នកស្រុក​ផ្សេង​ដើរ​កាត់​ភូមិ ឬ​ដែនដី​ដែល​អ្នកតា​គ្រប់គ្រង គេ​ត្រូវធ្វើ​គារវកិច្ច​សម្ដែង​ការ​គួរសម ឱនលំទោន គោរព​សិទ្ធិ​អ្នកតា​ដែល​គ្រប់គ្រង ដោយ​គ្រាន់តែ​ថ្វាយ​អ្វី​ធ្វើ​ជា​និមិត្តរូប​ដូច​ជា កាច់​មែកឈើ​ដោត​ធ្វើ​ជា​ធូប​ទៀន ស្លឹកឈើ​ធ្វើ​ជា​ស្លាធម៌ ឬ​គ្រាន់តែ​ប្រើ​សម្ដី​ឧបកិច្ច​ក៏​បាន​ដែរ ។

នៅ​ពេល​ចូល​កាន់​តំណែង​ថ្មី​ចៅហ្វាយខេត្ត ស្រុក​ថ្មី ត្រូវ​រៀបចំ​ការ​គោរព​ដល់​អ្នកតា​ម្ចាស់​ស្រុក អ្នកតា​ម្ចាស់​ដី​ដើម្បី​ឱ្យ​ពួក​គាត់​ទទួលស្គាល់ និង​ជួយ​ថែរក្សា ។ ពេល​រៀបចំ​ពិធី​នេះ អ្នក​កាន់​តំណែង​ថ្មី​ត្រូវ​តែ​ធ្វើ​គារវកិច្ច​ដល់​អ្នកតា​ម្ចាស់​ស្រុក ដោយ​ស្បថសច្ចា​នឹង​ខិតខំ​បំពេញភារកិច្ច​ដើម្បី​សេចក្ដីសុខ​របស់​ប្រជារាស្ត្រ សុំ​ការ​សន្តោស​ប្រណី​ពី​អ្នកតា និង​ឱ្យ​អ្នកតា​ជួយ​បំភ្លឺ​ផ្លូវ​ពួក​គេ​ផង ។

គួរ​កត់​សម្គាល់ថា ឈ្មោះ​អ្នកតា​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​ដឹង​ធ្លាប់​ហៅ​ជា​យូរ​មក​ហើយ​នេះ​មិន​ដែល​ប្ដូរ​ឈ្មោះ​ទាល់តែ​សោះ គឺ​ឈ្មោះ​ដើម​យ៉ាងណា តែង​នៅ​រក្សា​ឈ្មោះ​ដើម​ដដែល រាប់​ពាន់​តំណម​មនុស្ស​មក​ហើយ ។ ត្រង់នេះ​សបញ្ជាក់​ថា ព្រលឹង​អ្នកតា ឈ្មោះ​អ្នកតា​ទាំង​ប៉ុន្មាន គឺ​មាន​ចារឹក​អមតៈ អចិន្ត្រៃយ៍​មិន​ចេះ​ស្លាប់ មិន​ផ្លាស់​ប្ដូរ និង​មិន​មាន​អ្នក​ជំនួស​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ