រាងកាយរបស់ស្ត្រីឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ក្នុងអំឡុងពេលប្រាំបួនខែដប់ថ្ងៃនៃការមានផ្ទៃពោះ។ ការផ្លាស់ប្តូររាងកាយមួយចំនួនអាចត្រូវបានគេមើលឃើញដូចជា ពោះរីកធំ និង ឡើងទម្ងន់ ជាដើម។ នេះគឺជាអ្វីដែលមនុស្សទូទៅបានឃើញ។ តែថ្ងៃនេះ អ្នកនឹងដឹងពី៣ចំណុច ដែលស្រ្តីមានផ្ទៃពោះជួបប្រទះ ខណៈដែលមនុស្សទូទៅមិនសូវចាប់អារម្មណ៍។

១. ជ្រុះសក់
អ្នកប្រហែលជាធ្លាប់លឺថា សក់ប្រែជាក្រាស់និងភ្លឺរលោងក្នុងពេលមានផ្ទៃពោះ។ នេះជាការពិតសម្រាប់ស្ត្រីមួយចំនួន ដោយសារអរម៉ូនអ៊ឹស្ត្រូសែនខ្ពស់ដែលធ្វើឱ្យសក់មិនងាយជ្រុះ។ ស្ត្រីខ្លះអាចនឹងជ្រុះសក់ ដោយសារស្ត្រេសនៅពេលមានទម្ងន់។ វាប៉ះពាល់ដល់ស្ត្រីមួយចំនួនតូចអំឡុងពេលមានផ្ទៃពោះ។ ត្រីមាសទី១ តុល្យភាពអរម៉ូនផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីទ្រទ្រង់ទារកដែលកំពុងលូតលាស់។ ស្ត្រេសអាចធ្វើឱ្យជ្រុះសក់ច្រើននៅលើក្បាលរបស់អ្នក ៣០% ឬ ច្រើនជាងនេះ។
២. ឬសដូងបាត
ស្ត្រីមានផ្ទៃពោះជាច្រើន ជួបនឹងបញ្ហាទល់លាមក ទាក់ទងនឹងការមានផ្ទៃពោះ ដែលបណ្តាលឱ្យពួកគេមានសម្ពាធនៅរន្ធគូថនិងបណ្តាលឱ្យមានជម្ងឺឬសដូងបាត ដែលអាចហូរឈាមបាន។ ជម្ងឺឬសដូងបាត វិវឌ្ឍន៍នៅពេលដែលសរសៃឈាមវ៉ែននៅក្នុងនិងជុំវិញរន្ធគូថហើម ដោយសារតែសម្ពាធដែលបណ្តាលមកពីទម្ងន់នៃស្បូន។ រោគសញ្ញាទូទៅបំផុតគឺរមាស់រន្ធគូថនិងក្រហាយនិងឈឺចាប់នៅពេលដែលអ្នកប្រឹងជុះ។
៣. ជើងរីកធំ ជើងរបស់អ្នកអាចធំជាងមុនក្នុងពេលមានផ្ទៃពោះ។ នេះបណ្តាលមកពីការឡើងទម្ងន់នៃផ្ទៃពោះនិងហើមពីសារធាតុរាវបន្ថែមក្នុងខ្លួន។ អរម៉ូនផ្ទៃពោះ ដែលជួយបន្ធូរសន្លាក់នៅជុំវិញឆ្អឹងអាងត្រគាករបស់អ្នក ដើម្បីឱ្យកូនរបស់អ្នកអាចកើតតាមទ្វារក្រោមបាន ក៏បានបន្ធូរសរសៃឈាមរបស់អ្នកផងដែរ។ នេះគឺធ្វើឱ្យមានការឡើងហើម ព្រោះតែសរសៃឈាមនៅជើងមិនអាចរុញឈាមទៅខាងលើបានល្អ។ អ្នកអាចកត់សម្គាល់ឃើញថាស្បែកជើងរបស់អ្នកតឹងបន្តិចនៅដើមត្រីមាសទី២ ហើយបន្តកើនឡើងទំហំរហូតដល់ពេលជិតគ្រប់ខែ៕
ចែករំលែកព័តមាននេះ