ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កូ​វីដ-​១៩ ​បន្ត​រាតត្បាត តែ​ប្រមុខ​ដឹកនាំ​ស៊ី​ហ្គេ​ម អះអាង​ពី​ភាព​ឈាន​ឡើង​របស់​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា អាស៊ី អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ប្រកួត​កីឡា អាស៊ី អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២២-២០២៣ និង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី អភិបាលកិច្ច​ល្អ នៃ​ការ​គ្រប់គ្រង​ព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា ។

ពិធី​បើក​សន្និបាត និង​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC និង​មានការ​ចូលរួម​ពី​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​គណៈ​អចិន្ដ្រៃយ៍ CAMSOC និង​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ហើយ​ក៏​មានការ​ចូលរួម​ជា​ច្រើន​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ជាតិ CAMSOC ផង​ដែរ ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២១ កន្លង​ទៅ ទោះបី​មាន​ឧបសគ្គ​មួយ​ចំនួន ដោយសារ​ជំងឺ​រាត​ត្បាល​ជាស​កល​កូ​វី​ដ​-១៩ ក៏​ដោយ ។ ចំពោះ​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ប្រតិបត្តិការ​រៀបចំ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ដូច្នេះ​សម្ដេច​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​មាន​ភាព​ប្រាកដនិយម និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ ។

សម្ដេច​ពិជ័យ​សេនា​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​អគ្គលេខាធិការដ្ឋាន និង​គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ ដែល​បាន​រៀបចំ​សន្និបាត​បូក​សរុប និង​សិក្ខាសាលា​នា​ពេល​នេះ ពិតជា​សក្ខីកម្ម​បង្ហាញ​នូវ​អ្វី​ដែល​ជា​សមិទ្ធផល និង​ការ​ខ្វះខាត​នូវ​ដំណើរការ​យន្ដការ​ការងារ​របស់ CAMSOC សម្រាប់​ពង្រឹង​ការ​អនុវត្ត​ការងារ​បន្ដ​ទៀត ។ ទិស​ដៅ​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ប្រតិបត្តិការ​រៀបចំ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ គឺ ដែល​សន្និបាត​ថ្ងៃនេះ នឹង​រួម​គ្នា​លើក​បញ្ហា​ប្រឈម ការងារ​សេសសល់​មក​ពិភាក្សា និង​ដោះស្រាយ​ឲ្យ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ និង​ប្រាកដប្រជា​» ។

សម្ដេច​ប្រធាន CAMSOC បន្ដ​ថា «​ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ឆ្លងកាត់​សន្និបាត និង​សិក្ខាសាលា​ថ្ងៃនេះ យើង​នឹង​ស្វែងរក​គន្លឹះ​ការងារ​សំខាន់​ៗ​បន្ថែម​ទៀត ដែល​ជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់ និង​ផ្ដល់​នូវ​ប្រសិទ្ធភាព​ការងារ​គ្រប់​ជ្រុងជ្រោយ​របស់​គណៈកម្មាធិការ​ជាតិ CAMSOC បន្ដ​ទៀត ។ ទិស​ដៅ​ឆ្នាំ​២០២២ ជា​ឆ្នាំ​ប្រតិបត្តិការ​រៀបចំ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​របស់​យើង ដែល​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​មាន​ភាព​ប្រាកដនិយម ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​មុខ CAMSOC ចំពោះ​មុខ​រាជរដ្ឋាភិបាល និង​ចំពោះ​មុខ​សហព័ន្ធ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​» ។

ដោយហេតុ​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង ស្ថាប័ន អង្គការ​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ដែល​ចូលរួម​សន្និបាត និង​សិក្ខាសាលា​នេះ ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់ និង​យក​បទ​ពិសោធន៍​ល្អ​ៗ ធ្វើការ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​ផុសផុល​បំផុត ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​សំខាន់​ពី​គ្រប់​ជំនាញ​ពាក់ព័ន្ធ​មក​សម្រួច​ផែនការ​ការងារ និង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ