ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាន សុ​ស៊ី​ដាន លាតត្រដាង​ពី​ក្ដី​ស្រមៃ ក្រោយ​ដើរ​ចូល​ទីលាន​ហ្វឹកហាត់​ត្រៀម​ប្រកួត​អន្តរជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុម​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ដែល​មាន​សមាសភាព​កីឡាករ​ចំនួន​៣៦​នាក់ បាន​

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុម​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ដែល​មាន​សមាសភាព​កីឡាករ​ចំនួន​៣៦​នាក់ បាន​និង​កំពុង​បន្ដ​ធ្វើតេស្ដ​ដំណាក់កាល​ទី​២​នៅ​វិមាន​កីឡដ្ឋាន នៃ​ពហុ​កី​ឡដ្ឋា​ន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ការ​បើក​ឱ្យ​ប្រភេទ​កីឡាបាល់ទាត់ ហ្វឹកហាត់​លើក​ដំបូង​ចាប់តាំងពី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​វិមាន​កីឡដ្ឋាន​ជា​ផ្លូវការ ដើម្បី​ត្រៀម​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់ ជើងឯក​អាស៊ី​អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ (AFF U23 Championship 2022) នៅ​កម្ពុជា នា​ពេល​ឆាប់​ៗខាង​មុខ​។

វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​កាលពី​ចុងឆ្នាំ​២០២១ ដែល​ទី​នេះ​ហើយ គឺជា​កន្លែង​ប្រារព្ធ​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា និង​ក្រៅពី​នេះ កីឡា​ដែល​មាន​ប្រជាប្រិយភាព (​បាល់ទាត់​) ក៏​នឹង​ត្រូវ​ធ្វើការ​ប្រកួត​នៅ​ទី​នេះ​ផង​ដែរ នាំ​ឲ្យ​យុវជន​ដ៏​មាន​សក្ដានុពល​១​រូប ញាន សុ​ស៊ី​ដាន បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ពេល​បាន​ដើរ​ចូល និង​ហ្វឹកហាត់​នៅ​កីឡដ្ឋាន​ថ្មី​ជា​លើក​ដំបូង​។

ញាន សុ​ស៊ី​ដាន ដែល​ជា​យុវជន​ទើបតែ​វិ​វ​ឌ្ឍខ្លួន​យ៉ាង​ឆាប់រហ័ស ហើយ​អាច​ជា​ផ្នែក​មួយ​នៃ​ក្រុម U-23 កម្ពុជា បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន ពេល​បាន​ឈាន​ជើង​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ថា «​សម្រាប់​ខ្ញុំ ខ្ញុំ​គ្រាន់តែ​ដើរ​ចូល​ទីលាន​មរតក​តេ​ជោ ដែល​ជាទី​លាន​ថ្មី​របស់​យើង​ភ្លាម គឺ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត ឃើញ​ទីលាន​ពិតជា​ស្រស់​ស្អាត ធំ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា ប្រសិនបើ​ការ​ប្រកួត​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ច្រើន មិនដឹង​ជា​អស្ចារ្យ​យ៉ាងណា ហើយ​ខ្ញុំ​កាន់តែ​បន្ថែម​ការ​តាំងចិត្ត​ខំប្រឹង​ហ្វឹកហាត់​បន្ថែម​ទៀត ធ្វើ​យ៉ាងម៉េច​មានឈ្មោះ​លេង​ស៊ី​ហ្គេ​ម ២០២៣»​។

កីឡាករ​បាល់ទាត់​របស់​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ (Tiffy Army) រូប​នេះ បាន​លើក​ឡើង​ពី​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី​២​ផង​ដែរ​ថា «​ការ​ហ្វឹកហាត់​គឺ​កីឡាករ​ម្នាក់​ៗ មាន​វិន័យ​ល្អ ស្ដាប់​គ្រូ និង​មិន​លេងសើច ហើយ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ប្រជែង​កន្លែង​លេង ។ សម្រាប់​ខ្ញុំ ខ្ញុំ​តាំងចិត្ត​មិន​ឲ្យ​មាន​សម្ពាធ ទោះ​យើង​ឃើញ​គេ​ប្រកួតប្រជែង​ខ្លាំង អ៊ីចឹង ខ្ញុំ​ក៏​ត្រូវ​ប្រកួតប្រជែង​ខ្លាំង​ដែរ ធ្វើ​ម៉េច​មានឈ្មោះ​នៅ​ដំណាក់កាល​ចុង​ក្រោយ​អោយ​បាន​»​។

គួរ​រំឭក​ដែរ​ថា ញាន សុ​ស៊ី​ដាន ត្រូវ​បាន​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ មើលឃើញ​ពី​កា​រវិ​វ​ឌ្ឍ​ខ្លួន​របស់​គេ​យ៉ាង​ឆាប់រហ័ស ត្បិត​យុវជន​ដែល​មក​ពី​ខេត្តស្វាយរៀង និង​ធ្លាប់តែ​លេង​ពាន​ប្រចាំ​ស្រុក និង​ប្រចាំ​ខេត្ត វ័យ​១៩​ឆ្នាំ​រូប​នេះ ទើបតែ​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​នៅ​ចុងឆ្នាំ​២០២០ កន្លង​ទៅ​ថ្មី​ៗ ជាមួយ U-21 Tiffy Army ក្រោយ​ធ្វើតេស្ត​ជាប់​ដើម្បី​ចូលរួម​លេង​លី​គ​ទី​២ និង​បន្ទាប់​មក​ទៀត គេ​ត្រូវ​បាន​ដំឡើង​មក​កាន់​ក្រុម​ធំ នៃ​សមាគម​កីឡា​កង​យោធពលខេមរភូមិន្ទ (Tiffy Army) លេង​នៅ​លី​គ​កំពូល​កម្ពុជា រហូត​ទទួល​បាន​ឱកាស​ជាប់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ និង​ជម្រើសជាតិ​កម្ពុជា ឈុត​ធំ ក្នុង​ឆ្នាំ​តែ​មួយ​។

អំពី​ពានរង្វាន់ AFF U23 Championship 2022 ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​ត្រូវ​ប្រកួត​លើ​ទីលាន​ចំនួន​២ រួម​មាន វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍​របស់​ក្លិប​បាល់ទាត់​វិសាខា ។ ព្រឹត្តិការណ៍​នេះ​ដែរ ក្នុង​នាម​ម្ចាស់ផ្ទះ កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ទី​ម័​រ​ខាងកើត ហ្វី​លី​ពី​ន និង​ព្រុយ​ណេ ខណៈ​ពូ​ល B មាន​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ឡាវ និង​ពូ​ល C មាន​ថៃ វៀតណាម និង​សិង្ហ​បុរី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ