ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ម៉ូតូ សហការជាមួយនគរបាល ចាប់ជនសង្ស័យ​លួចម៉ូតូ បានម្នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម​បក្ស​ពួក ២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ជាម្ចាស់ម៉ូតូ សហការជាមួយកម្លាំងនគរ​បាល​ស្រុកថ្មពួក ចាប់ឃាត់ខ្លួន រៀបចំសំណុំរឿង​ តាមនីតិវិធី។…

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម​បក្ស​ពួក ២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ ជាម្ចាស់ម៉ូតូ សហការជាមួយកម្លាំងនគរ​បាល​ស្រុកថ្មពួក ចាប់ឃាត់ខ្លួន រៀបចំសំណុំរឿង​ តាមនីតិវិធី។ ករណី​លួច​ម៉ូតូនេះ បានកើតឡើង នៅ​វេលាម៉ោង ៤ និង ៣០នាទី ទាបភ្លឺថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល​ស្រុក​ថ្មពួក បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន​ចាប់​ឃាត់ ឈ្មោះ ជី សុហេង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុកថ្មពួក និងបក្សពួកម្នាក់​ទៀត ឈ្មោះ ហាប វេហា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ បានរត់គេចខ្លួនបាត់​។

ជនសង្ស័យ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនទាំងពីរនាក់ ហើយធ្លាប់ជាប់មណ្ឌលកែប្រែភ្នំបាក់​ចំនួន ៣លើក មកហើយដែរ។ ចំណែកម្ចាស់ម៉ូតូ ឈ្មោះ ណុប សុខៀន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម៉ូតូម៉ាក​វេវ​អាវកាច់ធុន C110 ពណ៌​ក្រហម-ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ ​ចតទុកមុខផ្ទះទាំងសោ​។

លោកអធិការ បានបញ្ជាក់ថា តាមការបំភ្លឺពីម្ចាស់ម៉ូតូ ឲ្យដឹងថា នៅវេលាម៉ោង ៤ និង ៣០នាទី ទាបភ្លឺ​ថ្ងៃទី០៤ ខែកុម្ភៈ ខ្លួនបានលឺសំឡេងម៉ូតូរោទិ៍ ក៏ភ្ញាក់ហើយ ក្រោកមើលទើបដឹងថា មានចោរចំនួន ០២នាក់ បានចូលធ្វើ​សកម្មភាព​លួចម៉ូតូរបស់ខ្លួន ដែលចតទុកមុខផ្ទះទាំងសោ បន្ទាប់មក បានផ្តល់ព័ត៌មានដល់នគរបាល និងបើកឡានដេញតាមប្រផាប់ប្រភីង រហូតដល់ស្ពានទីពីរ ខាងជើងទីរួមស្រុកថ្មពួក លើផ្លូវជាតិ56A  តាមទាន់ និងចាប់ឃាត់បានជនសង្ស័យ ចំនួនម្នាក់ ឈ្មោះ ជី សុហេង។ ចំណែកបក្សពួកម្នាក់ទៀតឈ្មោះ ហាប វេហា បានរត់គេចខ្លួន។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយពីឃាត់ខ្លួន និងសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន និង​បក្សពួក ម្នាក់ទៀត ពិតជាបានប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងករណីចាប់ឃាត់ខ្លួនជាក់ស្តែង ជនសង្ស័យកម្លាំងនគរបាលផ្នែកជំនាញ​ព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេតុ្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបាន​ប្រគល់ជូនម្ចាស់ដើមវិញ៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ