រាជធានីភ្នំពេញ ៖ បុរសជាអ្នកបេះត្រកួនម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងឌុបប្អូនថ្លៃ និងប្រពន្ធទៅលេងផ្ទះបងថ្លៃ បន្ទាប់ពីជិះបានពាក់កណ្តាលផ្លូវដួលម៉ូតូរងរបួសធ្ងន់ ហើយបានស្លាប់ខណៈពេលបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសុមៈ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៦ កក្កដា ២០១៦ ស្ថិតតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចមុខដីឡូគ្មានលេខ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះមានឈ្មោះ យូ ឈុនលី ហៅជ័យ ភេទប្រុស អាយុ៤៧ឆ្នាំ មានជំងឺលើសឈាម៣ទៅ៤ឆ្នាំមកហើយ មានប្រពន្ធឈ្មោះ សៀក រា ភេទស្រី អាយុ៤៨ឆ្នាំ អ្នកពីរនាក់មានមុខរបរលក់ត្រកួន មានកូនប្រុសស្រីចំនួន៤នាក់ ប្រុសម្នាក់ ស្រី៣នាក់ រស់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រៃកន្ទុង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ គ្រួសារនេះមានជីវភាពមានក្រីក្រណាស់ រកបានព្រឹកខ្វះល្ងាច ដោយប្តីកាលនៅរស់ដើរដកក្រអៅឈូក និងបេះត្រកួនឱ្យប្រពន្ធលក់នៅផ្សារសាំហាន់ និងផ្សារទំនប់ ដើម្បីចិញ្ចឹមកូនចំនួន៣នាក់ក្នុងបន្ទុក។ ចំណែកកូនស្រីច្បងមានប្តី ហើយទៅរស់នៅជាមួយខាងប្តី ។
បើតាមប្រភពព័ត៌មានពីឈ្មោះ ឈុន សុភក្កិ ហៅរឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរដូចគ្នា ស្នាក់ជាមួយគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ នឹងបងស្រី ព្រមទាំងបងថ្លៃបានជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ជិះគ្នា៣នាក់ ទៅលេងផ្ទះបងប្អូននៅជិតគ្នា ពេលជិះតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែរអិលដួលម៉ូតូទាំង៣នាក់ បណ្តាលឱ្យជនរងគ្រោះសន្លប់នៅកន្លែងកើតហេតុ ភ្លាមៗនោះរូបគាត់ នឹងបងស្រីបានដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីរពេទ្យព្រកុសុមៈ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមុនពេលបញ្ជូនដល់មន្ទីរពេទ្យបាត់ទៅហើយ។
ចែករំលែកព័តមាននេះ