ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន បំពាក់មេដាយ ​ជូន​​មេបញ្ជា​ការកងទ័ពជើងគោកថៃ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោកថៃ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពាក់មេដាយ ជា​គ្រឿងឥស្សរិយយសសហមេត្រី។ សម្តេចតេជោ ហ៊ុន…

ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោកថៃ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពាក់មេដាយ ជា​គ្រឿងឥស្សរិយយសសហមេត្រី។ សម្តេចតេជោ ហ៊ុន សែន បានបំពាក់មេដាយ ជូនមេបញ្ជាការ​កងទ័ពជើង​គោក​ថៃនេះ បានធ្វើឡើង ក្នុងពេលសម្តេច បានអនុញ្ញាតឱ្យឯកឧត្តមឧត្តមសេនីយ៍ ណារ៉ុងផាន ចឹតកែវធើ មេបញ្ជាការកងទ័ពជើងគោកថៃ ចូលជួបសំដែងការគួរសម នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមាន​សន្តិភាព ក្នុងរាជធានីភ្នំពេញ។​

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួប​​ថា ​មេបញ្ជាការកងទ័ពជើងគោកថៃ ប្ដេជ្ញាជូនសម្ដេចតេជោថា ត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណា សហការជាមួយកងយោធពលខេមរៈភូមិន្ទកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សម្រាប់ប្រទេស​ទាំងពីរ។ ឯកឧត្តម ណារ៉ុងផាន ចិតកែវធើ បានគោរពសម្ដែងនូវអំណរអរគុណយ៉ាងក្រៃលែង និងបានគោរព​ជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ប្រោសប្រណីប្រទានមេដាយសហមេត្រី ជូនដល់ឯកឧត្តម​។

ឯកឧត្តម ណារ៉ុងផាន ចិតកែវធើ បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា នេះជាដំណើរទស្សនកិច្ច​ចេញក្រៅ​ប្រទេសលើកទី១ របស់ឯកឧត្តម ហើយប្រទេសកម្ពុជា ជាប្រទេសទី១ ដែរ ដែលឯកឧត្តម បានធ្វើ​ទស្សនកិច្ចផ្លូវការ ក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។

ក្នុងឱកាសនេះ ឯកឧត្តម សូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជា បានទទួលធ្វើជាប្រធានអាស៊ាន។ មេទ័ពជើងគោកថៃរូបនេះ ក៏បានសំដែងនូវការគាំទ្រដំណើរ​ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅ ហើយឯកឧត្តម មានជំនឿជឿជាក់ថា សម្ដេចតេជោ នឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខមិនខាន ។

ឯកឧត្តម ណារ៉ុងផាន ចិតកែវធើ បានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជា និងថៃ មានទំនាក់ទំនងល្អជាយូរលង់​ណាស់មកហើយ​ ក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមនឹងបន្តទំនាក់ទំនងល្អនេះ ហើយ​ថែម​ទាំងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត​។

ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកថៃ បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថា ឯកឧត្តម ត្រៀមខ្លួន​ជាស្រេច ធ្វើយ៉ាងណាសហការជាមួយនឹងកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ​។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបាន​តែងតាំងជាមេបញ្ជាការកងទ័ពជើងគោកថៃ ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានគាំទ្រ​កម្ពុជា ជាប្រធានអាស៊ានផង និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរក​ដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផង។ ​សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្ត​ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ​ឡើង ហើយជាពិសេស គឺមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ ហើយជំនឿទុកចិត្តនេះ គឺមានការកើនឡើងជាលំដាប់​។

ឈរលើទំនាក់ទំនងល្អនេះ សម្ដេចតេជោបានបន្ថែមថា កងទ័ពគប្បីណា ដើរតួនាទីជាកងទ័ពការទូតរក្សា​សន្តិភាព ស្ថិរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបរបរអាជីវកម្ម ជំរុញការ​អភិវឌ្ឍ​នៅតាមព្រំដែន ប្រែក្លាយព្រំដែនឱ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

​ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ប្រជាជនថៃ ដែលកន្លងមក បានជួយដល់ពលករកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានជួយដល់ប្រជាជនកម្ពុជា ក្នុងគ្រាដែលប្រជាជនកម្ពុជាមានជំងឺ បានអនុញ្ញាតឱ្យចូលទៅព្យាបាលនៅក្នុងទឹកដីថៃ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ពេលមានជំងឺ ត្រូវសង្គ្រោះបន្ទាន់ គឺត្រូវបានអនុញ្ញាតឱ្យចូលទៅព្យាបាលក្នុងទឹកដីថៃនេះ។

ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងការអបអរសាទរជូនចំពោះឯកឧត្តម ណារ៉ុងផាន ចិតកែវធើ ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រទានមេដាយសហមេត្រី ជូនដល់​ឯកឧត្តម​៕ ច័ន្ទថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ