ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី ពៅ សុខា លើកឡើង​​ពី​ភាព​ខុស​គ្នា នៅ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ក្នុង​នាម​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​កីឡា​វ៉ូ​វី​ណា​ម កីឡា

រាជធានីភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ក្នុង​នាម​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​កីឡា​វ៉ូ​វី​ណា​ម កីឡាការិនី ពៅ សុខា ក៏​លើក​ឡើង​ពី​ភាព​ខុស​គ្នា​នៅ​ពេល​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ព្យាករណ៍​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ថា គ្រប់យ៉ាង​គឺ​នឹង​មាន​ភាព​ខុស​គ្នា​ដូច​មេឃ និង​ដី រវាង​កីឡាករ​-កីឡាការិនី​ដែល​ជា​ម្ចាស់ផ្ទះ និង​កីឡាករ​-កីឡាការិនី ដែល​គ្រាន់តែ​ចេញ​ប្រកួត​។ ជាមួយនឹង​ការ​ពន្យល់ នាង​ក៏​រំពឹង​ច្រើន​ផង​ដែរ​ថា ខ្លួន​នឹង​ដណ្ដើម​បាន​មេដាយមាស​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ និង​ជឿ​​ជាក់​១០០​ភាគរយ​ថា​កម្ពុជា​នឹង​បាន​មេដាយមាស​ច្រើន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​។

កីឡាការិនី ពៅ សុខា ដែល​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ក្លាយជា​ឯក​អគ្គ​រាជ​ទូត​សុច្ឆន្ទៈផ្នែក​កីឡា​ស្ត្រី អាស៊ាន​នា​ពេល​កន្លង​មក​នោះ បាន​លើក​ឡើង​ថា ការ​ប្រកួត​នៅ​ស្រុក​គេ និង​ការ​ប្រកួត​នៅ​លើ​ទឹកដី​ខ្លួនឯង គឺ​ពិតជា​មាន​លទ្ធផល​ខុស​គ្នា​100​ភាគរយ ដោយ​នាង​គ្រាន់តែ​លើកយក​តែ​មួយ​ចំនុច​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ គឺ​សំលឹង​ឃើញ​ពី​ភាព​ខុស​គ្នា​បាង់​ទៅ​ហើយ​។ នាង​ធ្វើការ​ពន្យល់​ថា នៅ​ពេល​ឡើង​ប្រកួត​នៅ​ក្នុង​ប្រទេស​គេ គឺ​ទោះជា​មាន​ភាព​ក្លាហាន​ប៉ុណ្ណា និង​មាន​ទំនុកចិត្ត​ខ្ពស់​បែប​ណា​ក៏​ដោយ ក៏​សន្ទុះ​នៃ​ការ​ប្រឹងប្រែង​មិន​អស់នោះ​ដែរ ពោល​គឺ​ពាក្យ​សាមញ្ញ​ហៅ​ថា​ចាញ់​ច្រាប​។

​កីឡាការិនីរូបនេះ​​បាន​លើក​ឧទាហរណ៍​ថា នៅ​ពេល​ឡើង​សង្វៀន​ហើយ​ឮ​សំលេង​អ្នកគាំទ្រ​ប្រទេស​គេ​ទះដៃ ឬ ហ៊ោ​យ៉ាង​សន្ធាប់​គាំទ្រ​កីឡាករ​គេ គឺ​ធ្វើ​អោយ​នាង និង​កីឡាករ​កីឡាការិនី​ទៅ​ពី​ចម្ងាយ​ដូច​នាង​ហាក់ដូចជា​មាន​អារម្មណ៍​មួយ​មិនសូវ​នឹងន​នោះ​ទេ ហើយ​នាង​យល់​ថា​ ការ​ផ្ដល់​កម្លាំងចិត្ត​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ការ​ប្រកួត​មួយ​លើក​ៗ​។

​កីឡាការិនី​រូបនេះ​រំពឹង​ថា​ ការ​ប្រកួត​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​មាន​អ្នក​ទស្សនា​កកកុញ ហើយ​តួលេខ​អ្នកគាំទ្រ​នៅ​ក្នុង​ពេល​នោះ នឹង​ផ្ដល់​កម្លាំង​ចិត្តធំ​ណាស់ ដើម្បី​អោយ​កីឡាករ បូក​រួម​ទាំង​រូប​នាង​ផង ប្រឹងប្រែង​មិន​ស្ដាយ​កម្លាំង​។ នាង​ថា នៅ​ពេល​ចេញ​ប្រកួត​នៅ​ស្រុក​គេ គឺ​អោយ​តែ​ឃើញ​អ្នកគាំទ្រ​ហាក់​បាត់​កម្លាំងចិត្ត​តែ​ម្ដង ហើយ​សម្រែក​គាំទ្រ និង សំលេង​ទះដៃ​ដែល​រមែង​គេ​បន្ទរ​គាំទ្រ​ដល់​ជាតិ​សាស​ន៏​គេ​នោះ គឺ​មិនមែន​តែ​នាង​នោះ​ទេ ដែល​មាន​អារ​ម្ម​ណ៏​ហាក់​បាក់​ស្មារតី គឺ​សូ​ម្បី​តែ​កីឡាករ​ផ្សេង​ទៀត ក៏​មាន​អារម្មណ៍​មិន​ខុស​គ្នា​។ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ក៏​មាន​អាទិភាព​មួយទៀត លើ​ផ្នែក​គណកម្មការ និង ស្ថានភាព​ស្នាក់​នៅ​ដើម្បី​ត្រៀម​ប្រកួត​ផង​ដែរ ដែល​នាង​បញ្ជាក់​ថា នេះ​គឺជា​ហេតុផល​មួយ​ដ៏​ល្អ​ដែល​អាច​អោយ​កីឡាករ​កីឡាការិនី​គ្រប់​ផ្នែក​មានឱកាស​ឈ្នះ​មេដាយ​ខ្ពស់​។

នាង​លើក​ថា​កាលណា​ប្រទេស​មួយ​ធ្វើ​ជា​ម្ចាស់ផ្ទះ និយាយ​ជា​រួម​គឺ​ហើយ​ស្ថានភាព​អំណោយផល​ច្រើន​ណាស់ ទី​១​គឺ​យើង​ស៊ាំ​នឹង​បរិយាកាស​ស្នាក់​នៅ ការ​ហូប​ចុក និង មាន​គ្រូបង្វឹក​ចាំ​ឆ្កឹះ​ចំណុច​សំខាន់​នីមួយ​ៗ​គ្រប់ពេល​ត្រូវ​ប្រកួត ហើយ​ស្ថាន​ភាពល្អ​ប្រសើរ​បែប​នេះ បើ​ធៀប​នឹង​ពេល​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​គឺ​មិន​ដូច​គ្នា​ទេ ព្រោះ​នៅ​ខាងក្រៅ​ប្រទេស គឺ​មិន​ខុស​ពី​ត្រូវ​ខ្លួន​ទីពឹង​ខ្លួន​ច្រើន​ជាង​ការ​ទទួល​បានការ​គាំទ្រ​ផ្នែក​កម្លាំងចិត្ត​ផង​ដែរ ទើប​ការ​ឈ្នះ​មេដាយ​របស់​កីឡាករ​ឆ្លង​ប្រទេស​គ្រប់​រូប មិន​មែន​ជា​រឿង​ងាយ​ទេ ទម្រាំ​ជោគជ័យ​ជូន​ជាតិ​។

ការ​លើក​ឡើង​របស់​កីឡាការិនី ពៅ សុខា គឺ​ស្រប​ពេល​ដែល​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ កាន់តែ​រំកិល​ជិត​ដល់ ខណៈ​ដែល​កីឡាករ​កីឡាការិនី​គ្រប់​ផ្នែក​កំពុង​ត្រូវ​បាន​ពង្រឹង​យ៉ាង​យកចិត្តទុកដាក់​។

កីឡាការិនី​រូប​នេះ​បាន​បង្ហាញ​ជំហរ​ថា ខ្លួន​នឹង​ប្រឹង​អោយ​អស់ពី​សមត្ថភាព​សម្រាប់​នាំ​២០២៣ ហើយ​តាម​រយៈ​តំណែង​ជា​ទូត​សុ​ឆន្ទៈ​របស់​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​កន​កន្លង​មក ក៏​ធ្វើ​អោយ​នាង​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​ណាស់​ដែរ ក្នុង​ការ​ពង្រឹង​ជំហរ​។ កីឡាការិនី​កីឡា​វ៉ូ​វី​ណា​ម របស់​មជ្ឈមណ្ឌល​កីឡា កង​យោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ និង​ជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​រូប​នេះ​បន្ត​ថា បេស​សក​កម្ម​ជា​កីឡាការិនី​ជម្រើសជាតិ និង​ក្នុង​នាម​នាង​ជា​ទូត​សុ​ច្ឆ​ន្ទៈ បាន​ធ្វើ​អោយ​នាង​កាន់តែ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់ ហើយ​តួនាទី​ជា​ទូត​សុ​ឆន្ទៈ ក៏​ជួយ​អោយ​នាង​បាន​រួមចំណែក​ពាំនាំ​ពី​ការ​រីក​ចំរើន​ក្នុង​វិស័យ​កីឡា​កម្ពុជា​ទៅ​កាន់​ពិភពលោក និង​ពាំនាំ​បទ​ពិសោធន៍​ពី​ការ​ចូលរួម​ផ្សព្វផ្សាយ​ផ្សេង​ៗ​ពី​អន្តរជាតិ​មក​កាន់​កម្ពុជា​ផង​ដែរ​។

​កីឡាការិនីរូបនេះ​បន្ត​​ថា​ ​នាង​នឹង​ដើរតួ​​នាទី​អោយ​កាន់តែ​សកម្ម ដើម្បី​អោយ​អន្តរជាតិ​បានដឹង​កាន់តែ​ច្រើន ពីការ​ត្រៀមខ្លួន​របស់​កម្ពុជា​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ ម​ក្នុង​ឆ្នាំ​២០២៣ ហើយនឹង​ប្រឹង​អោយ​បាន​មេដាយ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ