ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ Honda បង្ហាញ​វត្តមាន ខណៈ​មានការ​រំពឹង​ខ្ពស់​ថា ក្រុម​កម្ពុជា​នឹង​ចូល​១​ភាគ​៤ AFF ជា​ប្រវត្តិសាស្ត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​កីឡាករ​ជប៉ុន និង​ជា​គ្រូបង្វឹក ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​

រាជធានីភ្នំពេញ ៖ អតីត​កីឡាករ​ជប៉ុន និង​ជា​គ្រូបង្វឹក ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា ក្នុង​ការ​ប្រកួត​បាល់ទាត់​ជើងឯក​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម ២៣​ឆ្នាំ AFF U23 Championship 2022 នៅ​កម្ពុជា ដែល​នឹង​ចាប់ផ្ដើម​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១៤-២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ នេះ​នៅ​កម្ពុជា​។ វត្តមាន​របស់​លោក ត្រូវ​គេ​មើលឃើញ​ថា បង្ហាញខ្លួន​ស្រប​ពេល​ដែល​មានការ​ព្យាករណ៍​ថា ក្រុម​កម្ពុជា​នឹង​អាច​ឈាន​ឡើង​ក្នុង​វគ្គ​១​ភាគ​៤​ជា​លើក​ដំបូង នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

យោង​តាម​មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​ឲ្យ​ដឹង​ថា លោក Keisuke Honda នឹង​មក​ដឹកនាំ​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ផ្ទាល់ តែ​ពេល​នេះ លោក​មិន​ទាន់​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​នោះ​ទេ ។ ការ​ប្រកាស​អោយ​ដឹង​នេះ​គឺ​បន្ទាប់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​បឋម​ចំនួន ៧៤​នាក់ សម្រាប់​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ធ្វើតេស្ដ​ដំណាក់កាល​ទី​១ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០២-០៤ ខែកុម្ភៈ ហើយ​ចម្រាញ់​កីឡាករ​ឆ្នើម​ៗ សម្រាប់​ត្រៀម​ការ​ប្រកួត​ពានរង្វាន់ AFF U23 Championship 2022 ។

សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នៅ​រាជធានី​ភ្នំពេញ​ខាងលើ នឹង​ប្រើប្រាស់​ទីលាន​ប្រកួត​ចំនួន ២ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍ រួម​ជាមួយ​ទីលាន​ហ្វឹកហាត់​មួយ​ចំនួន​ទៀត ។ ចំពោះ​លទ្ធផល​បែងចែក​ពូ​ល ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ទី​ម័​រ​ខាងកើត ហ្វី​លី​ពី​ន និង​ព្រុយ​ណេ ។ រីឯ​ពូ​ល B មាន​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ឡាវ ខណៈ​ពូ​ល C មាន​ថៃ វៀតណាម និង​សិង្ហ​បុរី​។ មើល​តាម​ក្រឡា​អុក​នេះ កម្ពុជា​អាច​ចូល​៤​ក្រុម​ចុង​ក្រោយ ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង ដោយសារ​តែ​ផ្អែក​តាម​រូបមន្ត និង សមត្ថភាព​។

ផ្អែក​តាម​ការ​ព្យាករណ៍​បាន​លើក​ឡើង​ថា ក្រោយ​ការ​ចែក​ពូ​ល គេ​មើលឃើញ​ថា ក្រុម​គោព្រៃ​របស់​កម្ពុជា គឺ​ពិតជា​មាន​ឆ្លង​ចូល​វគ្គ​១​ភាគ​៤ ជា​លើក​ដំបូង ដោយសារ​តែ​សម្អាង​ថា ក្រុម​ដែល​កម្ពុជា​កំពុង​ឈរ គឺ​សុទ្ធតែ​ជា​ក្រុម​ដែល​កម្ពុជា​អាច​ស៊ី​បាន ហើយ​ក្រុម​កម្ពុជា​នៅ​ក្ន​ង​ពេល​នេះ​ក៏​មាន​សមត្ថភាព​ជាង​មុន​។ អ្វី​ដែល​គេ​ហ៊ាន​ព្យាករណ៍​បែប​នេះ ដោយសារ​តែ ក្រុម​ខ្លាំង​ៗ ដូច​ជា ថៃ វៀតណាម និង សិង្ហ​បុរី ត្រូវ​បាន​គេ​ដាក់​ក្នុង​ពូ​ល​តែ​មួយ​គឺ​ពូ​ល C ដែល​មាន​ន័យ​ថា ក្ន​ង​ចំណោម​ក្រុម​ខ្លាំង​ទាំង​៣ គឺ​២​ក្រុម​ប្រឈម​ធ្លាក់ ហើយ​ឱកាស​របស់​ក្រុម​ម្ចាស់ផ្ទះ គឺ​កម្ពុជា នឹង​កាត់​បន្ថយ​ឧបសគ្គ​។

ផ្អែក​តាម​រូបមន្ត​ដែល​បាន​បង្ហាញ​គឺ​ក្រុម​ដែល​ឈរ​លេខ​១ ក្នុង​ពូ​ល​នីមួយ​ៗ នឹង​បាន​ឡើង​ប្រកួត​វគ្គ​១​ភាគ​៤ ហើយ​ក្រុម​ដែល​ឈរ​លេខ​២ ក្ន​ង​ពូ​ល​នីមួយ​ៗ នឹង​ជ្រើស​តែ​មួយ​ក្រុម​ប៉ុណ្ណោះ ដើម្បី​ឡើង​ទៅ​ប្រកួត​ក្ន​ង​វគ្គ​៤​ក្រុម ដែល​មាន​ន័យ​ថា ក្រុម​ឈរ​លេខ​២​ក្នុង​ពូ​ល​នីមួយ​ៗ ដាច់ខាត​ត្រូវ​តែ​មាន​គ្រាប់​ច្រើន​ជា​ក្រុម​លេខ​២​ផ្សេង​ទៀត ទើប​មាន​អាទិភាព​។

មានការ​ព្យាករណ៍​ថា រូបមន្ត​នេះ នឹង​ធ្វើ​អោយ​ក្រុម​កម្ពុជា​មានឱកាស​ឡើង​វគ្គ​ចុង​ក្រោយ ដោយ​មិន​ពិបាក ដោយសារ​តែ​ក្នុង​ពូ​ល​ដែល​កម្ពុជា​ឈរជើង គឺ​មិន​ពិបាក​អោយ​ក្រុម​កម្ពុជា​ដណ្ដើម​យក​លេខ​១​នោះ​ទេ ហើយ​បើ​មានឱកាស​បាន​ឈរ​លេខ​១ ក្នុង​ពូ​ល A គឺ​កម្ពុជា នឹង​ប៉ះ​ក្រុម​លេខ​១ ពូ​ល​C ដែល​រូបមន្ត​នេះ គឺ​ទោះជា​ក្រុម​កម្ពុជា បរាជ័យ​ក្រោម​ដៃ​ក្រុម​លេខ​១ ក្នុង​ពូ​ល C ក៏​ពិតជា​មានឱកាស​ទទួល​បាន​លេខ​៣ ឬ លេខ​៤ ជា​ប្រវត្តិសាស្ត្រ​នោះ​ដែរ​។

មានការ​ព្យាករណ៍​ថា​កម្ពុជា​មិន​អាច​ភ្លាត់​យក​លេខ​២ ក្នុង​ក្រុម​បាន​ទេ ព្រោះ​អាច​ប្រទាញប្រទង់​គ្រាប់​បាល់ នឹង​ក្រុម​ផ្សេង ដូច្នេះ​គឺ​កម្ពុជា ត្រូវ​តែ​យក​លេខ​១ ដើម្បី​បន្ត​ទៅ​កាន់​វគ្គ​១​ភាគ​៤ ហើយ​ឧបសគ្គ​ដ៏​ធំ​របស់​ក្រុម​កម្ពុជា ក្ន​ង​ការ​កាន់​ពាន គឺ​នៅ​តែ​ពិបាក ដោយសារ​មួយ​ក្រុម​ក្នុង​ចំណោម​ពូ​ល​C ដែល​អាច​ជា ថៃ វៀតណាម ឬ សិង្ហ​បុរី នឹង​ត្រូវ​គេ​ជឿ​ថា នឹង​ឡើង​ដណ្ដើម​យក​តំណែង​ម្ចាស់​ពាន​។

ការ​ប្រកួត​បាល់ទាត់​ជើងឯក​តំបន់​អាស៊ី​អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ​២០២២ ឬ ការ​ប្រកួត AFF U23 2022 នេះ បាន​សម្រេច​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​គេ​ជឿ​ថា ទាំង​កម្លាំងចិត្ត និង បរិយាកាស​ក៏​អំណោយផល​ដល់​ក្រុម​កម្ពុជា ជា​ម្ចាស់ផ្ទះ ខុស​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ នា​ពេល​កន្លង​មក​ផង​ដែរ​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រកាស​កាល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​បាល់ទាត់​ជើងឯក​តំបន់​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​២៣​ឆ្នាំ (AFF U23 Championship 2022) ដែល​គ្រោង​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ជា​ផ្លូវការ​ហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍​នៃ​ក្លិប​បាល់ទាត់​វិសាខា​។

អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ AFF U23 Championship 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​ក៏​កាន់តែ​សម្ដែង​ការ​គាំទ្រ បន្ទាប់​ពី​ការ​ចែក​ពូ​ល​ត្រូវ​បាន​ប្រកាស​ឡើង ដែល​ធ្វើ​អោយ​គេ​មើលឃើញ​ដោយ​មិន​ពិបាក​ថា កម្ពុជា​អាច​ឈរ​លេខ​១​ក្នុង​ពូ​ល ហើយ​បាន​ឆ្លង​ចូល​វគ្គ​១​ភាគ​៤​។ អ្នក​តាមដាន​ពី​តារាង​បរកួត​នេះ រំពឹង​ថាបើ​កម្ពុជា មានឱកាស​ឆ្លង​ផុត​វគ្គ​ខ្វែង​ពូ​ល​ជាមួយ​ពូ​ល C គឺ​ពិតជា​មានឱកាស​កាន់​ពាន​នោះ​ផង ដោយសារ​តែ​អ្នក​ឈ្នះ​ខ្វែង​ពូ​ល​ម្ខាង​ទៀត អាច​មិនមែន​ជា​ក្រុម​ដែល​ខ្លាំង​ដូច​ក្រុម​យក្ស​ៗ នៅ​ក្នុង​ពូ​ល C នោះ​ឡើយ គឺ​លើកលែងតែ​ក្រុម​នោះ ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​មក​ពី​ពូ​ល C​។

ប្រសិនបើ​ការ​ព្យាករណ៍ ដែល​បាន​លើក​ឡើង ត្រូវ​តាម​ការ​ពិត គឺ​ច្បាស់​ណាស់​ថា នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ កម្រិត​ជើងឯក​អាស៊ី​អាគ្នេយ៍​ថ្មី​មួយ ដែល​ក្រុម​កម្ពុជា​អា​ចូល​វគ្គ​៤​ក្រុម ហើយ​ជា​ព្រឹត្តិការណ៍​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​ផ្ដល់​មុខមាត់​ដ៏​ធំ​សម្រាប់​ប្រជាជាតិ​កម្ពុជា លើ​ឆាក​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ