ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​សហព័ន្ធ ក្រើនរំលឹកដល់​​កីឡា​វាយ​សី ត្រូវ​ពង្រឹងសមត្ថភាព​បន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​មេដាយ​ធំ​មួយ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ​លោកឧត្តមសេនីយ៍​​ លី

​រាជធានីភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​មេដាយ​ធំ​មួយ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ​លោកឧត្តមសេនីយ៍​​ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ បាន​កោតសរសើរ​ពី​ការ​ឈាន​ឡើង​នៃ​កីឡា​វាយ​សី​កម្ពុជា​។

យ៉ាងណាមិញ​ ​លោក​​នៅ​តែ​មើលឃើញ​ថា ការ​រីក​ចំរើន​ដែល​បាន​បង្ហាញ​នេះ គឺ​នៅ​មាន​កម្រិត​នៅឡើយ ដោយ​លោក​​សំណូមពរ និង​ក្រើនរំឭក​ដល់​បណ្តា​ក្លិប សម្ព័ន្ធ​កីឡា​វាយ​សី​ទាំងអស់ សូម​បង្កើន​ការ​ហ្វឹកហាត់ និង​រៀនសូត្រ​ពង្រឹង​ជំនាញ​បន្ត​ទៀត ដើម្បី​ជំរុញ​ឲ្យ​ប្រភេទ​កីឡា​វាយ​សី​កាន់តែ​មាន​សក្តានុពល និង​បទ​ពិសោធន៍​ល្អ​ៗ​អោយ​កាន់តែ​ខ្លាំង​។

​លោក​​នៅ​តែ​បន្ត​លើក​ឡើង​ថា សមត្ថភាព​ដែល​កំពុង​តែ​មាន​នេះ នៅ​មិន​ទាន់​អាច​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ប្រកបដោយ​ទំនុកចិត្ត​នៅឡើយ​ទេ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ដែល​មាន​សុទ្ធតែ​ក្រុម​កីឡាករ​ខ្លាំង​ៗ មក​ប្រជែង​យក​មេដាយ​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​។

​លោក​បាន​​បន្ត​ថា ការ​ប្រឹងប្រែង​អោយ​កាន់តែ​ខ្លាំង​នេះ គឺ​មិនមែន​សម្រាប់​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ទេ ពោល​គឺ​គ្រប់​គ្នា ពោល​គឺ​ទាំង​ក្រុម និង រួម​ទាំង​គ្រូបង្វឹក​ផង ដែល​ប្រាកដ​ថា កម្ពុជា​អាច​មាន​សមត្ថភាព​ពេញលេញ និង អាច​ចូលរួម​នូវ​គ្រប់ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ជា​ពិសេស​គឺ​ត្រៀមលក្ខណៈ ដើម្បី​ដណ្តើម​មេដាយមាស ក្នុង​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នោះ​តែ​ម្ដង ដែល​សហព័ន្ធ​នេះ មិន​អាច​គ្មាន​មេដាយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​។

នេះ​ជា​ការ​លើក​ឡើង​របស់​​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ នៅ​ក្នុង​ឱកាស​បិទ​ការ​ប្រកួត​កីឡា​វាយ​សី ពានរង្វាន់​៧​មក​រា លើក​ទី​២១ កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។

លោក​​ លី កុសល មាន​ប្រសាសន៍​ទៀត​ថា សហព័ន្ធ​តែងតែ​រៀបចំ​ការ​ប្រកួត តាម​កាលវិភាគ​ប្រចាំឆ្នាំ ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុង​គោលបំណង​បង្កើន​គុណភាព សមត្ថភាព​កីឡាករ កីឡាការិនី និង​ជំរុញ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជាង​មុន ខណៈ​អាជ្ញាកណ្តាល​-​ចៅក្រម​ក៏​ត្រូវ​បាន​ឯកឧត្តម​ជំរុញ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​ខ្លួន​ដូច​គ្នា​ផង​ដែរ​។

​លោក​​ប្រធាន​សហព័ន្ធ​វាយ​សី​ក៏​បាន​លើក​ឡើង​ពី​ស​ន្ទ​សន៍​មេដាយ​ដាក់​ជូន​ដល់​ប្រភេទ​កីឡា​វាយ​សី​កម្ពុជា​ធ្វើ​យ៉ាងណា​ត្រូវ​រក​មេដាយមាស​ឲ្យ​បាន​មួយ​គ្រឿង​យ៉ាងតិច​។ ដូច្នេះ​សូម​ទាំងអស់​គ្នា​ប្រឹងប្រែង​ឡើង​ក្ដាប់​ឱកាស​នេះ​ឲ្យ​ជាប់​ដណ្ដើម​យកជ័យ​ជម្នះ​ឲ្យ​បាន ដើម្បី​ពី​ភាព​ខ្លាំង និង​មោទនភាព​ជូន​ជាតិ​មាតុភូមិ សម្រាប់​ជំនាញ​កីឡា​វាយ​សី​របស់​សហព័ន្ធ​យើង​។

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ វិស័យ​កីឡា​នៅ​កម្ពុជា ក៏​ដូច​ជា​ខេត្តសៀមរាប​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។ ជាមួយ​គ្នា​នេះ កីឡា​វាយ​សី​នៅ​ខេត្តសៀមរាប ក៏​ចាប់ផ្តើម​មានការ​រីក​ចំ​ម្រើ​ន​គួ​ឱ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​ខេត្តសៀមរាប បាន​ទទួល​សមិទ្ធផល​ថ្មី គឺ​ក្លឹ​ប​កីឡា​វាយ​សី ដែល​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​។ ឯកឧត្តម​បន្ត​ថា កីឡា​បាន​ក្លាយជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ត្រូវ​ជំរុញ​ឱ្យ​មាន​យកចិត្តទុកដាក់ ពីព្រោះ​ទេសចរណ៍​កីឡា គឺជា​ទីផ្សារ​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា ក៏​ដូច​ជា​ខេត្តសៀមរាប កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។

​លោក​ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធ​កីឡា​វាយ​សី​គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​វាយ​សី​ពានរង្វាន់​៧​មក​រា ឆ្នាំ​២០២២​នេះ​មានការ​ចូលរួម​ពី​សម្ព័​ន្វ​កីឡា​វាយ​សី​ចំនួន​១៨ និង​កីឡាករ កីឡា​ការី​ជិត​២០០​នាក់​មក​ពី​បណ្តា​រាជធានី​-​ខេត្ត ដោយ​ប្រកួត​លើ​៧​វិញ្ញាសា​។ ជា​លទ្ធផល គឺ​ម្ចាស់ផ្ទះ ក្លិប​កីឡា​វាយ​សី SBC ខេត្តសៀមរាប​ដណ្តើម​បាន​មេដាយមាស​ច្រើន​ជាងគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ